តើតំបន់អរិយក្សត្រមានការប្រែប្រួលដូចម្ដេចក្នុងកំឡុងវិបត្តិសេដ្ឋកិច្ចសាកលនៅពេលបច្ចុប្បន្ន?

0

ដោយ ៖ រ៉ាណេត 

ភ្នំពេញ ៖ ស្រដៀងគ្នាទៅនឹងតំបន់ជាយក្រុងនានាដែលនៅតែបន្តមានសកម្មភាពទិញ-លក់ដីធ្លីនៅលើទីផ្សារធម្មតា សម្រាប់តំបន់ត្រើយម្ខាងនៃអរិយក្សត្រត្រូវបានអ្នកជំនាញនៅក្នុងវិស័យនេះអះអាងថាមិនមានការធ្លាក់ចុះនោះទេ ខណៈគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានមួយចំនួននៅតែបន្តសាងសង់។ 

នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះថា ទោះជាស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិជំងឺ Covid-19 ដែលកំពុងប្រឈមនៅពេលបច្ចុប្បន្ននេះក្ដី ប៉ុន្តែសម្រាប់ចរន្តទីផ្សារនៃការលក់ដីធ្លី នៅតំបន់ស្វាយជ្រុំ និងអរិយក្សត្រ នៅតែបន្តមានសកម្មភាពធម្មតាមិនមានការប្រែប្រួល ឬធ្លាក់ចុះស្ងប់ស្ងាត់នោះទេ។ 

លោកស្រី តាំង ហួរ បានមានប្រសាសន៍ថា “មិនថាពីមុន ឬពេលនេះទេ ការទិញ-លក់ ដីធ្លីនៅតំបន់នេះនៅតែមាន ជាពិសេសសម្រាប់អ្នករកស៊ីនៅក្នុងវិស័យនេះនៅតែព្យាយាមស្វែងរកដីដែលមានទីតាំងល្អដែលសមស្របទៅនឹងគម្រោងអភិវឌ្ឍន៍របស់ពួកគេ ប៉ុន្តែបញ្ហាត្រង់ថា ការចរចាតម្លៃមិនត្រូវគ្នាតែប៉ុណ្ណោះ”។ លោកស្រីបន្តថា “អ្នកនិយាយថាទីផ្សារដីធ្លីនៅអរិយក្សត្រគាំង គឺចេះតែថាតាមគ្នាតែប៉ុណ្ណោះ ប៉ុន្តែភាពជាក់ស្ដែងទីផ្សារនៃការទិញ-លក់នៅតែមានធម្មតា ហើយតម្លៃក៏នៅតែថ្លៃមិនការធ្លាក់ចុះនោះទេ លើកលែងតែម្ចាស់ដីមួយចំនួនតូចដែលគាត់មានបញ្ហាថវិកាចាំបាច់ដែលត្រូវបង្ខំចិត្តលក់ក្នុងតម្លៃទាបជាងទីផ្សារ តែក៏មិនចុះច្រើនដែរ គឺក្នុងរង្វង់ប្រមាណ១៥-២០ភាគរយនៃតម្លៃទីផ្សារប៉ុណ្ណោះ”។

ស្រដៀងគ្នានឹងការលើកឡើងខាងលើនេះ លោក ចក់ ស៊ីណាត អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Kraty Realty Co,.Ltd បានមានប្រសាសន៍ថា “បើមើលតាមភាពជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ នៅតំបន់អារិយក្សត្រ និងតំបន់ស្វាយជ្រុំ ហាក់មិនមានសកម្មភាពពុះខ្លាំងដូចកាលពីជាងមួយឆ្នាំ មុននោះទេ ជាពិសេសក្រោយពេលដែលប្រមុខរដ្ឋាភិបាលប្រកាសពីគម្រោងសាងសង់ស្ពាន និងគម្រោងអភិវឌ្ឍន៍ជាក្រុងរណបនោះទេ ដែលជាធម្មតានៅពេលដែលមានគម្រោងអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទីនោះតែងមានភាពពុះកញ្ច្រោល។

លោក ចក់ ស៊ីណាត បានមានប្រសាសន៍បន្តថា “ទោះជាមិនមានភាពពុះកញ្ជ្រោលខ្លាំង ប៉ុន្តែការទិញ-ការទិញលក់ដីធ្លីនៅតំបន់ខាងលើនេះ នៅតែបន្តមាន គ្រាន់តែតម្លៃមិនថ្លៃខ្លាំងនោះទេ។ បច្ចុប្បន្ននេះ តម្លៃដីគឺមិនមានភាពស្មើគ្នានោះទេ ដែលវាអាស្រ័យទៅតាមទីកន្លែង ស្ថានភាពដី និងទំហំ ហើយតម្លៃនឹងនៅតែបន្តឡើងថ្លៃសម្រាប់ថ្ងៃអនាគត ខណៈដែលមានមនុស្សកាន់តែច្រើនចូលទៅរស់នៅ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here