ដោយៈ រ៉ាណេត
កំពង់ធំៈ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាប់ផ្តើមអនុវត្តនូវ និងប្រើប្រាស់កម្មវិធីសាច់ប្រាក់ពលកម្ម ក្រោមក្របខ័ណ្ឌគម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករជំហានទី២ សម្រាប់ឆ្នាំ ២០២០-២០២២ នូវសាច់ប្រាក់ចំនួន៤៥១ពាន់លានរៀល។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានប្រកាសចាប់ផ្តើមអនុវត្តន៍គម្រោងសាច់ប្រាក់ ពលកម្មជំហានទី១ជាជំហានទី២ សម្រាប់ឆ្នាំ២០២០-២០២២ ជាមួយនឹងខ្ទង់ចំណាយរហូតដល់៤៥១ពាន់លានរៀល ទៅលើតាមបណ្តាខេត្តស្រុក គោលដៅសំខាន់។
លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឱ្យដឹងថា គម្រោងសាច់ប្រាក់ពលកម្មជំហានទី១ ត្រូវបានអនុវត្តរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ដោយបានចំណាយថវិកាសរុប ចំនួន២១៥.៤ប៊ីលានរៀល និងមានវិសាលភាព លើខេត្តគោលដៅចំនួន១២រួមមាន៖ ខេត្តកំពង់ឆ្នាំង, កំពង់ធំ, កំពង់ស្ពឺ, តាកែវ, បាត់ដំបង, ពោធិ៍សាត់, ព្រៃវែង, សៀមរាប, ស្វាយរៀង ឧត្តរមានជ័យ កណ្តាល និងបន្ទាយមានជ័យ។
លោកបានថ្លែងថា លើមូលដ្ឋាននៃសមិទ្ធផលជោគជ័យ ក្នុងជំហានទី១ កាលពីដើមខែមីនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានសម្រេចដាក់ឲ្យអនុវត្ត «គម្រោងសាច់ប្រាក់ពលកម្ម ជំហាន២ សម្រាប់ឆ្នាំ២០២០ ដល់២០២២» ដោយបន្ថែមការងារស្តារ និងអភិរក្សធនធានធម្មជាតិ រួមមាន៖ បឹងបួរ អាងស្តុកទឹក និងស្រះស្រោចស្រពដំណាំកសិកម្ម ព្រមទាំងពង្រីកវិសាលភាពគ្រប់ដណ្តប់លើខេត្ត សរុបចំនួន១៨ក្នុងនោះ ខេត្តជាគោលដៅនៃគម្រោងជំហានទី១ ទាំង១២ ខេត្ត និងពង្រីកបន្ថែមខេត្តថ្មី ចំនួន៦ទៀត រួមមាន៖ ខេត្តព្រះវិហារ ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង កំពង់ចាម និងខេត្តកំពត ព្រមទាំងបានគ្រោងថវិកាសរុបចំនួន៤៥១ពាន់លានរៀល សម្រាប់រយៈពេល៣ឆ្នាំ ក្នុងនោះឆ្នាំ២០២០គ្រោង ថវិកាចំនួន១៥០ពាន់លានរៀល។
កាលពេលថ្មីៗនេះរាជរដ្ឋាភិបាល ក៏បានសម្រេចប្រកាសឲ្យអនុវត្តវិធានការជុំទី៤ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ចជាតិ នៅក្នុងបរិការណ៍វិបត្តិ និងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺ Covid-19 ដោយក្នុងវិធានការនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចបង្កើន ថវិកាសម្រាប់អនុវត្តគម្រោងសាច់ប្រាក់ ពលកម្មក្នុងឆ្នាំ២០២០នេះពី១៥០ពាន់លានរៀល ឱ្យដល់៤១០ពាន់លានរៀល។

តាមផែនការថ្មីនេះ ក្នុងឆ្នាំ២០២០ គម្រោងនេះ មានសមត្ថភាពស្រូប យកពលកម្មដែលបាត់បង់រយៈពេលខ្លីបានចំនួន៨៩០,០០០នាក់, កសាងផ្លូវលំ បានចំនួន២,២៥៥គីឡូម៉ែត្រ, ប្រឡាយជើងក្អែបបានចំនួន២,៣៨៤គីឡូម៉ែត្រ និងភ្ជាប់បណ្តាញអគ្គិសនី ដល់ស្ថានីយបូមទឹកកសិកម្ម បានចំនួន៤។ ប្រជាជនទទួលផល ពីហេដ្ឋារចនា- សម្ព័ន្ធទាំងនេះ មានចំនួន ៩៥៧,០០០គ្រួសារ ។

គម្រោងសាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ មានគោលដៅចូលរួមកាត់បន្ថយភាពក្រីក្រ, លើកកម្ពស់ជីវភាព និងសុខមាលភាពរស់នៅរបស់ប្រជាជនជនបទ និងប្រជាកសិករក្រីក្រ ដែលត្រូវធ្វើឡើងតាមរយៈ ទី១៖ ការបង្កើតឱកាសការងាររយៈពេលខ្លី តាមកម្មវិធីសាច់ប្រាក់ពលកម្ម ដែលនឹងជួយដោះស្រាយជីវភាព បន្ទាន់ក្នុងរយៈពេលខ្លីផង ក៏ដូចជាបង្កើតជាទុន សម្រាប់ការវិនិយោគបន្តលើរបរកសិកម្ម ឬមុខរបរសមស្របដ៏ទៃទៀតផងដែរ។ ទី២ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងជនបទ ដែលរួមមាន៖ ផ្លូវលំ ប្រឡាយជើងក្អែបសម្រាប់បង្ហូរ ទឹក ចូលក្នុងស្រែ, និងការតភ្ជាប់បណ្តាញអគ្គិសនីតម្លៃទាប ឲ្យដល់ស្ថានីយ៍បូមទឹកកសិកម្ម៕






