ដោយ វុត្ថា
ព្រះសីហនុៈ មន្ត្រីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចុះពិនិត្យស្ថានភាពឆ្នេរសមុទ្រខេត្តព្រះសីហនុ ដោយរកឃើញមានការបន្តលក់ទិញដីចំណីឆ្នេរសមុទ្រសាធារណៈទំហំ ៦០,៨៧២ ម៉ែត្រក្រឡា ស្ថិតនៅភូមិស្រែចាមលើ ឃុំអូជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នេះ បើយោងរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញនៅក្នុងខែឧសភា ឆ្នាំ ២០២០កន្លងមកនេះ។

-->
របាយការណ៍របស់ក្រសួង មិនបានបង្ហាញព័ត៌មានលម្អិត លើបញ្ហាដំណោះស្រាយ និង/ឬពាក់នឹងក្រុមហ៊ុន និងប្រជាពលរដ្ឋ ចំពោះការបន្តលក់ទិញដីចំណីឆ្នេរសមុទ្រសាធារណៈនេះនោះទេ តែយ៉ាងណាសម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ នៅក្រុងខេត្តព្រះសីហនុ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ កន្លងមកនេះ បានប្រកាសចាត់វិធាន ការអ្នកដែល រំលោភដីឆ្នេរ បើទោះបីមានប្លង់ ក៏អាចលុបចោលបានដែរ។
សម្តេចតេជោបានប្រកាសមានវិធានការបែបនេះ ដើម្បីធានាតំបន់ ឆ្នេរនៅតែរក្សា បានភាពបៃតងគ្មានការរំលោភ បំពាន និងកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាន ដល់និរន្តរភាពនៃធនធាន តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត របស់កម្ពុជា។
សម្តេចតេជោថ្លែងថា “រដ្ឋាភិបាលអាចលុបចោលប្លង់ដីទាំងឡាយ ណាដែលកាន់កាប់ឆ្នេរខុសច្បាប់ នៅខេត្តព្រះសីហនុ មិនថាអ្នកមានអំណាច ឬអ្នកធំ ឬក៏អ្នកកម្រិតណានោះទេ” ។
សម្តេចតេជោបានបញ្ជាក់ថា មិនដឹងព័ត៌មាននៃការសុំគ្រលំធ្វើប្លង់ កម្មសិទ្ធិឲ្យអ្នកធំក្នុងជួររាជការ ដែលមន្ត្រីទើសទាល់ហើយចេញប្លង់កាន់កាប់ឲ្យ។សម្តេចថា រដ្ឋត្រូវយកតំបន់ឆ្នេរ ដែលមានប្រវែង១១០ម៉ែត្រតពីឆ្នេរសមុទ្រ មកកាន់កាប់ឡើងវិញ ដើម្បីរក្សាសោភ័ណភាពនៃឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតរបស់កម្ពុជា ក្នុងការបម្រើសាធារណៈ និងវិស័យទេសចរណ៍។
សម្ដេចតេជោបន្តថា “មុននេះយើងមិនអាចតភ្ជាប់រវាងឆ្នេរអូត្រេះ និងឆ្នេរអូលឈើទាលបានទេ ដោយសារតែការកាន់កាប់ខុសច្បាប់ ទៅដីធ្លីតាមចំណីឆ្នេរ ប៉ុន្តែខ្ញុំសូមបញ្ជាក់ខ្ញុំបានជួបជាមួយម្ចាស់ដីមួយកន្លែង ហើយខ្ញុំក៏បានអរគុណគាត់ដែលបាន ចូលរួមសហការជាមួយរាជរដ្ឋាភិបាល” ។ សម្តេចបន្តថា “បើមិនសហការក៏ខ្ញុំយកដែរ ព្រោះនេះជាផលប្រយោជន៍សាធារណៈ ដែលតម្រូវឲ្យធ្វើយ៉ាងដូច្នេះ ព្រោះគេមិនដែលទៅយកដីភ្នំ ទៅយកដីមាត់សមុទ្រ ហើយទៅកាន់កាប់ឆ្នេរ នៅក្នុងសមុទ្រទៅទៀត វាមិនដែលមានទេ” ។
សម្ដេចតេជោបន្ថែមថា ឥលូវនេះខ្ញុំត្រូវធ្វើ ព្រោះទាំងនេះគឺជាដីរបស់រដ្ឋ រដ្ឋត្រូវយក វិញ រឿងយើងចេញប្លង់ឲ្យគេបានលុបចោលក៏បានដែរ អត់មានបញ្ហាអីទេ ជួនកាលមានការទើសទាល់ដីរបស់អ្នកនេះ របស់អ្នកនោះ មកតម្រូវសុំឱ្យគ្នាធ្វើប្លង់ឲ្យ ចឹងគ្នាចេះតែស៊ីញ៉េទៅ តែនាយករដ្ឋមន្ត្រីអត់បានដឹងទេ បើនាយករដ្ឋមន្ត្រីដឹង គឺលើកយោបល់មក ដឹងតែមោឃៈភាពចោលទៅលើដីណា ដែលជាចំណែកដីរបស់រដ្ឋ ក្នុងអនុក្រឹត្យរបស់យើងគឺកំណត់១១០ម៉ែត្រចែងយើងត្រូវធ្វើកិច្ចការងារនេះ៕