ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ការធ្វើជំនួញនៅក្នុងវិស័យអចលនទ្រព្យគឺមានច្រើនរូបភាព ដែលក្នុងនោះសម្រាប់តែការវិនិយោគ ទោះបីជាមិនដើមទុនគ្រប់គ្រាន់កាន់នៅក្នុងដៃយ៉ាងណាក៏ដោយ ប៉ុន្តែលោកអ្នកនៅតែមានលទ្ធភាពក្នុងទិញអចលនទ្រព្យសម្រាប់វិនិយោគបន្តយកចំណេញ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Kraty Realty Co,.Ltd លោក ចក់ ស៊ីណាត បានមានប្រសាសន៍ថា ទោះជាអ្នកគ្មានលុយដែលជាដើមទុនកាន់នៅក្នុងដៃក៏ដោយ អ្នកក៏អាចមានលទ្ធភាពក្នុងការទិញអចលនទ្រព្យសម្រាប់លក់បន្តយកចំណេញបាន។
-->
លោក ចក់ ស៊ីណាត បានមានប្រសាសន៍បន្តទៀតថា “វិធីសាស្ត្រនៅក្នុងការទិញអចលនទ្រព្យដោយមិនមានលុយគ្រប់គ្រាន់កាន់នៅក្នុងដៃធ្វើជាដើមទុនគឺមានច្រើន ដែលក្នុងនោះបានមកពីភាពវៃឆ្លាតក្នុងការឆក់ឱកាស និងទំនាក់ទំនង ការប្រាស្រ័យទុនលើអ្នកដទៃ ការសហបណ្តាក់ទុនរួមគ្នា ឬកិច្ចសហការជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដើម”។
លោកបានមានប្រសាសន៍បន្តទៀតថា “មុនពេលឈានចូលការសម្រេចចិត្តធ្វើការវិនិយោគទៅលើអចលនទ្រព្យណាមួយទាំងដែលគ្មានទុនគ្រប់គ្រាន់នៅនឹងដៃ ដោយស្វែងរកប្រភពពីខាងក្រៅនេះ អ្នកត្រូវតែប្រាកដថាអចលនទ្រព្យដែលអ្នកមានបំណងវិនិយោគពិតជាមានសក្ដានុពល មានតម្លៃទាបជាងទីផ្សារ និងមានតម្រូវការទីផ្សារខ្ពស់ និងអាចលក់ចេញវិញបានក្នុងរយៈពេលដ៏ខ្លី ហើយមានអត្រាចំណេញខ្ពស់យ៉ាងពិតប្រាកដ។ នៅពេលអ្នកមានភាពច្បាស់លាស់ទៅលើការវាយតម្លៃអចលនទ្រព្យដែលស្ថិតនៅក្នុងគោលបំណងវិនិយោគ អ្នកអាចស្វែងរកប្រភពសហវិនិយោគពីខាងក្រៅបានយ៉ាងងាយ ដូចជាផ្តល់ឱកាសដល់ដៃគូចូលរួមវិនិយោគដើម្បីប្រមូលទុន ឬអាចពឹងពាក់ទៅលើស្ថាប័នធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីទទួលបានឥណទានសម្រាប់ទិញអចលនទ្រព្យទុកវិនិយោគបន្តយកចំណេញ ដោយមានការធ្វើផែនការនៃលំហូរសាច់ប្រាក់ផ្ទាល់ខ្លួន ដើម្បីសង់ត្រឡប់ទៅគ្រឹះស្ថានដែលផ្តល់ឥណទានឱ្យបានច្បាស់លាស់ផងដែរ”។
លោក ចក់ ស៊ីណាត បានមានប្រសាសន៍បញ្ជាក់ថា ការលើកឡើងខាងលើនេះ គឺជាវិធីសាស្ត្រមួយចំនួនដែលអាចផ្តល់ឱកាសដល់អ្នកក្នុងការវិនិយោគអចលនទ្រព្យ ខណៈដែលអ្នកមិនមានទុនគ្រប់គ្រាន់នៅក្នុងដៃ ដែលវាក៏នៅមានវិធីសាស្ត្រជាច្រើនទៀត ដែលផ្តល់ឱកាសលើការវិនិយោគអចលនទ្រព្យទាំងដែលខ្លួនគ្មានលុយ៕