តើ​អចលនទ្រព្យ​ប្រភេទ​ណាខ្លះ ដែល​អ្នក​គួរ​ទិញ​ក្នុងពេល​បច្ចុប្បន្ន

0

ដោយ ហ្សូ​លី

ភ្នំពេញៈ  ប្រទេស​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​ឧស្សាហកម្ម វិស័យ​កសិកម្ម ក្នុងនោះ​មាន​វិស័យ​អចលនទ្រព្យ ដែលជា​វិស័យ​ឈានមុខ​គេ និង​មាន​ភាព​លេចធ្លោ។

បច្ចុប្បន្ន​ដោយសារ​កំណើន​ប្រជាជន​ក្នុងស្រុក និង​ការចូល​មកដល់​របស់​វិនិយោគិន​មកពី​ប្រទេស​នានា​បាន​បណ្តាលឱ្យមាន​តម្រូវការ​ច្រើន។ មាន​អចលនវត្ថុ៣ប្រភេទ មាន​សភាព​រីកដុះដាល​ជាងគេ​នៅក្នុង​កម្ពុជា ហើយក៏​ជា​ឱកាស​មួយ​ក្នុង​ការប្រមូលទិញ​ផងដែរ។

បុរី​លំនៅដ្ឋាន

វិនិយោគិន​សម្លឹង​ឃើញ ពី​សក្តានុពល​របស់​ប្រទេស​កម្ពុជា រួមទាំង​របៀបរបប​នៃ​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា ហេតុនេះ​ទើប​បណ្តាលឱ្យមាន​ការអភិវឌ្ឍ ជា​ហូរហែ​លើ​វិស័យ​បុរី​លំនៅដ្ឋាន។ មិន​ថា​ជាយក្រុង​ឬ​នៅក្នុង​ក្រុង​នោះទេ សុទ្ធសឹងតែ​ជា​ឱកាស​មួយ​ដ៏​ល្អ​ក្នុងការ​វិនិយោគ​យកចំនេញ នាពេល​អនាគត ឬ​ជាវ​សម្រាប់​រស់នៅ​ក៏ដោយ។

ជាក់ស្តែង​អ្នកជំនាញ​អចលនទ្រព្យ និង​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភា្ន​ក់​ងារ​អចលវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម ធ្លាប់បាន​មានប្រសាសន៍ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​បាន និង​កំពុង​រុញច្រាន​ដល់​ការផ្គត់ផ្គង់​លំនៅឋាន នៅក្នុង​ទីក្រុង​ភ្នំពេញ ហើយ​កំណើន​នេះ នៅតែ​បន្ត​រីកចំរើន​បន្ថែមទៀត និង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​បំរើ​ដល់ ការផ្គត់ផ្គង់ និង​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​ប្រកបដោយ​ចីរភាព។

ខុន​ដូ

ខុន​ដូ​បានចាប់ផ្តើម​មាន​ប្រជាប្រិយភាព ស្រប​ពេលដែល​ប្រជាជន​កម្ពុជា​បាន​ផ្លាស់ប្តូរ​ការរស់នៅ​តាម​បែប​បរទេស និង​បត់បែន​ទៅតាម​រស​និយម។ ការរស់នៅ​តាម​ខុន​ដូ​មាន​ភាពទាន់សម័យ​និង​ទំនើប ដែល​ភាគច្រើន​ខុន​ដូ​ទាំងនោះ មាន​ទីតាំង​ស្ថិតនៅ​ចំ​តំបន់​មាន​សក្តានុពល​ច្រើន និង​ផ្តល់​ភាពងាយស្រួល​សម្រាប់​អ្នករស់នៅ។

របាយការណ៍​ស្រាវជ្រាវ របស់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ CBRE Cambodia កាលពី​កន្លងទៅនេះ​បាន​បង្ហាញថា នៅ​ទូទាំង​រាជធានី​ភ្នំពេញ មាន​គម្រោង​ខុន​ដូ​ចំនួន៥ ស្មើនឹង២៨៤៣យូ​នី​ត បាន​ចូលទៅក្នុង​ទីផ្សារ​ក្នុង​ត្រីមាស​ទី១នៃ ឆ្នាំនេះ ដែល​បានធ្វើឱ្យ​ខុន​ដូ មាន​កំនើន​រហូតដល់២០,៨៥១យូ​នី​ត​ក្នុង​ទីផ្សារ​ទាំងមូល។ ទន្ទឹមនឹង​នេះដែរ ម្ចាស់​អចលនវត្ថុ អាចមាន​ឱកាស​ច្រើន​ដូចជា​ផ្តល់​ជួល​ជាដើម។

តាម​របាយការណ៍​ដដែល​បានឱ្យ​ឃើញថា ការជួល​ប្រចាំខែ​ជា​មធ្យម ក្នុង​មួយ​ម៉ែត្រការ៉េ​សម្រាប់​យូ​នី​ត ដែលមាន​តម្លៃ​ខ្ពស់​គឺ១៤,២១ដុល្លារ និង១១,៧៩ដុល្លារ សម្រាប់​យូ​នី​ត​ខ្នាត​មធ្យម។

ដីធ្លី

ថ្វីត្បិតតែ​ជួប​ភាពរអាក់រអួល​បន្តិច ប៉ុន្តែ​វិស័យ​ដីធ្លី​នៅតែ​បន្ត​កម្រើក​ទៅមុខ​ជានិច្ច។ អ្នកជំនាញ​អចលនទ្រព្យ​ដីធ្លី ធ្លាប់បាន​លើកឡើង​ជាច្រើន​លើក​ច្រើនសារ​រួចមកហើយ ថា​ការវិនិយោគ​លើ​វិស័យ​ដិ​ធ្លី ផ្តល់​ផលចំណេញ​ច្រើន​ដល់​អ្នកទិញ។

លោក​ឧកញ៉ា តេង ឬ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន R Investment Group ធា្ល​ប់​បាន​លើកឡើងថា អ្នកវិនិយោគ​ដីធ្លី​មាន​ច្រើន​ប្រភេទ ទី១ អ្នកវិនិយោគ​អចលនទ្រព្យ​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍​ដូចជា ការអភិវឌ្ឍ​ទៅជា​លំនៅឋាន​លំហែកាយ សណ្ឋាគារ និង​រមណីយដ្ឋានផ្សេង។ ទី ២ គឺ​អ្នក​ដែល​ស្វែងរក​ទិញ​ដីធ្លី ទុក​វិនិយោគ​បន្ត​យកចំណេញ ឬក៏​ពុះ​ដី​ឡូ​តិ៍លក់​ជាដើម។

ក្រៅពី​ការបង្កើត​ប្រភេទ​អចលនទ្រព្យ ដូច​បាន​រៀបរាប់​ខាងលើ អ្នកជំនាញ​មួយរូប​ក៏បាន​រៀបរាប់ថា ដីធ្លី​ក៏​អាច​ផ្តល់ឱកាស​ទៅជា​ការសាងសង់​ឃ្លាំង រោងចក្រ សហគ្រាស ផ្សេងៗដើម្បី​បម្រើ​លើ​វិស័យ​ឧស្សាហកម្ម​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here