ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ លោកបណ្ឌិត ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកវិភាគសេដ្ឋកិច្ច បង្ហាញការគាំទ្រចំពោះការជំនួសក្រដាសប្រាក់ដុល្លារតម្លៃទាបៗ $1 $2 និង $5 ដោយក្រដាសប្រាក់រៀលវិញ។

ពាក់ព័ន្ធទៅនឹងកិច្ចប្រជុំដែលផ្តើមគំនិតដោយធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅថ្មីៗ ទៅលើការផ្អាកទទួលយកប្រាក់បញ្ញើនូវក្រដាសប្រាក់ ១-២-៥ ដុល្លារ ដើម្បីជំរុញ និងលើកកម្ពស់តម្លៃប្រាក់រៀល បានធ្វើឱ្យបណ្តាធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលតំណាងដោយប្រធានសមាគម CMA រួមជាមួយនឹងអ្នកវិភាគសេដ្ឋកិច្ចមួយចំនួន បង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង ។
លោកបណ្ឌិត ចាន់ សុផល បានបញ្ចេញទស្សនៈលើគណនីហ្វេសប៊ុករបស់ខ្លួនៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា “ខ្ញុំគាំទ្រការជំនួសក្រដាសប្រាក់ដុល្លារតម្លៃទាបៗទាំងនេះ ដោយក្រដាសប្រាក់រៀល។ ការធ្វើដូចនេះ នាំឱ្យកម្ពុជាចំណេញបានពីការបោះពុម្ពក្រដាសប្រាក់ថ្មី យកមកជំនួសពួកវា។ ជាទូទៅ ប្រទេសណាបោះពុម្ពរូបិយប័ណ្ណបានប្រទេសនោះចំណេញច្រើន។ ឧទាហរណ៍ ប្រទេសអាមេរិកចំណាយតែ២សេន ប៉ុណ្ណោះ សម្រាប់ការបោះពុម្ពក្រដាសប្រាក់១០០ដុល្លារ” ។
លោក ចាន់ សុផល បានពន្យល់ថា “បើតាមខ្ញុំយល់ គេអាចឱ្យអ្នកមានក្រដាសប្រាក់ទាំងនេះដូរតាមកន្លែងប្តូរប្រាក់យកប្រាក់រៀល ហើយឱ្យចំណេញ១០ភាគរយ ថែមទៀតដើម្បីប្រមូលឆាប់បានអស់ពីទីផ្សារ។ ការបោះពុម្ពក្រដាសប្រាក់រៀលជំនួសពួកវា ទំនងជាចំណេញច្រើនជាង ១០ភាគរយឆ្ងាយណាស់។ គេអាចអនុវត្តកម្មវិធីនេះរយ:ពេលពីរ ឬបីខែ ដោយមិនអនុញ្ញាតឱ្យមានការនាំចូលក្រដាសប្រាក់តម្លៃទាបៗនេះតទៅទៀតពីបរទេស។ បន្ទាប់ពីនេះ គេអាចដូរបានតាមកន្លែងប្តូរប្រាក់ និងតាមធនាគារជាតិជាចុងក្រោយ ដោយកាត់តម្លៃ ១០ភាគរយទៅវិញ” ។

ជាមួយគ្នានេះ លោក ង៉ែត ជូ ក៏បានបង្ហាញពីការគាំទ្រទៅនឹងគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលថា “ខ្ញុំគាំទ្រសេចក្តីសំរេចឈប់ចាយក្រដាសប្រាក់ដុល្លារតូចៗព្រោះយើងអាចជំនួសដោយចាយប្រាក់រៀលបានយ៉ាងងាយ និងជាវិធីសាស្ត្រជំហានៗឈានទៅរកការកាត់បន្ថយការប្រើប្រាក់ដុល្លារក្នុងសេដ្ឋកិច្ចកម្ពុជា” ។

លោកបានបញ្ជាក់ថា “ចាប់ពីថ្ងៃនេះ បើមានក្រដាសប្រាក់ ១ – ២ ឬ ៥ ដុល្លារ អាចយកទៅបង់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលលោកអ្នកជំពាក់។ នេះជាពេលវេលាដ៏មមាញឹកដែលគ្រឹះស្ថានទាំងនោះត្រូវទទួលយកក្រដាសប្រាក់ដុល្លារតូច” ៕






