រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគតម្លៃ២៥២លានដុល្លារជាមួយគំរោងចំនួន ៥

ចែករំលែក

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រោយភាពស្ងប់ស្ងាត់នៃការរាតត្បាតជំងឺឆ្លង Covid-19 រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគលើគម្រោងចំនួន៥ផ្សេងគ្នា ដែលមានទុនសរុបជិត២៥២លានដុល្លារ ស្ថិតនៅតាមបណ្តាខេត្ត / ក្រុងចំនួន៥ផ្សេងគ្នា។


តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន៥ លើវិស័យឧស្សាហកម្មរោងចក្រ សហគ្រាស រោងចក្រផលិតសូឡា និងគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដែលក្នុងនោះមានឈ្មោះដូចខាងក្រោម ៖

១– ក្រុមហ៊ុន POLY TIMPEX (CAMBODIA) ENTERPRISE CO., LTD គម្រោងបង្កើតរោងចក្រផលិតវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ២,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១០០កន្លែង។


២– ក្រុមហ៊ុន SURE FANCY LEATHER GOODS MANUFACTURER CO., LTDគម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤៣៣កន្លែង។


៣– ក្រុមហ៊ុន CAM M J AGRICULTURAL CO., LTDគម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២១៦កន្លែង។


៤– ក្រុមហ៊ុន HOUNEN SOLAR INC CO., LTD គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៩,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៥០កន្លែង។


៥– ក្រុមហ៊ុន SPHP (CAMBODIA) CO., LTD គម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ អនុភាព៨០MW ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន២៣១,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៨១កន្លែង។



ចែករំលែក