ដោយ វុត្ថា
ព្រះសីហនុៈ គម្រោងអភិវឌ្ឍន៍រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម មានអនុភាព ២x៣៥០មេហ្គាវ៉ាត់ នៅឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នឹងត្រូវបញ្ចប់សាងសង់នៅចុងឆ្នាំ២០២២ខាងមុខ ខណៈក្រុមហ៊ុនបានចាប់ផ្តើមសាងសង់ឡើងវិញ ក្រោយផ្អាកក្នុងរយៈពេលខ្លីដោយសារបញ្ហាជំងឺ Covid-19 ។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ឱ្យដឹងនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០នេះថា តាមតំណាងក្រុមហ៊ុន ខេមបូឌា អ៉ិនធើណេស្យូណល អ៉ិនវេសមែន ឌីវេឡុបមែនគ្រុបបានឱ្យដឹងថា ក្រុមហ៊ុនទទួលសិទ្ធិសាងសង់ គម្រោងអភិវឌ្ឍន៍រោងចក្រផលិតអគ្គិសនី ដុតធ្យូងថ្មមានអនុភាព២x៣៥០មេហ្គាវ៉ាត់ នៅឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយគម្រោងសាងសង់នេះ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខ។
លោកបន្តថា បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល នៅខែឧសភា ឆ្នាំ២០១៨ ក្រុមហ៊ុនបានបើកការដ្ឋានជាផ្លូវការឆ្នាំ២០១៩ ដោយសារតែការផ្ទុះឡើងនៃជំងឺ Covid-១៩ គួបផ្សំនឹងការខ្វះខាតអគ្គិសនី កាលពីរដូវប្រាំងឆ្នាំកន្លងមក ទើបរាជរដ្ឋាភិបាលបានផ្លាស់ប្តូរពេលវេលា។
លោកបន្ថែមថា “ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ក្រុមហ៊ុន ខេមបូឌា អ៉ិនធើណេស្យូណល អ៉ិនវេសមែន ឌីវេឡុបមែនគ្រុប ដែលបានមកអភិវឌ្ឍន៍រោងចក្រផលិតអគ្គិសនី ដុតធ្យូងថ្ម ដែលមានអនុភាព ២x៣៥០មេហ្គាវ៉ាត់ ហើយរដ្ឋបាលខេត្ត នឹងចូលរួមសហការ ដើម្បីឱ្យក្រុមហ៊ុនមានលទ្ធភាពក្នុងការសាងសង់ស្ពានជញ្ជូនធ្យូងថ្ម និងឈានទៅសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម នៅស្រុកស្ទឹងហាវប្រកបដោយរលូន” ។
លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជាធ្លាប់បានឱ្យដឹងថា រោងចក្រផលិតថាមពលអគ្គិសនីដើរដុតធ្យូងថ្មនេះ នឹងត្រូវបានសាងសង់ឡើង ក្នុងគម្រោងទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារអាមេរិក ដែលអាចបញ្ចេញថាមពល ផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជានៅដើមឆ្នាំ២០២៣ ។
លោកបន្តថា រោងចក្រផលិតថាមពលអគ្គិសនីនេះ ត្រូវបានរំពឹងថាជាផ្នែកមួយដ៏សំខាន់ ក្នុងការផ្គត់ផ្គង់អគ្គិសនីនៅប្រទេសកម្ពុជានារដូវប្រាំង និងចូលរួមចំណែកកាត់បន្ថយតម្លៃអគ្គិសនីនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា។ ព្រមជាមួយគ្នានេះ ការវិយោគរួមគ្នារវាងក្រុមហ៊ុនដ៏ធំរបស់កម្ពុជា និងចិន នៅពេលនេះក៏ជាការបង្ហាញអំពីកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងប្រទេសកម្ពុជា និងចិនផងដែរ។
រោងចក្រផលិតថាមពលអគ្គិសនីដុត ធ្យូងថ្ម ដែលមានអានុភាពផលិតថាមពល២x៣៥០មេហ្គាវ៉ាត់ (សរុប៧០០មេហ្គាវ៉ាត់) ត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ខេមបូឌា អ៊ិនធើណេស្យូណល អ៊ិនវេស្តមែន ឌីវើឡុបមែន គ្រុប ដែលហៅកាត់ថា (CIIDG) របស់កម្ពុជា ជាម្ចាស់គម្រោង និងក្រុមហ៊ុន CHINA HUADIAN HONGKONG COMPANY LIMITED ហៅកាត់ថា (CHDHK) របស់ចិន ជាដៃគូអនុវត្តគម្រោង៕






