ដោយ ហ្សូលី
ភ្នំពេញៈ លំនៅដ្ឋានក្លាយផ្នែកសំខាន់និងមានតម្រូវការច្រើនជាងគេ បើប្រៀបធៀបទៅនឹងប្រភេទអចលនវត្ថុដទៃទៀត ដូចជា ដីធ្លី ខុនដូ ជាដើម។
ជាក់ស្តែងការវិនិយោគលើលំនៅដ្ឋានបច្ចុប្បន្ន បានរីកសាយភាយទៅកាន់តំបន់ជាយក្រុង ដោយហេតុថា ទីក្រុងភ្នំពេញមានកំណើនប្រជាជន និងតម្រូវការរស់នៅច្រើន។ នៅក្បែរតំបន់ផ្លូវជាតិចំនួន៣ខ្សែ ដែលកំពុងមានសន្ទុះកំណើននៃលំនៅដ្ឋាន។
-->
ផ្លូវជាតិលេខ១
ផ្លូវជាតិលេខ១បាន និងកំពុងបន្តមានភាពរីកចម្រើនលឿនជាងគេ បន្ទាប់ពីផ្លូវនេះត្រូវបានស្ថាបនា និងពង្រីកចប់ដោយសារជំនួយរបស់ប្រទេសជប៉ុន។

ជាក់ស្តែងបុរីជជាច្រើន ពិសេសបុរីប៉េង ហួតដែលធំជាងគេ និងល្បីល្បាញជាងគេបានពង្រីកអាណាចក្រនៅតំបន់នេះ ជាមួយមជ្ឈមណ្ឌលកំសាន្តលំដាប់អន្តរជាតិយូរ៉ូ ផាក ផ្សារទំនើបPeng Hourt Eco Mall និងបុរីតូចៗជាច្រើនទៀតបាននិងកំពុងពង្រីកខ្លួនយ៉ាងសកម្ម និងបានពង្រីកដល់ទឹកដីស្រុកកៀនស្វាយ។ និន្នាការនៃការអភិវឌ្ឍនេះនឹងរីកសាយភាយដល់ស្ពានអ្នកលឿង នៅរយៈពេល៥ទៅ១០ឆ្នាំខាងមុខទៀត។
ផ្លូវជាតិលេខ ៦
តំបន់ជាប់ផ្លូវជាតិលេខ៦ មានភាពរីកចម្រើនជាគំហុក ទៅលើបុរីលំនៅដ្ឋាន ព្រោះនៅតំបន់នេះ មានស្ថានភាពអំណោយផល ទីតាំងភូមិសាស្ត្រងាយស្រួលចេញចូល មានស្ពានឆ្លងច្រើន និងមិនសូវជាមានការរំខាន់ច្រើនពីរថយន្តដឹកទំនិញធំៗ មានសុវត្ថិភាពសាកសមសម្រាប់ការធ្វើដំណើរ។

នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service និងជាអ្នកជំនាញលើវិស័យអចលនទ្រព្យ អស់រយៈពេលជាច្រើនឆ្នាំ បានរៀបរាប់កាលពីពេលថ្មីៗនេះថា តំបន់ជាប់មាត់ផ្លូវជាតិលេខ៦នេះ មានការអភិវឌ្ឍលើវិស័យបុរី លំនៅដ្ឋានមិនតិចជាង ១០គម្រោងឡើយ។ សព្វថ្ងៃកំពុងមានការសាងសង់ជាបន្តបន្ទាប់។ ម្យ៉ាងតំបន់នេះមានគម្រោងអភិវឌ្ឍច្រើន មិនថាជាស្ថាប័នរដ្ឋ មជ្ឈមណ្ឌលពាណិជ្ជកម្ម សំណង់អគារធំៗ និង អគារខុនដូផងដែរ។
ផ្លូវជាតិលេខ ៣
បើតាមឱ្យដឹងពីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីពេលកន្លងមកនេះថា ការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៣ បើតាមគម្រោងនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២២ ប៉ុន្តែដោយសារការសាងសង់មានភាពរលូនល្អ ទើបអនុញ្ញាតឱ្យបញ្ចប់នៅចុងឆ្នាំ ២០២១ វិញ។

ដោយសារវឌ្ឍនភាពនៃផ្លូវជាតិមួយខ្សែនេះ បានបណ្តាលឱ្យក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានមួយចំនួន ចាប់អារម្មណ៍អំពីសក្តានុពលភូមិសាស្ត្រ ងាកមកវិនិយោគលើវិស័យលំនៅដ្ឋានកាន់តែច្រើន។
យោងតាមប្រសាសន៍របស់ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម ឱ្យដឹងថា ការវិនិយោគទាំងអស់នេះ គឺអ្នកអភិវឌ្ឍសុទ្ធតែបានសិក្សា ពីសក្តានុពលតំបន់យ៉ាងលម្អិត ម្យ៉ាងរាប់គិតពីចំនុចចោមចៅមក គឺមានតម្រូវការខ្ពស់ បន្ទាប់ពីផែនការអភិវឌ្ឍនិងពង្រីកក្រុងត្រូវបានអនុវត្ត។
ផ្លូវជាតិលេខ ៤
តំបន់ជាប់ផ្លូវជាតិនេះ កំពុងពង្រីកវិសាលភាពវិស័យ លំនៅដ្ឋានដោយហេតុថាតម្រូវការនៃការរស់នៅកាន់តែច្រើន និងចំនួនប្រជាជនកើនឡើងនៅតាមតំបន់នេះ។

អ្នកជំនាញអចលនទ្រព្យជាច្រើនរូបធ្លាប់បានពន្យល់ថា គ្រប់តំបន់ជាយក្រុងទាំងអស់ ក្នុងនោះតំបន់ក្បែរផ្លូវជាតិលេខ៤ផ្ទាល់ មានភាពលេចធ្លោដែលជាកត្តាទាក់ទាញគម្រោងអភិវឌ្ឍន៍នានា។ ភាគច្រើនលំនៅដ្ឋានក្បែរតំបន់នោះច្រើន តែជាលំនៅដ្ឋានកម្រិតមធ្យម ឬក្រោមមធ្យម សុទ្ធសឹងតែជាការផ្គត់ផ្គង់តាមតម្រូវការទីផ្សារ៕