ដោយវុត្ថា
ភ្នំពេញៈ ក្រៅពីការមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្រប់ច្រកល្ហក គម្រោងស្ពានធំៗចំនួន៥ នៅក្នុងមូលដ្ឋានខេត្តកណ្តាល បាននិងកំពុងជួយជំរុញកំណើនការដឹកជញ្ជូន និងភស្តុភារយ៉ាងសកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា ឱ្យមានសន្ទុះរីកចំរើនទៅមុខឥតឈប់ឈរ ។
អភិបាលខេត្តកណ្តាល លោកគង់ សោភ័ណ កាលពីពេលថ្មីនេះបានសម្តែងមោទនភាព ចំពោះការរីកចំរើនលើហេដ្ឋរចនាសម្ព័ន្ធធំៗ ជាពិសេសស្ពានធំៗទាំង៥ នៅក្នុងខេត្តកណ្តាលនាពេលពេលបច្ចុប្បន្ននេះ ដែលជួយសម្រួលដល់ការដឹកជញ្ជូន និងសេដ្ឋកិច្ចរួមជាមួយនឹង ចរាចរណ៍ឱ្យកាន់តែមានភាពងាយស្រួល។
-->
១) ស្ពានសឹបាហ្សា (ស្ពានអ្នកលឿងមិត្តភាពកម្ពុជា-ជប៉ុន)
ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឆ្លងអ្នកលឿង ដែលបានស្ថាបនាអស់ទឹកប្រាក់ប្រមាណ១០០លានដុល្លារសហរដ្ឋអាមេរិក ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន ជាស្ពានទី២ ដែលជាចំណងដៃរបស់ប្រទេសជប៉ុនជួយដល់កម្ពុជា។ ស្ពាននេះត្រូវបានបើកប្រើប្រាស់ជាផ្លូវការកាលពីខែមេសា២០១៥ ។

ស្ពានអ្នកលឿង មិនមែនបម្រើអោយវិស័យគមនាគមន៍ សម្រាប់តែប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ស្ពាននេះក៏ជាសរសៃឈាមសេដ្ឋកិច្ច របស់បណ្តាប្រទេសសមាជិកអាស៊ានផងដែរ។
២) ស្ពានមិត្តភាពកម្ពុជា-ចិន ព្រែកតាមាក់
ស្ពានមិត្តភាព កម្ពុជា-ចិន ឬស្ពានព្រែកតាមាក់ ដែលស្ថិតនៅភាគខាងកើតឈៀងខាងជើងរាជធានីភ្នំពេញ ដែលបានតភ្ជាប់ផ្លូវជាតិចំនួន២ (គឺផ្លូវជាតិលេខ ៦A និងចំណុចចាប់ផ្តើមនៃផ្លូវជាតិលេខ៨) ដែលបានតភ្ជាប់ចរាចរណ៍រវាងស្រុកមុខកំពូល និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ស្ពាននេះមានប្រវែង១០៦៦ ម៉ែត្រ ទទឹង១៣.៥ ម៉ែត្រ ដែលបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ២០១១ ចំណាយថវិកាប្រមាណ៤៣.៥លានដុល្លារ។ ស្ពាននេះគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ដែលបានកាត់បន្ថយការចំណាយថវិកា និងពេលវេលានៃការធ្វើដំណើរយ៉ាងច្រើនដល់ប្រជាពលរដ្ឋ អាជីវករ ក៏ដូចជាអ្នកវិនិយោគទុននៅកម្ពុជា។
៣) ស្ពានមិត្តភាពកម្ពុជា-ចិនព្រែកក្ដាម
ស្ពានមិត្តភាពកម្ពុជា-ចិនព្រែកក្ដាម ឆ្លងទន្លេមេគង្គ ដែលជាចំណុចប្រសព្វប្រជុំស្រុក៣ គឺស្រុកពញាឮ មុខកំពូល និងខ្សាច់កណ្តាល និងតភ្ជាប់ទៅ កាន់ខេត្តព្រៃវែង រួចហើយឆ្ពោះទៅដល់ប្រទេសវៀតណាម។ ស្ពាននេះ ត្រូវបានបើកឱ្យប្រើប្រាស់កាលពីខែមករា ២០១១ ។

ស្ពានព្រែកតាមាក់នេះ ជាជំនួយប្រាក់កម្ចីរបស់សាធារណរដ្ឋប្រជាមានិតចិន ជួយដល់រដ្ឋាភិបាលកម្ពុជា ដែលចំណាយការកសាងអស់ប្រមាណ៤០លានដុល្លារ ក្នុងទិសដៅអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធស្ពាន-ផ្លូវ ឈានទៅបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋធ្វើដំណើរ ដឹកជញ្ជូន ក៏ដូចជាការប្រកបរបរប្រចាំថ្ងៃ ពង្រីកជីវភាពគ្រួសារ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច សង្គម ។
៤) ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំ
ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំដែលមានតម្លៃជិត២០លានដុល្លារអាមេរិក ជាកម្ចី សម្បទានរបស់ រដ្ឋាភិបាលចិន ស្ថិតនៅបណ្តោយផ្លូវជាតិលេខ២១ ក្នុងស្រុកកោះ ធំខេត្តកណ្តាល និងត្រូវសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃច័ន្ទ ទី១៣ ខែកុម្ភះ ២០១៧ ក្រោមអធិបតី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ស្ពាននេះចំណាយថវិកាសរុប១៩,៣លានដុល្លារអាមេរិក ជាថវិកាកម្ចីឥណទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ២ ,៨លានដុល្លារអាមេរិក ។ ការសាងសង់ស្ពានកោះធំ គឺជាគម្រោងយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ សម្រាប់តភ្ជាប់ទំនាក់ទំនង និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលរស់នៅយ៉ាងច្រើនកុះករនៅត្រើយខាងកើត និងត្រើយខាងលិចទន្លេបាសាក់ឱ្យបានងាយស្រួលនិងឆាប់រហ័ស។
៥) ស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ (ស្ពានព្រែកសំរោង)
ស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅ ដែលជាស្ពានឆ្លងកាត់ទន្លេបាសាក់ ប្រវែង៨៥៥ម៉ែត្រ ត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥នេះ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ ប្រវែង ៨៥៥ ម៉ែត្រ ឆ្លងកាត់ទន្លេបាសាក់ និងផ្លូវតភ្ជាប់ប្រវែង ១១,៩៥ គីឡូម៉ែត្រ ពីផ្លូវជាតិលេខ២ ទៅផ្លូវជាតិលេខ១ ត្រូវបានសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី៣សីហានេះ ក្រោមអធិបតីភាពសម្តេចហ៊ុនសែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។

ស្ពាន មិត្តភាពកម្ពុជា-ចិន តាខ្មៅ ឆ្លងទន្លេបាសាក់ ពីក្រុងតាខ្មៅ ទៅសង្កាត់ព្រែកឯង ដែលជាតំណរភ្ជាប់នៃផ្លូវក្រវ៉ាត់រាជធានីភ្នំពេញពីផ្លូវជាតិលេខ២ ទៅកាន់ផ្លូវជាតិលេខ១ ដែលមានតួនាទីជាផ្លូវវៀង និងបញ្ចៀសការដឹកជញ្ជូនទំនិញធន់ធ្ងន់ តាមស្ពានភ្លោះព្រះមុនីវង្ស ហើយវាក៏ជាផ្នែកមួយ នៃការពន្លឿនការអភិវឌ្ឍន៍តំបន់ប៉ែកខាងត្បូង ឆៀងខាងកើតរាជធានីភ្នំពេញ។
ស្ពានមិត្តភាពកម្ពុជា ចិន តាខ្មៅ ឆ្លងកាត់ទន្លេបាសាក់នេះ ចំណាយថវិកាសរុបប្រមាណ៣២,៨៩លានដុល្លារ ដែលជាហិរញ្ញប្បទានពីប្រទេសចិន រួមជាមួយថវិកាបដិភាគមួយចំនួនថែមទៀត សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសំអាតមីន និងកាកសំណល់សង្គ្រាម៕