ដោយៈ រ៉ាណេត
ភ្នំពេញៈ អ្នកជំនាញបាននិយាយថា នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២០ ចរន្តនៃទីផ្សារអចលនទ្រព្យកម្ពុជា បានចាប់ផ្តើមមានសកម្មភាព ឡើងវិញជាបណ្តើរៗហើយ ដែលក្នុងនោះរាប់ទាំងសកម្មភាពនៃការអភិវឌ្ឍ ក៏ដូចជាការទិញ-លក់នៅលើទីផ្សារផងដែរ។
ជាមួយនឹងសកម្មភាព នៃការសាងសង់សំណង់អាគារនានា ទាំងនៅកណ្តាលរាជធានីភ្នំពេញ ក៏ដូចជានៅតាមតំបន់ជាយក្រុង បានចាប់ផ្ដើមបន្តដំណើរការឡើងវិញហើយ ជាពិសេសគម្រោងសាងសង់លំនៅដ្ឋានតម្លៃមធ្យមក្រោម១០ម៉ឺនដុល្លារ។
-->
នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ នេះថា ពេលនេះ អ្នកជំនួញនៅក្នុងវិស័យអចលនទ្រព្យ ក្នុងស្រុកមួយចំនួនធំ ចាប់ផ្ដើមចេញធ្វើសកម្មភាពវិញហើយ បន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយរយៈក្រោមភាពភ័យខ្លាចជំងឺឆ្លង។
លោកស្រីបន្តទៀតថា “មិនថាចំពោះតែអ្នករកស៊ី ទិញ-លក់ អចលនទ្រព្យ ឬដីធ្លីនោះទេ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុកខ្លះ ក៏ចាប់ផ្តើមធ្វើសកម្មភាពឡើងវិញដែរ ជាពិសេសក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានមួយចំនួន ដែលស្ថិតនៅតាមតំបន់ជាយក្រុងជុំវិញរាជធានីភ្នំពេញ”។ លោកស្រីបន្តថា “ខ្ញុំបានឃើញ មិនថានៅតំបន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៣ លេខ១ឬតំបន់គួរស្រូវនោះទេ មានគម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងតែបន្តសកម្មភាពសាងសង់សម្រូវបំពេញតម្រូវការទីផ្សាររបស់ពួកគេ”។
ជាមួយនឹងការលើកឡើងខាងលើនេះ នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានបញ្ជាក់ថា សម្រាប់ការអភិវឌ្ឍន៍លំនៅដ្ឋាន នៅតាមតំបន់ជាយក្រុង ដូចដែលបានរៀបរាប់ខាងលើនេះ ភាគច្រើនជាប្រភេទលំនៅដ្ឋានតម្លៃសមរម្យក្រោម១០ម៉ឺន ហើយក៏មានតម្លៃក្រោម៧ម៉ឺន ដែលជាប្រភេទលំនៅដ្ឋានរួចផុតពន្ធប្រថាប់ត្រាផងដែរ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា លោក ច្រឹក សុខនីម ធ្លាប់បានទទួលស្គាល់ ដែលវិស័យនេះមានសកម្មភាពល្អប្រសើរឡើងវិញ ប៉ុន្តែវាស្ថិតនៅក្នុងស្ថានភាពដែលនៅមានកម្រិតនៅឡើយ។
លោកមានប្រសាសន៍ថា “តាមរយៈសកម្មភាពការងាររបស់បុគ្គលិក ដែលជាភ្នាក់ងារ បានបង្ហាញថា រយៈពេលខ្លីខុងក្រោយនេះ ពោលគឺចាប់ពីអំឡុងខែឧសភា ឆ្នាំ២០២០មក ចរន្តនៃទីផ្សារអចលនទ្រព្យ ក្នុងស្រុកចាប់ផ្តើមកម្រើកឡើងវិញ ប៉ុន្តែវានៅមានកម្រិតនៅឡើយ”។
លោកបានបន្តទៀតថា ការចាប់ផ្ដើមងើបឡើងវិញ នៃចរន្តទីផ្សារនៅពេលនេះ ត្បិតថា នៅមិនទាន់ខ្លាំងក្លា បើធៀបទៅនឹងទីផ្សារក្នុងស្រុកកាលពីឆ្នាំកន្លងទៅ ប៉ុន្តែបើធៀបទៅនឹងទីផ្សារ នៃបណ្តាប្រទេសក្នុងតំបន់ គឺយើងមានភាពល្អប្រសើរជាងគេ ហើយសង្ឃឹមថាភាពល្អប្រសើរនេះ នឹងបន្តងើបឡើងបន្ថែមទៀត ដែលផ្ដើមចេញពីសកម្មភាពរបស់អ្នកវិនិយោគក្នុងស្រុក៕