ដោយស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមហ៊ុនធំមួយរបស់សឹង្ហបុរី Leedon Heights បានសម្រេចបោះទុនវិនិយោគប្រមាណ៧០លានដុល្លារអាមេរិក ដើម្បីសាងសង់ខុនដូនៅក្នុងខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។
គម្រោងដ៏ធំស្កឹមស្កៃនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Leedon Heights ដែលសហការវិនិយោគរួមគ្នា ដោយវិនិយោគិនកម្ពុជា និងវិនិយោគិនសិង្ហបុរី រួមជាមួយតៃវ៉ាន់ ដែលសុទ្ធតែមានបទពិសោធន៌ជាច្រើនឆ្នាំ ក្នុងការសាងសង់លំនៅដ្ឋាន និងគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មទំនើបៗ លំដាប់ខ្ពស់នៅក្នុងប្រទេសកម្ពុជា។
-->
លោកស្រី អាន សុធីតា ដែលជានាយិកាគ្រប់គ្រង ក្រុមហ៊ុន CBRE Cambodia ដែលទទួលបានសិទ្ឋលក់ផ្តាច់មុខសំរាប់គំរោងនេះ បានមានប្រសាសន៍ថា ពួកយើងពិតជាមានកិត្តិយស ដែលត្រូវបានជ្រើសរើសជាអ្នកតំណាង Leedon Heightsជាភ្នាក់ងារផ្តាច់មុខក្នុងការលក់ និងការគ្រប់គ្រងអចលទ្រព្យ។
គម្រោងមួយនេះមានពាក្យស្លោក “លំដៅដ្ឋានថ្មី ការរស់នៅបែបថ្មី” ដែលស្របនិងការរចនាម៉ូដ គុណភាព និងគោលគំនិត បង្ហាញពីរសនិយម ថ្មីទៅដល់ទីក្រុងរបស់យើង ដែលមិនធ្លាប់មានពីមុនមក។
ជាមួយគ្នានេះ លោក James Hodge នាយកជាន់ខ្ពស់របស់ក្រុមហ៊ុន CBRE Cambodia បានបន្ថែមថា “គម្រោងអភិវឌ្ឍន៍នេះ ពិតជាអស្ចារ្យ”។
លោកបន្តថា ពួកយើងបានសង្កេតមើលក្នុងទីផ្សារ ដោយយកចិត្តទុកដាក់នូវប្រភេទគម្រោងបែបនេះ ដែលផ្សារភ្ជាប់រវាងទស្សនៈនាពេលអនាគត ជាមួយគុណភាពនៃការសាងសង់ ព្រមទាំងតម្លៃដែលមានការប្រកួតប្រជែងក្នុងទីផ្សារ ហើយគម្រោងរបស់Leedon Heights ពិតជាបានបំពេញនូវលក្ខខណ្ឌទាំងនេះ។
គម្រោងនេះនឹងមានសរុបចំនួន៤ អាគារ ហើយមានទំហំដី១.៥ ហិចតា សម្រាប់គម្រោងអភិវឌ្ឍន៍ទី១។ អាគារនីមួយៗមាន៣៦ជាន់ ដែលមានផ្នែកលំនៅដ្នាន១, ១៩០ បន្ទប់។ តម្លៃបន្ទប់ខុនដូមានចាប់ពី៧0,000 ដុល្លារអាមេរិក។
លោក Adrel Poh នាយកផ្នែកលក់ និងទីផ្សាររបស់Leedon Heights បានមានប្រសាសន៍ថា គោលបំណងរបស់យើង គឺការបង្កើតឱកាសដ៏ល្អ សំរាប់អ្នកធ្វើការវ័យក្មេង និងគ្រួសារ ដែលចង់ក្លាយជាម្ចាស់ផ្ទះ។ CBRE Cambodia ស្វែងយល់ អំពីគម្រោងដែលពួកយើងចង់បង្កើតអ្វី ដែលថ្មីក្នុងទីក្រុងភ្នំពេញ ហើយការបង្ហាញពីឆន្ទៈរបស់ពួកគេក្នុងការចូលរួមជាមួយគម្រោងរបស់យើងនេះ បានបង្កើនការទុកចិត្តរបស់ Leedon Heights ក្នុងការសម្រេចិត្តជ្រើសយក CBRE Cambodia ជាដៃគូរអាជីវកម្មដ៏សាកសម ដើម្បីធានានូវគម្រោងរបស់ពួកយើងទទួលបានជោគជ័យ៕