ដោយ ប៊ី
ភ្នំពេញៈ គម្រោងថាមពលដែលផលិតចេញពីខ្យល់ នៅក្នុងប្រទេសកម្ពុជាត្រូវបានរំពឹងថា នឹងក្លាយជាការពិតក្នុងពេលឆាប់ៗនេះ ខណៈក្រុមហ៊ុនថាមពល និងអាជ្ញាធរអគ្គិសនីកំពុងពិភាក្សា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងទិញថាមពល។

ក្រុមហ៊ុន The Blue Circle ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបុរី បានធ្វើការពិភាក្សាអំពីថ្លៃពន្ធ ជាមួយអគ្គិសនីកម្ពុជាលើកិច្ចព្រមព្រៀងទិញថាមពល ហើយកិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថា នឹងបញ្ចប់នៅក្នុងឆមាសទី២ឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មានរដ្ឋនៅថ្ងៃនេះ។
ក្រុមហ៊ុន Blue Circle គ្រោងនឹងសាងសង់ទួរប៊ីនខ្យល់ យ៉ាងហោចណាស់ចំនួន១០ ដែលមានកម្លាំង៨០ មេហ្គាវ៉ាត់នៅលើកំពូលភ្នំបូកគោក្នុងឃុំកោះតូច ស្រុកទឹកឈូ។ តម្លៃនៃការវិនិយោគលើថាមពលខ្យល់ គឺស្ថិតនៅចន្លោះពី២ ទៅ៣លានដុល្លារក្នុងមួយមេហ្គាវ៉ាត់។
ក្រុមហ៊ុន Blue Circle បាននិងកំពុងសិក្សាលទ្ធភាព នៅខេត្តមណ្ឌលគីរី និងកំពតចាប់តាំងពីឆ្នាំ២០១៨ ហើយកាលពីខែមីនា ក្រុមហ៊ុនបានបង្ហាញថា ប្រទេសកម្ពុជាមានសក្តានុពលក្នុងការវិនិយោគថាមពលខ្យល់។
ក្រុមហ៊ុននេះបានឱ្យដឹងថា ប្រទេសកម្ពុជាអាចបង្កើតថាមពល បាន៥០០មេហ្គាវ៉ាត់ពីថាមពលខ្យល់។ បច្ចុប្បន្នក្រុមហ៊ុននេះ វិនិយោគលើថាមពលខ្យល់នៅប្រទេសថៃ និងវៀតណាម។
របាយការណ៍របស់ក្រសួងបានឱ្យដឹងថា ប្រទេសកម្ពុជាបានផលិតថាមពលសរុបចំនួន១១,២៦១ ជីហ្គាវ៉ាត់ក្នុងមួយឆ្នាំកាលពីឆ្នាំមុន កើនឡើង២១ភាគរយពីចំនួន៩ ៤២៧ ជីហ្គាវ៉ាត់ឆ្នាំ ២០១៨ ៕






