រដ្ឋាភិបាលចេញប័ណ្ណកម្មសិទ្ធិដីបានជាង៥លានបណ្ណនៅទូទាំងប្រទេស

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៥ ៧៣៣ ៣០៦ បណ្ណ ស្មើ នឹង ៨១,៩០ ភាគរយនៃក្បាលដីប៉ាន់ស្មានប្រមាណ ៧ លានក្បាលដី នៅទូទាំងប្រទេសគិតត្រឹមខែមេសា ឆ្នាំ ២០២០។

យោងតាមទិន្ន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលបានចេញផ្សាយកាលពីខែឧសភា ឆ្នាំ ២០២០កន្លងមកនេះ បង្ហាញថា ក្នុងចំណោមបណ្ណជាង ៥លាន ក្នុងនោះការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ សម្រេចបាន ៥ ១១៥ ០៩០ បណ្ណ និងចែកបណ្ណជូនពលរដ្ឋបាន៤ ៧៥៨ ៩៩៨ បណ្ណ ។

ទិន្ន័យដដែលបានបន្តថា សម្រាប់ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំសម្រេចបាន ៦១៨ ២១៦ បណ្ណ ក្នុងនោះដីរដ្ឋ បានចំនួន ១ ៨៥៤ បណ្ណ ទំហំ ៧៧៨ ៧២៥ហិកតា ដីឯកជនរបស់បុគ្គលឯកជនបានចំនួន ៦១៥ ៥៤ បណ្ណ និងដីសហគមន៍ជនជាតិដើមភាគតិចបាន ៣០ សហគមន៍ ស្មើនឹង ៨១៩ បណ្ណ ទំហំ ៣១ ៦ ០៥ ហិកតា សម្រាប់ ៣ ០៣៣ គ្រួសារ។

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់បានកំណត់យកឆ្នាំ២០២១ ជាឆ្នាំនៃការបញ្ចប់ចុះបញ្ជីដីទូទាំងប្រទេស រួមទាំងការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ដីឯកជន និងដីរដ្ឋឱ្យសម្រេចឲ្យបាន១០០ភាគរយ។ ក្រសួងថា ការដាក់ទិសដៅសម្រេចនៃការចុះបញ្ជីក្បាលដីនេះ គឺដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ការគោរពសិទ្ធិរបស់ប្រជាពលរដ្ឋលើបញ្ហាដីធ្លី ការលើកកម្ពស់កម្រិតជីវភាព ការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ សន្តិសុខស្បៀង និងភាពសុខដុមនៃសង្គម។

ក្រសួងបន្ថែមថា ដើម្បីសម្រេចបាននូវគោលដៅ រដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលជាក្រសួងសេនាធិការ បានខិតខំរៀបចំនូវបទដ្ឋានគតិយុត្តសមស្រប និងដាក់ចេញផែនការសកម្មភាពជាក់ស្តែងជំរុញការចុះបញ្ជីដីធ្លីទូទាំងប្រទេស និងយន្តការនៃការដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here