អ្នកវិភាគ​សេដ្ឋកិច្ច​គាំទ្រ​ការផ្លាស់ប្ដូរ ១-២-៥ ដុល្លារ ហើយ​ជំនួស​ដោយ​ប្រាក់រៀល​វិញ

ចែករំលែក

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ លោក​បណ្ឌិត ចាន់ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ និង​ជា​អ្នកវិភាគ​សេដ្ឋកិច្ច បង្ហាញ​ការគាំទ្រ​ចំពោះ​ការជំនួស​ក្រដាសប្រាក់​ដុល្លារ​តម្លៃទាបៗ $1 $2 និង $5 ដោយ​ក្រដាស​ប្រាក់រៀល​វិញ។

ពាក់ព័ន្ធ​ទៅនឹង​កិច្ចប្រជុំ​ដែល​ផ្តើមគំនិត​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា  កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅថ្មីៗ ទៅលើ​ការផ្អាក​ទទួលយក​ប្រាក់​បញ្ញើ​នូវ​ក្រដាសប្រាក់ ១-២-៥ ដុល្លារ ដើម្បី​ជំរុញ និង​លើកកម្ពស់​តម្លៃ​ប្រាក់រៀល បានធ្វើឱ្យ​បណ្តា​ធនាគារពាណិជ្ជ ធនាគារ​ឯកទេស គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​តំណាង​ដោយ​ប្រធាន​សមាគម  CMA រួម​ជាមួយនឹង​អ្នកវិភាគ​សេដ្ឋកិច្ច​មួយចំនួន បង្ហាញ​ពី​ការគាំទ្រ​យ៉ាង​ពេញទំហឹង ។

លោក​បណ្ឌិត ចាន់ សុផល បាន​បញ្ចេញ​ទស្សនៈ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ថា “ខ្ញុំ​គាំទ្រ​ការជំនួស​ក្រដាសប្រាក់​ដុល្លារ​តម្លៃទាបៗទាំងនេះ ដោយ​ក្រដាស​ប្រាក់រៀល។ ការធ្វើ​ដូចនេះ នាំឱ្យ​កម្ពុជា​ចំណេញ​បាន​ពី​ការបោះពុម្ព​ក្រដាសប្រាក់​ថ្មី យកមក​ជំនួស​ពួកវា។ ជាទូទៅ ប្រទេស​ណា​បោះពុម្ព​រូបិយប័ណ្ណ​បាន​ប្រទេស​នោះ​ចំណេញ​ច្រើន។ ឧទាហរណ៍ ប្រទេស​អាមេរិក​ចំណាយ​តែ២សេន ប៉ុណ្ណោះ សម្រាប់​ការបោះពុម្ព​ក្រដាសប្រាក់១០០ដុល្លារ” ។

លោក ចាន់ សុផល បាន​ពន្យល់ថា  “បើតាម​ខ្ញុំ​យល់ គេ​អាចឱ្យ​អ្នកមាន​ក្រដាសប្រាក់​ទាំងនេះ​ដូរ​តាម​កន្លែង​ប្តូរប្រាក់​យកប្រាក់​រៀល ហើយ​ឱ្យ​ចំណេញ១០ភាគរយ ថែមទៀត​ដើម្បី​ប្រមូល​ឆាប់​បាន​អស់ពី​ទីផ្សារ។ ការបោះពុម្ព​ក្រដាស​ប្រាក់រៀល​ជំនួស​ពួកវា ទំនងជា​ចំណេញ​ច្រើនជាង ១០ភាគរយ​ឆ្ងាយ​ណាស់។ គេ​អាចអនុវត្ត​កម្មវិធី​នេះ​រយ:ពេល​ពីរ ឬ​បី​ខែ ដោយ​មិន​អនុញ្ញាតឱ្យ​មានការ​នាំចូល​ក្រដាសប្រាក់​តម្លៃទាបៗនេះ​តទៅទៀត​ពី​បរទេស។ បន្ទាប់​ពីនេះ គេ​អាច​ដូរ​បាន​តាម​កន្លែង​ប្តូរប្រាក់ និង​តាម​ធនាគារជាតិ​ជា​ចុងក្រោយ ដោយ​កាត់​តម្លៃ ១០ភាគរយ​ទៅវិញ” ។

ជាមួយគ្នានេះ លោក ង៉ែត ជូ ក៏បាន​បង្ហាញ​ពី​ការគាំទ្រ​ទៅនឹង​គំនិត​ផ្តួចផ្តើម​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងការ​លើកកម្ពស់​កា​រ​ប្រើប្រាស់​ប្រាក់រៀល​ថា “ខ្ញុំ​គាំទ្រ​សេចក្តីសំរេច​ឈប់​ចាយ​ក្រដាសប្រាក់​ដុល្លារតូចៗព្រោះ​យើង​អាច​ជំនួស​ដោយ​ចាយប្រាក់​រៀល​បាន​យ៉ាង​ងាយ និង​ជា​វិធីសាស្ត្រជំហានៗឈានទៅរក​ការកាត់បន្ថយ​ការប្រើ​ប្រាក់​ដុល្លារ​ក្នុង​សេដ្ឋកិច្ចកម្ពុជា” ។

លោក​បាន​បញ្ជាក់ថា “ចាប់ពី​ថ្ងៃនេះ បើ​មាន​ក្រដាសប្រាក់ ១ – ២ ឬ ៥ ដុល្លារ អាច​យកទៅ​បង់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​លោកអ្នក​ជំពាក់។ នេះ​ជា​ពេលវេលា​ដ៏​មមាញឹក​ដែល​គ្រឹះស្ថាន​ទាំងនោះ​ត្រូវ​ទទួលយក​ក្រដាសប្រាក់​ដុល្លារតូច” ៕


ចែករំលែក