ដោយ ៖ វុត្ថា
ភ្នំពេញ ៖ កម្ពុជាបាននឹងកំពុងប្រែក្លាយដីកសិកម្ម និងទីតាំងសម្បូរទៅដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាច្រើនតោននៅក្នុងទឹកដីខេត្តកណ្តាល និងតាកែវ ឱ្យទៅជាព្រលានយន្តហោះខ្នាតអន្តរជាតិលំដាប់ទី៩ នៅលើពិភពលោក ខណៈបច្ចុប្បន្នក្រុមការងារសាងសង់របស់ក្រុមហ៊ុន OCIC បាននឹងកំពុងសាងសង់យ៉ាងសកម្ម។

-->
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានឱ្យដឹងកាលពីសប្តាហ៍មុននេះថា វាជាភព្វសំណាងរបស់ខេត្តកណ្តាលដែលប្រមុខនៃរាជរដ្ឋាភិបាលបានជ្រើសរើស និងប្រែក្លាយដីសម្បូរគ្រាប់មីន និងដីកសកម្ម ដើម្បីអភិវឌ្ឍន៍ទៅជាព្រលានយន្តហោះខ្នាតអន្តរជាតិ ដែលធ្វើឱ្យខេត្តមួយនេះកាន់តែទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យចូលមកបណ្តាក់ទុនវវិនិយោគនៅក្នុងខេត្តកាន់តែច្រើន។
លោកបន្តថា “ទឹកដីដែលត្រូវសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ សម្បូរទៅដោយគ្រាប់មីន គ្រាប់បែក និងគ្រាប់មិនទាន់ផ្ទុះផ្សេងៗដែលបានទម្លាក់ពីយន្តហោះ និងបន្សល់ទុកពីសម័យសង្គ្រាមរាប់រយឆ្នាំកន្លងមកនេះ ហើយត្រូវបានក្រុមអ្នករាវមីនរបស់អង្គភាពស៊ីម៉ាក់យកចេញមុននឹងធ្វើការអភិវឌ្ឍទៅជាព្រលានយន្តហោះថ្មីនេះ។
លោកបន្តថា ជាមួយគ្នានេះ ទីតាំងដែលត្រូវអភិវឌ្ឍន៍ព្រលានយន្តហោះនេះផងដែរ ក៏ជាដីកសិកម្មរបស់ប្រជាពលរដ្ឋ ដីរបស់ក្រុមហ៊ុន ព្រមទាំងដីរបស់រដ្ឋ ដែលរដ្ឋាភិបាលបានដោះស្រាយគោលនយោបាយជូនគាត់ជាបន្តបន្ទាប់ ដោយឈរលើភាពទន់ភ្លន់ និងម៉ឺងម៉ាត់ ហើយអ្វីៗនឹងសម្រេចទៅតាមផែនការ។ ព្រលានយន្តអន្តរជាតិថ្មីនេះ បានធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងស្រុកកណ្តាលស្ទឹង ស្រុកស្អាង និងតាខ្មៅសប្បាយរីករាយ ហើយក៏ជាចំណងដៃដ៏ធំរបស់ខេត្តកណ្តាល និងជាគម្រោងវិនិយោគដ៏ធំលំដាប់ទី១ របស់ខេត្តកណ្តាលផងដែរ ក្នុងចំណោមគម្រោងវិនិយោគជាច្រើនផ្សេងទៀត។

លោកបន្តថា ក្នុងរយៈពេលកន្លងមកនេះ មានអ្នកវិនិយោគលើវិស័យអចលនទ្រព្យ ទេសចរណ៍ សណ្ឋាគារ និងសេវកម្មផ្សេងៗ បានចាប់អារម្មណ៍លើព្រលានយន្តអន្តរជាតិថ្មីនេះ ខណៈខេត្តមានសក្តានុពលខ្ពស់លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងមានហេដ្ឋារចនាសម្ព័ន្ធច្រកចេញចូលយ៉ាងល្អប្រសើរដែលជួយក្នុងការដឹកទំនិញបានលឿន និងទាន់ចិត្តកាត់បន្ថយពេលវេលា។

គម្រោងព្រលានយន្តហោះអន្តរជាតិថ្មីនេះ ត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ ២៦០០ ហិកតា ស្ថិតនៅខេត្តកណ្តាល និងតាកែវ ដោយក្នុងនោះទំហំដីនៅខេត្តកណ្ដាលមាន ២២២៧ ក្បាលដី ស្មើនឹង ២៤៤១ ហិកតា និងខេត្តតាកែវ ៣៦០ ក្បាលដី ស្មើនឹងប្រមាណ ១៥៨ ហិកតា។ ព្រលានយន្តហោះភ្នំពេញថ្មីនេះ មានទុនវិនយោគ ១៥០០ លានដុល្លារ ជាការវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ដោយដំណាក់កាលទីមួយ នឹងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២។ ជាមួយគ្នានេះ រដ្ឋាភិបាលបានដោះស្រាយបញ្ហាសំណង់មិនរៀបរយជាមួយប្រជាពលរដ្ឋនៅក្នុងដីព្រលានយន្តហោះថ្មីនេះ សរុប ១៧៦ គ្រួសារ ក្នុងនោះ ១១គ្រួសារទទួលប្រាក់គោលនយោបាយ ២០០០ដុល្លារ ក្នុង១គ្រួសារ និង១៦៥ គ្រួសារទៀត ទទួលយកការដោះដូរដីទៅកន្លែងផ្សេងសម្រាប់សង់លំនៅដ្ឋានរស់នៅ៕