អគ្គនាយកដ្ឋានពន្ធដារ ជំរុញការធ្វើបច្ចុប្បន្នភាពលើវិស័យអចលទ្រព្យ ដើម្បីជៀសវាងការកក់ស្ទះមិនបានបង់ពន្ធ

0

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ដើម្បីជៀសវាងការកក់ស្ទះ និងការជួបប្រទះលើបញ្ហាការកាត់ឈ្មោះសម្រាប់លក់ ឬការផ្ទេរអចលនទ្រព្យផ្សេងៗ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារជំរុញការធ្វើបច្ចុប្បន្នភាពលើវិស័យអចលទ្រព្យ ដែលជាការប្រមូលផ្តុំទិន្នន័យធ្វើឱ្យទាន់សម័យ និងឈានទៅប្រើប្រាស់ប្រព័ន្ធចុះបញ្ជីតាមអនឡាញ។

ថ្លែងនៅក្នុងកម្មវិធីពិសេសស្តីពីការផ្តល់សេវាពន្ធដារតាមអនឡាញ និងការធ្វើបច្ចុប្បន្នភាពផ្សេងៗ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ អគ្គនាយកដ្ឋានពន្ធដារបានកំពុងរៀបចំ ការបង់ពន្ធអចលនទ្រព្យតាមប្រព័ន្ធអនឡាញ (E-Payment) ដែលនឹងអាចដាក់ឱ្យដំណើរការនៅចុងខែមិថុនានេះ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលដល់អ្នកជាប់ពន្ធក្នុងវិស័យអចលនទ្រព្យ ក្នុងនោះអគ្គនាយកដ្ឋាននឹងដាក់ចេញនូវសេចក្តីណែនាំអំពីរបៀបចូលទៅប្រើប្រាស់ រួមជាមួយបន្តធ្វើកិច្ចការជាមួយធនាគារដៃគូ ដើម្បីដាក់បញ្ចូលប្រព័ន្ធនេះតែមួយ ។

លោកបានថ្លែងថា ពាក់ព័ន្ធវិស័យអចលនទ្រព្យ កន្លងមកនេះវិស័យអចលនទ្រព្យមួយចំនួនមិនទាន់មានទិន្នន័យបច្ចុប្បន្នភាពនៅឡើយ បច្ចុប្បន្នមន្ត្រីជំនាញពន្ធដារ បានកំពុងចុះធ្វើបច្ចុប្បន្នភាពលើវិស័យនេះ ក្នុងទិសដៅចុះប្រមូលផ្តុំទិន្នន័យជាក់លាក់ និងធ្វើឱ្យទាន់សម័យ ដើម្បីឈានទៅប្រើប្រាស់ប្រព័ន្ធចុះបញ្ជីតាមអនឡាញ (E-Payment) ដែលនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងខែមិថុនា នេះ ដើម្បីចៀសវាងការកក់ស្ទះ ឬការយឺតយ៉ាវមិនបានបង់ពន្ធ ជាពិសេស ជៀសវាងលើបញ្ហាជួបប្រទះការកាត់ឈ្មោះ នៅពេលម្ចាស់អចលនទ្រព្យត្រូវការលក់ ឬការផ្ទេរអចលនទ្រព្យផ្សេងៗជាដើម។

លោក បានបញ្ជាក់ទៀតថា ក្រៅពីការដាក់ឱ្យអនុវត្តន៍ប្រើបាស់ប្រព័ន្ធអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ រាជរដ្ឋាភិបាលបានកំពុងរៀបចំប្រព័ន្ធអនឡាញរបស់ជាតិ ពោលគឺការប្រើប្រាស់ចុះបញ្ជីក្នុងថ្នាលតែមួយ ដោយមានគ្រប់ស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ ដើម្បីផ្តល់ភាពកាន់តែងាយស្រួល ក្នុងការសម្រួលដល់ការធ្វើពាណិជ្ជកម្ម ក្នុង និងក្រៅប្រទេស ដោយអាចប្រើប្រាស់ឯកសារ ឬចុះបញ្ជីនៅក្នុងប្រព័ន្ធនេះតែមួយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here