រដ្ឋាភិបាល​កែលម្អ​ឆ្នេរសមុទ្រ​ខេត្ត​កែប​ប្រវែង​ជិត៣០០០ម៉ែត្រ​ពី​ផ្សារ​ក្តាម​ដល់សហគមន៍​កោង​កាង

0

ដោយ ​វុត្ថា

ភ្នំពេញៈ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន និង​កំពុង​សិក្សា​កែលម្អ​ឆ្នេរសមុទ្រ​កែប​ជា ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​សម្រាប់​សាធារណជន និង​ភ្ញៀវ​ទេសចរណ៍​ប្រវែង២៩៥៩ ម៉ែត្រ ចាប់ពី​ផ្សារ​ក្តាម​រហូតដល់​តំបន់​សហគមន៍​កោង​កាង ស្ថិតនៅ​សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី​គ ន​រូបនីយកម្ម និង​សំណង់​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ខែឧសភា ឆ្នាំ ២០២០បាន​បង្ហាញថា លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា (គ​អ​ឆក) បានឱ្យ​ក្រុមការងារ​សិក្សា​អភិវឌ្ឍន៍​ឆ្នេរ​ថ្មី​ចំនួន២ផ្សេងទៀត នៅក្នុង​ខេត្ត​កែប ខណៈ​បច្ចុប្បន្ន​ខេត្ត​កែប​មាន​ឆ្នេរ​សម្រាប់​លេង​កម្សាន្ត​តែមួយ ដែលមាន​ត្រឹមតែ​ប្រវែង៣៥០ម៉ែត្រ ធ្វើឱ្យមាន​ការកកស្ទះ​ភ្ញៀវទេសចរ។

លោក​កែន ស​ត្ថា អតិ​ត​អភិបាលខេត្ត​កែប​ឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា ការ​អភិ​ឌ្ឍ​តំបន់ឆ្នេរ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប​នេះ គឺ​ដើម្បី​កុំឱ្យ​ភ្ញៀវទេសចរ​សម្រុក​មក​តែមួយ​កន្លែង ដូច​បច្ចុប្បន្ន​ដែល​ធ្វើឱ្យមាន​កកស្ទះ និង​ដើម្បី​បង្វែរ​ទិស​របស់​ពួកគេ​ឱ្យទៅ​តំបន់ឆ្នេរ​ទាំងនេះ​ដែលមាន​ឆ្នេរ​ខ្សាច់​ធម្មជាតិ ខណៈ​បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត​កំពុងតែ​ស្ថាបនា​ផ្លូវ​ចូលទៅក្នុង​តំបន់​នេះ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន ធ្លាប់បាន​ឱ្យដឹងថា ខេត្ត​កែប​ត្រូវបាន​រាជរដ្ឋាភិបាល​ដាក់ចេញ​ចក្ខុវិស័យ​ជា “ខេត្ត​គោលដៅ​ទេសចរណ៍ សម្រាកលំហែ​កម្សាន្ត ប្រណិត​កម្រិត​ខ្ពស់” ខណៈ​បច្ចុប្បន្ននេះ​ការសិក្សា​រៀបចំ​ផែនការមេ អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់ខែ​កក្កដា ឆ្នាំ២០២០ ហើយ​អាច​នឹងដាក់​ឆ្លង​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង នា​ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។

លោក​ថ្លែងថា “ក្រសួងទេសចរណ៍​មានជំនឿថា​ផែនការ​មេនេះ នឹង​ជួយ​ឱ្យ​ខេត្ត​កែប​ក្លាយជា​គោលដៅ​ទេសចរណ៍ធម្មជាតិ ស្ងបស្ងាត់ ប្រណីត​កម្រិត​ខ្ពស់ ប្រកបដោយ​ភាព​ទាក់ទាញ និង​ភាព​ប្រកួតប្រជែង​នៅក្នុង​តំបន់ និង​ពិភពលោក” ។

យោងតាម​របាយការណ៍​របស់​ខេត្ត​កែប​បង្ហាញថា ខេត្ត​កែប​ជា​ខេត្ត​ទេសចរណ៍ធម្មជាតិ​តំបន់ឆ្នេរ មាន​ស្ថានភាព​ផ្ទៃដី​ចែកចេញ​តំបន់ភ្នំ ជម្រាលភ្នំ តំបន់​មាត់សមុទ្រ សមុទ្រ និង​កោះ មាន​ចំងាយ​ប្រមាណ១៧៥ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។ សក្តានុពល​របស់​ខេត្ត​កែប ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍ ដោយមាន​ឆ្នេរ​ខ្សាច់ ឧទ្យាន​ជាតិ ព្រៃកោងកាង ផ្កាថ្ម ស្មៅ​សមុទ្រ និង​វិជ្ជា​ជីវៈចម្រុះ រួមទាំង​ធនធាន​ជលផល​សមុទ្រ​ជាច្រើន ប្រភេទ​ផ្សេងទៀត។

ក្នុង​ឆ្នាំ២០១៩ កន្លងមកនេះ ខេត្ត​កែប​បានទទួល​បាន​ភ្ញៀវទេសចរ​ជិត២លាន​នាក់ បើ​ធៀប​នឹង​ឆ្នាំ ២០១៨ កើនឡើង​ប្រមាណ៤.២៤ ភាគរយ ភ្ញៀវទេសចរ​ជាតិ កើនឡើង ៣.៥៨ ភាគរយ និង​ភ្ញៀវទេសចរ​កើនឡើង ២៥.០១ ភាគរយ និង​ផ្តល់​កម្លាំង​ពលកម្ម​ជាង ៣០០០នាក់ មានការ​ងារ​ធ្វើ និង​បាន​បង្កើន​ប្រាក់ចំណូល​ជួយ​ដល់​គ្រួសារ និង​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​ខេត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here