ប្រទេស​នៅ​អាស៊ី​ត្រូវ​កាត់បន្ថយ​ការពឹង​ផ្អែកលើ​វិស័យ​តែមួយ​ដោយ​ត្រូវធ្វើពិពិធ​កម្ម​សេដ្ឋកិច្ច​ខ្លួន

ចែករំលែក

ដោយ ប៊ី

ភ្នំពេញៈ ការកាត់បន្ថយ​ការពឹង​ផ្អែកលើ​វិស័យ​តែមួយ ដូចជា​វិស័យ​ទេសចរណ៍ នឹង​ជា​ផ្នែក​មួយ នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​របស់​អាស៊ី បន្ទាប់ពី​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន Fitch Solutions កាលពី​ថ្ងៃទី ២៦ ខែ ឧសភា។

របាយការណ៍​នេះ​បានឱ្យដឹងថា ដោយមាន​ការរីក​រាល​ដាល នៃ​ជំងឺ​រាតត្បាត​សកល ដែល​បានបង្ហាញ​ពី​ភាព​ងាយ​រងគ្រោះ​ដល់​សង្វាក់​ផ្គត់ផ្គង់ និង​សេដ្ឋកិច្ច ប្រទេស​នានា​នឹង​ព្យាយាម​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ទាំងនោះ តាមរយៈ​ការធ្វើ​ពិពិធ​កម្ម។

ទិដ្ឋភាព​មួយ​គឺ​វិស័យ​ទេសចរណ៍ ដែលជា​វិស័យ​សំខាន់​មួយ​នៅក្នុង​ប្រទេស​ថៃ កម្ពុជា និង​ហ្វីលីពីន ជាពិសេស​ដែល​វិស័យនេះ មាន​ចំនួន​ច្រើនជាង​មួយ​ភាគ​ប្រាំ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ជា​មធ្យម និង​ជាង៣០ភាគរយ​នៅក្នុង​ប្រទេស​កម្ពុជា។

បើទោះបីជា​ជំងឺ​នេះ​ត្រូវបាន​ស្ថិតនៅក្រោម​គ្រប់គ្រង វិស័យ​ទេសចរណ៍​ត្រូវបាន​រំពឹងថា នឹង​ចំណាយពេល​ជាច្រើន​ត្រីមាស ដើម្បី​ត្រលប់​ទៅរក​សភាព​ដើម​វិញ។ “ដូច្នេះ សេដ្ឋកិច្ច ដែល​ពឹងផ្អែក​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ ក្នុងការ​បង្កើត​ការងារ និង​ប្រាក់ចំណូល​នឹងត្រូវ​ទាមទារ​ជាបន្ទាន់ ដើម្បី​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​របស់​ពួកគេ” ។

របាយការណ៍​ដដែល​បាន​បន្តថា ខណៈដែល​ប្រទេស​កម្ពុជា និង​ហ្វីលីពីន​មិនទាន់បាន​ជំរុញ​ការ​ពិពិធ​កម្ម​ដ៏​ខ្លាំងខ្លា​នៅឡើយ ប្រទេស​ថៃ​កំពុងតែ​ឈានទៅ​មុខ ក្នុង​ការធ្វើ​ពិពិធ​កម្ម។

របាយការណ៍​បាន​កត់​ថា ការអភិវឌ្ឍន៍​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការផ្លាស់ប្តូរសំខាន់ៗ ដើម្បី​ទាក់ទាញ​ការវិនិយោគ​ផ្ទាល់ ពី​បរទេស​សម្រាប់​ឧស្សាហកម្ម ដូចជា​អេ​ឡិច​ត្រូ រថយន្ត និង​គីមី​ឥន្ធនៈ។

រោគរាតត្បាត​នេះ ក៏​ទំនងជា​បង្កើន​និន្នាការ ដែលមាន​ស្រាប់​នៃ​ការផ្លាស់ប្តូរ​ប្រតិបត្តិការ​ផលិតកម្ម​មួយចំនួន​ចេញពី​ប្រទេស​ចិន។ ការបិទ​ប្រទេស​ចិន​បាន​បង្អាក់​ដល់​ការផលិត​នៅ​ទូទាំង​តំបន់ ដែល​បង្ហាញ​ពី​គ្រោះថ្នាក់​នៃ​សង្វាក់​ផ្គត់ផ្គង់។

របាយការណ៍​ខាងលើ​បានឱ្យដឹងថា “យើង​រំពឹងថា នឹងមាន​ការជំរុញឱ្យ​មានការ​ជំរុញ​ឆ្ពោះទៅរក​គំរូ​មជ្ឈមណ្ឌល​ផលិតកម្ម “ចិន​បូក​មួយ” ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ជាពិសេស​សម្រាប់​ក្រុមហ៊ុន ផលិត​សម្រាប់​នាំចេញ​តម្លៃ​ទាប។ ដូច្នោះ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ក្នុង​តំបន់​នឹង​អភិវឌ្ឍ។

នេះ​ទំនងជា​បង្កើន​ថ្លៃដើម​ប្រតិបត្តិការ ប៉ុន្តែ​ក៏មាន​ន័យ ថា​ជា​ឱកាស​កំណើន​ជាក់លាក់​សម្រាប់​សេដ្ឋកិច្ច​អាស៊ី ដែល​កំពុង​រីកចម្រើន​ផងដែរ៕


ចែករំលែក