រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​អនុភាព ២x៣៥០មេ​ហ្គា​វ៉ា​ត់​នឹង​បញ្ចប់សាងសង់​នៅក្នុង​ឆ្នាំ២០២២

ចែករំលែក

ដោយ ​វុត្ថា

ព្រះសីហនុៈ គម្រោង​អភិវឌ្ឍន៍​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម មាន​អនុភាព ២x៣៥០មេ​ហ្គា​វ៉ា​ត់ នៅ​ឃុំ​កំ​ពេញ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ នឹងត្រូវ​បញ្ចប់​សាងសង់​នៅ​ចុងឆ្នាំ២០២២ខាងមុខ ខណៈ​ក្រុមហ៊ុន​បានចាប់ផ្តើម​សាងសង់​ឡើងវិញ ក្រោយ​ផ្អាក​ក្នុង​រយៈពេល​ខ្លី​ដោយសារ​បញ្ហា​ជំងឺ Covid-19 ។

លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ ឱ្យដឹង​នៅ​ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០នេះ​ថា តាម​តំណាង​ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៉ិ​ន​ធើ​ណេ​ស្យូ​ណ​ល អ៉ិ​ន​វេស​មែន ឌី​វេឡុ​ប​មែន​គ្រុប​បានឱ្យដឹងថា ក្រុមហ៊ុន​ទទួល​សិទ្ធិ​សាងសង់ គម្រោង​អភិវឌ្ឍន៍​រោងចក្រ​ផលិត​អគ្គិសនី ដុត​ធ្យូងថ្ម​មាន​អនុភាព​២x៣៥០មេ​ហ្គា​វ៉ា​ត់ នៅ​ឃុំ​កំ​ពេញ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ហើយ​គម្រោង​សាងសង់​នេះ នឹងត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ២០២២ខាងមុខ។

លោក​បន្តថា  បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល នៅ​ខែឧសភា ឆ្នាំ២០១៨ ក្រុមហ៊ុន​បាន​បើក​ការដ្ឋាន​ជា​ផ្លូវការ​ឆ្នាំ២០១៩ ដោយសារតែ​ការផ្ទុះ​ឡើង​នៃ​ជំងឺ Covid-១៩ គួបផ្សំ​នឹង​ការខ្វះខាត​អគ្គិសនី កាលពី​រដូវប្រាំង​ឆ្នាំកន្លងមក ទើប​រាជរដ្ឋាភិបាល​បាន​ផ្លាស់ប្តូរ​ពេលវេលា។

លោក​បន្ថែមថា “ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ស្វាគមន៍​ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៉ិ​ន​ធើ​ណេ​ស្យូ​ណ​ល អ៉ិ​ន​វេស​មែន ឌី​វេឡុ​ប​មែន​គ្រុប ដែល​បានមក​អភិវឌ្ឍន៍​រោងចក្រ​ផលិត​អគ្គិសនី ដុត​ធ្យូងថ្ម ដែលមាន​អនុភាព ២x៣៥០មេ​ហ្គា​វ៉ា​ត់ ហើយ​រដ្ឋបាលខេត្ត នឹងចូលរួម​សហការ ដើម្បីឱ្យ​ក្រុមហ៊ុន​មានលទ្ធភាព​ក្នុងការ​សាងសង់​ស្ពាន​ជញ្ជូន​ធ្យូងថ្ម និង​ឈានទៅ​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម នៅ​ស្រុក​ស្ទឹងហាវ​ប្រកបដោយ​រលូន” ។

លោក កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា​ធ្លាប់បាន​ឱ្យដឹងថា រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដុត​ធ្យូងថ្ម​នេះ នឹង​ត្រូវបាន​សាងសង់ឡើង ក្នុង​គម្រោង​ទឹកប្រាក់​ប្រមាណ១ពាន់​លាន​ដុល្លារ​អាមេរិក ដែល​អាច​បញ្ចេញ​ថាមពល ផ្គត់ផ្គង់​អគ្គិសនី​នៅ​កម្ពុជា​នៅ​ដើមឆ្នាំ២០២៣ ។

លោក​បន្តថា  រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​នេះ ត្រូវបាន​រំពឹងថា​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ប្រទេស​កម្ពុ​ជានា​រដូវប្រាំង និង​ចូលរួមចំណែក​កាត់បន្ថយ​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា ដើម្បី​រួមចំណែក​ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ចកម្ពុជា។ ព្រម​ជាមួយគ្នានេះ ការ​វិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ដ៏​ធំ​របស់​កម្ពុជា និង​ចិន នៅពេលនេះ​ក៏​ជាការ​បង្ហាញ​អំពី​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ រវាង​ប្រទេស​កម្ពុជា និង​ចិន​ផងដែរ។

រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដុត ធ្យូងថ្ម ដែលមាន​អានុភាព​ផលិត​ថាមពល​២x៣៥០មេ​ហ្គា​វ៉ា​ត់ (សរុប៧០០មេ​ហ្គា​វ៉ា​ត់) ត្រូវបាន​បង្កើតឡើង​ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៊ិន​ធើ​ណេ​ស្យូ​ណ​ល អ៊ិន​វេ​ស្ត​មែន ឌី​វើ​ឡុ​ប​មែន គ្រុប ដែល​ហៅ​កាត់​ថា (CIIDG) របស់​កម្ពុជា ជា​ម្ចាស់​គម្រោង និង​ក្រុមហ៊ុន CHINA HUADIAN HONGKONG COMPANY LIMITED ហៅ​កាត់​ថា (CHDHK) របស់​ចិន ជា​ដៃគូ​អនុវត្ត​គម្រោង៕


ចែករំលែក