ដោយ វុត្ថា
ភ្នំពេញៈ អភិបាលខេត្តកោះកុង លោកជំទាវភូថង មិថុនាបានឱ្យដឹងថា គម្រោងព្រលានយន្តហោះនៃអាកាសយានដ្ឋានអន្តរជាតិ តារាសាគរក្នុងខេត្តកោះកុង គឺជាផ្នែកមួយ នៃគម្រោងអភិវឌ្ឍន៍តំបន់វិស្សមកាលទេសចរណ៍ តារាសាគរតម្លៃរាប់ពាន់លានដុល្លារអាមេរិករបស់ក្រុមហ៊ុនចិន គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងដើមឆ្នាំ២០២១ ខាងមុខនេះ។

លោកជំទាបានថ្លែងនៅក្នុងសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកោះកុង»នាថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០កន្លងមកបានឱ្យដឹងថា តាមគម្រោងការសាងសង់ព្រលានយន្តហោះ អន្តរជាតិតារាសាគរនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២០នេះ តែដោយសារមានការបញ្ហានៃជំំងឺកូវី១៩ បានធ្វើឱ្យមានស្ថានភាពយឺតយ៉ាងបន្តិច ប៉ុន្តែអាចនឹងបញ្ចប់នៅដើមឆ្នាំ ២០២១ ។
លោកស្រីបញ្ជាក់ថា “រហូតមដល់ពេលនេះ ការសាងសង់ព្រលានយន្តហោះតារាសាគរ សម្រេចបានប្រមាណ៥០ ទៅ៦០ភាគរយ ហើយអាចនឹងញ្ចប់នៅក្នុងដើមឆ្នាំ ២០២១ ខណៈខាងក្រុមហ៊ុនកំពុងមមាញឹកក្នុងការសាងសង់ឱ្យចប់តាមផែនការ” ។
ឆ្លើយតបនឹងការរិះគន់ ជុំវិញការសាងសង់ព្រលានយន្តហោះតារាសាគរនេះ សម្រាប់បំរើដល់វិស័យយោធានោះ ត្រូវបានលោកស្រីមិថុនា ភូថងបដិសេធទាំស្រុង ដោយបានលើកឡើងថា ព្រលានយន្តហោះនេះ គឺសម្រាប់បំរើដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម ដឹកជញ្ជូន និងវិនិយោគតែប៉ុណ្ណោះ។
លោកស្រីភូថង មិថុនាបានថ្លែងថា “ការចោទប្រកាន់ថា ការសាងសង់ព្រលានយន្តហោះតារាសាគរនេះ បំរើដល់វិស័យយោធាគឺមិនពិតនោះទេ ព្រោះតំបន់នោះ ត្រូវបានបង្កើតជាតំបន់វិស្សមកាល ទេសចរណ៍ សម្រាប់ដើរកម្សាន្ត” ។ លោកស្រីបន្ថែមថា “សម្រាប់តំបន់យោធា គឺជាតំបន់ដែលត្រូវហាមឃាត់ និងសន្តិសុខសម្រាប់ជាតិ ដែលមិនអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍ចូលទៅនោះទេ” ។

ក្រុមហ៊ុន UNION Development បានស្រេចបោះទុនវិនិយោគសរុបចំនួន២០០លានដុល្លារសាងសង់ព្រលានយន្តហោះនេះ រួមមានការស្ថាបនាផ្លូវសម្រាប់យន្តហោះរត់ ដែលមានប្រវែងបណ្តោយ៣២០០ម៉ែត្រ និងទទឹង៦០ម៉ែត្រ និងស្ថានីយ៍អ្នកដំណើរ ហើយក្រោយការសាងសង់រួច អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងអនុញ្ញាតឲ្យយន្តហោះធុនយក្ស ប្រភេទប៊ូអីង៧៧៧ និងអ៊ែរបើស A៣៤០ ចុះចតបាន៕







