រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគតម្លៃ២៥២លានដុល្លារជាមួយគំរោងចំនួន ៥

ចែករំលែក

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រោយភាពស្ងប់ស្ងាត់នៃការរាតត្បាតជំងឺឆ្លង Covid-19 រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគលើគម្រោងចំនួន៥ផ្សេងគ្នា ដែលមានទុនសរុបជិត២៥២លានដុល្លារ ស្ថិតនៅតាមបណ្តាខេត្ត / ក្រុងចំនួន៥ផ្សេងគ្នា។


តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន៥ លើវិស័យឧស្សាហកម្មរោងចក្រ សហគ្រាស រោងចក្រផលិតសូឡា និងគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដែលក្នុងនោះមានឈ្មោះដូចខាងក្រោម

ក្រុមហ៊ុន POLY TIMPEX (CAMBODIA) ENTERPRISE CO., LTD គម្រោងបង្កើតរោងចក្រផលិតវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ២,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១០០កន្លែង។


ក្រុមហ៊ុន SURE FANCY LEATHER GOODS MANUFACTURER CO., LTDគម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤៣៣កន្លែង។


ក្រុមហ៊ុន CAM M J AGRICULTURAL CO., LTDគម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន .២១៦កន្លែង។


ក្រុមហ៊ុន HOUNEN SOLAR INC CO., LTD គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៩,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៥០កន្លែង។


ក្រុមហ៊ុន SPHP (CAMBODIA) CO., LTD គម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ អនុភាព៨០MW ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន២៣១,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៨១កន្លែង។



ចែករំលែក