រដ្ឋាភិបាល​ចំណាយ​ប្រា​ក់ជាង ៤៥១ពាន់​លាន​រៀល​សំរាប់​កម្មវិធី​សាច់ប្រាក់​ពលកម្ម

ចែករំលែក

ដោយៈ រ៉ា​ណេ​ត

កំពង់ធំៈ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចាប់ផ្តើម​អនុវត្ត​នូវ និង​ប្រើប្រាស់​កម្មវិធី​សាច់ប្រាក់​ពលកម្ម ក្រោម​ក្របខ័ណ្ឌ​គម្រោង​សាច់ប្រាក់​ពលកម្ម​សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ និង​ការគាំទ្រ​កសិករ​ជំហាន​ទី២ សម្រាប់​ឆ្នាំ ២០២០-២០២២ នូវ​សាច់ប្រាក់​ចំនួន៤៥១ពាន់​លាន​រៀល។

លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានប្រកាស​ចាប់ផ្តើម​អនុវត្តន៍​គម្រោង​សាច់ប្រាក់ ពលកម្ម​ជំហាន​ទី១ជា​ជំហាន​ទី២ សម្រាប់​ឆ្នាំ២០២០-២០២២ ជាមួយនឹង​ខ្ទង់ចំណាយ​រហូតដល់៤៥១ពាន់​លាន​រៀល ទៅលើ​តាម​បណ្តា​ខេត្ត​ស្រុក គោលដៅសំខាន់។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ឱ្យដឹងថា គម្រោង​សាច់ប្រាក់​ពលកម្ម​ជំហាន​ទី១ ត្រូវបាន​អនុវត្ត​រយៈពេល៣ឆ្នាំ ចាប់ពី​ឆ្នាំ២០១៧ ដល់​ឆ្នាំ២០១៩ ដោយបាន​ចំណាយ​ថវិកា​សរុប ចំនួន២១៥.៤ប៊ី​លាន​រៀល និង​មាន​វិសាលភាព លើ​ខេត្ត​គោលដៅ​ចំនួន១២រួមមាន៖ ខេត្តកំពង់ឆ្នាំង, កំពង់ធំ, កំពង់ស្ពឺ, តាកែវ, បាត់ដំបង, ពោធិ៍សាត់, ព្រៃវែង, សៀមរាប, ស្វាយរៀង ឧ​ត្ត​រ​មានជ័យ កណ្តាល និង​បន្ទាយមានជ័យ។

លោក​បាន​ថ្លែងថា លើ​មូលដ្ឋាន​នៃ​សមិទ្ធផល​ជោគជ័យ ក្នុង​ជំហាន​ទី១ កាលពីដើម​ខែមីនា ឆ្នាំ២០២០ រាជរដ្ឋាភិបាល​បានសម្រេច​ដាក់​ឲ្យ​អនុវត្ត «គម្រោង​សាច់ប្រាក់​ពលកម្ម ជំហាន២ សម្រាប់​ឆ្នាំ២០២០ ដល់២០២២» ដោយ​បន្ថែម​ការងារ​ស្តារ និង​អភិរក្ស​ធនធានធម្មជាតិ រួមមាន៖ បឹងបួរ អាង​ស្តុក​ទឹក និង​ស្រះ​ស្រោចស្រព​ដំណាំ​កសិកម្ម ព្រមទាំង​ពង្រីក​វិសាលភាព​គ្រប់​ដណ្តប់​លើ​ខេត្ត សរុប​ចំនួន១៨ក្នុងនោះ ខេត្ត​ជា​គោលដៅ​នៃ​គម្រោង​ជំហាន​ទី១ ទាំង១២ ខេត្ត និង​ពង្រីក​បន្ថែម​ខេត្ត​ថ្មី ចំនួន៦ទៀត រួមមាន៖ ខេត្តព្រះវិហារ ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង កំពង់ចាម និង​ខេត្តកំពត ព្រមទាំង​បានគ្រោង​ថវិកា​សរុប​ចំនួន៤៥១ពាន់​លាន​រៀល សម្រាប់​រយៈពេល៣ឆ្នាំ ក្នុងនោះ​ឆ្នាំ២០២០គ្រោង ថវិកា​ចំនួន១៥០ពាន់​លាន​រៀល។

កាល​ពេលថ្មីៗនេះ​រាជរដ្ឋាភិបាល ក៏បាន​សម្រេច​ប្រកាស​ឲ្យ​អនុវត្ត​វិធានការ​ជុំ​ទី៤ ដើម្បី​បន្ត​គ្រប់គ្រង​ផលប៉ះពាល់ លើ​វិស័យសំខាន់ៗ នៃ​សេដ្ឋកិច្ចជាតិ នៅក្នុង​បរិការណ៍​វិបត្តិ និង​ការស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្រោយពី​វិបត្តិ​នៃ​ជំងឺ Covid-19 ដោយ​ក្នុង​វិធានការ​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានសម្រេច​បង្កើន ថវិកា​សម្រាប់​អនុវត្ត​គម្រោង​សាច់ប្រាក់ ពលកម្ម​ក្នុង​ឆ្នាំ២០២០នេះ​ពី១៥០ពាន់​លាន​រៀល ឱ្យដល់៤១០ពាន់​លាន​រៀល។

តាម​ផែនការ​ថ្មី​នេះ ក្នុង​ឆ្នាំ២០២០ គម្រោង​នេះ មាន​សមត្ថភាព​ស្រូប យក​ពលកម្ម​ដែល​បាត់បង់​រយៈពេល​ខ្លី​បាន​ចំនួន៨៩០,០០០នាក់, កសាង​ផ្លូវលំ បាន​ចំនួន២,២៥៥គីឡូម៉ែត្រ, ប្រឡាយ​ជើង​ក្អែប​បាន​ចំនួន២,៣៨៤គីឡូម៉ែត្រ និង​ភ្ជាប់​បណ្តាញ​អគ្គិសនី ដល់​ស្ថានីយ​បូមទឹក​កសិកម្ម បាន​ចំនួន៤។ ប្រជាជន​ទទួលផល ពី​ហេ​ដ្ឋា​រចនា- សម្ព័ន្ធ​ទាំងនេះ មាន​ចំនួន ៩៥៧,០០០គ្រួសារ ។

គម្រោង​សាច់ប្រាក់​ពលកម្ម សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ និង​ការគាំទ្រ​កសិករ មាន​គោលដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ, លើកកម្ពស់​ជីវភាព និង​សុខមាលភាព​រស់នៅ​រប​ស់​ប្រជាជន​ជនបទ និង​ប្រជាកសិករ​ក្រីក្រ ដែល​ត្រូវធ្វើឡើង​តាមរយៈ ទី១៖ ការបង្កើត​ឱកាស​ការងារ​រយៈពេល​ខ្លី តាម​កម្មវិធី​សាច់ប្រាក់​ពលកម្ម ដែល​នឹង​ជួយ​ដោះស្រាយ​ជីវភាព បន្ទាន់​ក្នុង​រយៈពេល​ខ្លី​ផង ក៏ដូចជា​បង្កើតជា​ទុន សម្រាប់​ការវិនិយោគ​បន្ត​លើ​របរ​កសិកម្ម ឬ​មុខរបរ​សមស្រប​ដ៏ទៃទៀត​ផងដែរ។ ទី២ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កសិកម្ម និង​ជនបទ ដែល​រួមមាន៖ ផ្លូវលំ ប្រឡាយ​ជើង​ក្អែប​សម្រាប់​បង្ហូរ ទឹក ចូលក្នុង​ស្រែ, និង​ការតភ្ជាប់​បណ្តាញ​អគ្គិសនី​តម្លៃ​ទាប ឲ្យ​ដល់​ស្ថានីយ៍​បូមទឹក​កសិកម្ម៕


ចែករំលែក

LEAVE A REPLY

Please enter your comment!
Please enter your name here