កិច្ចព្រមព្រៀង​លើ​គម្រោង​ផលិត​អគ្គិសនី​ដោយ​ថាមពលខ្យល់​នៅ​កម្ពុជារំពឹងថា​នឹង​បញ្ចប់​នៅក្នុង​ឆមាស​ទី២ឆ្នាំនេះ

ចែករំលែក

ដោយ ប៊ី

ភ្នំពេញៈ គម្រោង​ថាមពល​ដែល​ផលិត​ចេញពី​ខ្យល់ នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវបាន​រំពឹងថា នឹង​ក្លាយជា​ការពិត​ក្នុងពេល​ឆាប់ៗ​នេះ ខណៈ​ក្រុមហ៊ុន​ថាមពល និង​អាជ្ញាធរ​អគ្គិសនី​កំពុង​ពិភាក្សា ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​ទិញ​ថាមពល។

ក្រុមហ៊ុន​ The Blue Circle ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហ​បុរី បានធ្វើការ​ពិភាក្សា​អំពី​ថ្លៃ​ពន្ធ ជាមួយ​អគ្គិសនី​កម្ពុជា​លើ​កិច្ចព្រមព្រៀង​ទិញ​ថាមពល ហើយ​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​រំពឹងថា នឹង​បញ្ចប់​នៅក្នុង​ឆមាស​ទី២ឆ្នាំនេះ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​នៅថ្ងៃនេះ។

ក្រុមហ៊ុន Blue Circle គ្រោង​នឹង​សាងសង់​ទួ​រ​ប៊ី​ន​ខ្យល់ យ៉ាងហោចណាស់​ចំនួន១០ ដែលមាន​កម្លាំង៨០ មេ​ហ្គា​វ៉ា​ត់​នៅលើ​កំពូលភ្នំ​បូកគោ​ក្នុង​ឃុំ​កោះ​តូច ស្រុក​ទឹកឈូ។ តម្លៃ​នៃ​ការវិនិយោគ​លើ​ថាមពលខ្យល់ គឺ​ស្ថិតនៅ​ចន្លោះ​ពី២ ទៅ៣លាន​ដុល្លារ​ក្នុង​មួយ​មេ​ហ្គា​វ៉ា​ត់។

ក្រុមហ៊ុន Blue Circle បាននិងកំពុង​សិក្សា​លទ្ធភាព នៅ​ខេត្ត​មណ្ឌល​គី​រី និង​កំពត​ចាប់តាំងពី​ឆ្នាំ២០១៨ ហើយ​កាលពី​ខែមីនា ក្រុមហ៊ុន​បានបង្ហាញ​ថា ប្រទេស​កម្ពុ​ជាមាន​សក្តា​នុព​ល​ក្នុងការ​វិនិយោគ​ថាមពលខ្យល់។

ក្រុមហ៊ុន​នេះ​បានឱ្យដឹងថា ប្រទេស​កម្ពុជា​អាចបង្កើត​ថាមពល បាន៥០០មេ​ហ្គា​វ៉ា​ត់​ពី​ថាមពលខ្យល់។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ វិនិយោគ​លើ​ថាមពលខ្យល់​នៅ​ប្រទេស​ថៃ និង​វៀតណាម។

របាយការណ៍​របស់​ក្រសួង​បានឱ្យដឹងថា ប្រទេស​កម្ពុជា​បាន​ផលិត​ថាមពល​សរុប​ចំនួន១១,២៦១ ជី​ហ្គា​វ៉ា​ត់​ក្នុង​មួយឆ្នាំ​កាលពី​ឆ្នាំមុន កើនឡើង២១ភាគរយ​ពី​ចំនួន៩ ៤២៧ ជី​ហ្គា​វ៉ា​ត់​ឆ្នាំ ២០១៨ ៕


ចែករំលែក