ដោយ ៖ រ៉ាណេត
បន្ទាយមានជ័យៈ អនុលោមតាមវិធានការ និងគោលនយោបាយរបស់រដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ខេត្តបន្ទាយមានជ័យបានរៀបចំ និងគ្រប់គ្រងលើការចុះបញ្ជីដីធ្លី បានជាង១៦ម៉ឺនប័ណ្ណមានលក្ខណៈជាប្រព័ន្ធ និងការចុះបញ្ជីដីធ្លីដាច់ដោយដុំមានចំនួនជិត៨ពាន់ក្បាលដី។

-->
អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅបន្ត នៅទីស្ដីការគណរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រហូតដល់ឆ្នាំ២០១៩ សម្រេចបាន១៦១,៣៣៥ ប័ណ្ណ ហើយការចុះបញ្ជីដីធ្លី មានលក្ខណៈដាច់ដោយដុំរហូតដល់ឆ្នាំ២០១៩ សម្រេចបាន៧ ៩២២ប័ណ្ណ។
លោកបានបញ្ជាក់ទៀតថា “រហូតមកដល់ឆ្នាំ២០២០នេះ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធអនុវត្តលើ៥ស្រុក ក្រុងមានមង្គលបូរី ព្រះនេត្រព្រះ សិរីសោភ័ណ ប៉ោយប៉ែត និងភ្នំស្រុក ប្រមូលបញ្ចូល និងគូសក្បាលដីចំនួន៣៤.៤៣១ក្បាលដី”។
លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ជាមួយនឹងការងារគ្រប់គ្រង និងរៀបចំដែនដីនេះ រដ្ឋបាលខេត្តបានប្រកាសតំបន់វិនិច្ឆ័យចំនួន២៩ភូមិ និងបញ្ចប់ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ៣៧ភូមិ ស្មើនឹង៤១.១៣៤ក្បាលដី រួមជាមួយនឹងការចែកវិញ្ញាបនប័ត្រសម្គាល់សិទ្ធិអចលនវត្ថុ ជូនប្រជាពលរដ្ឋ២៥.១៦៧ប័ណ្ណ លើ៣១.០៧១ប័ណ្ណដែលបានចុះហត្ថលេខារួច ការចុះបញ្ជីដីធ្លីដាច់ដោយដុំបានចំនួន១.៩២៣ប័ណ្ណ”។
សម្រាប់ករណីវិវាទដីធ្លីមានចំនួន២២៨ករណី ស្ថិតក្នុងដៃគណៈកម្មការសុរិយោដីក្រុង ស្រុក ខេត្ត៨៧ករណីបានបញ្ចប់ ៣ករណ កំពុងដោះស្រាយ៨៤ ។ ដោះស្រាយក្រៅយន្តការសុរិយោដី៨២ករណី ក្នុងនោះបណ្តឹងស្ថិតក្នុងសមត្ថកិច្ច ក្រុមការងារចម្រុះខេត្តកំពុងដោះស្រាយ៥៥ករណី និងផ្ទេរជូនអង្គភាពពាក់ព័ន្ធ២៧ករណី ។
ការដោះស្រាយវិវាទដីធ្លី ក្រៅយន្តការគណៈកម្មការសុរិយោដី ក្នុងរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន៥៩ករណី៕
