ដោយ ហ្សូលី
ភ្នំពេញ៖ បច្ចុប្បន្ន ប្រទេសកម្ពុជាមានភាពរីករាយដោយសារជំងឺ Covid-19 ក្នុងប្រទេសបានឈានចូលដល់សភាពធូរស្រាល មិនធ្ងន់ធ្ងរ ដែលជាហេតុឱ្យវិស័យគ្រប់ប្រភេទនៅក្នុងប្រទេសបានត្រឡប់មករកសភាពដើមឡើងវិញ។ ក្នុងនោះវិស័យអចលនទ្រព្យធ្លាប់ជួបប្រទះភាពជាប់គាំងនោះ ក៏ត្រូវចាប់ផ្តើមមានដំណើរការស្វែងរកវិធីសាស្រ្តយ៉ាងណាឱ្យទីផ្សារអចលនវត្ថុទៅដល់ដៃគោលដៅអតិថិជន។

-->
ជាក់ស្តែងទាំងក្រុមហ៊ុនអចលនទ្រព្យក្តី ឬភ្នាក់ងារលក់អចលនទ្រព្យក្តី សុទ្ធតែមានគន្លឹះនៃការស្វែងរកទីផ្សាររៀងៗខ្លួន ប៉ុន្តែដើម្បីកាន់តែជោគជ័យ ចាំបាច់ត្រូវអភិវឌ្ឍចំណេះដឹងបន្ថែមឱ្យបានច្រើន។ ក្រៅពីថតវីដេអូ ថតរូប បញ្ជូនផលិតផលទៅដល់ដៃអតិថិជននោះ អ្នកលក់ត្រូវស្វែងរកប្រព័ន្ធផ្សព្វផ្សាយបន្ថែមដែលអាចនាំឱ្យការផ្សាយលិតផលមានភាពទូលំទូលាយបន្ថែមទៀត។ ថ្វីត្បិតតែចំណាយប្រាក់កាសលើការផ្សព្វផ្សាយច្រើន ប៉ុន្តែលទ្ធផលត្រឡប់មកនោះគឺពិតជាទទួលបានទ្វេរដង។ អត្ថប្រយោជន៍មានដូចជា អតិថិជនស្គាល់ច្រើន និងបង្កើនកេរ្តិ៍ឈ្មោះឱ្យមានវិជ្ជាជីវៈត្រឹមត្រូវផងដែរ។
លោក ម៉ន សុខា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ UTRUST បានមានប្រសាសន៍ថា តាមពិតការផ្សព្វផ្សាយមានច្រើនដូចជា ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងទំនាក់ទំនងផ្សេងៗទៀត។ អញ្ចឹងសកម្មភាពដែលត្រូវធ្វើគឺត្រូវធ្វើសកម្មភាពប្រូម៉ូតផ្សព្វផ្សាយ តាមរយៈការថតវីដេអូឬក៏រូបភាពជាសន្លឹកៗ ដើម្បីផ្សព្វផ្សាយបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្នគម្រោងអភិវឌ្ឍដល់ណា ច្បាស់លាស់កម្រិតណា។
យោងតាមគេហទំព័រចែករំលែកការលក់អចលនទ្រព្យមួយបានឱ្យដឹងថា អតិថិជនហាក់បីដូចជាមានការធុញទ្រាន់នឹងការផ្ញើសារសួរ តេទូរសព្ទញឹកញាប់ ព្រោះនេះជាការរំខានមួយដែលអតិថិជនតែងរអ៊ូរទាំ។ ប៉ុន្តែពួកគេងាកត្រឡប់មកអានអត្ថបទបែបផ្សព្វផ្សាយ ដោយសារតែមានព័ត៌មានលម្អិត ភ្ជាប់ជាមួយរូបភាពនិងវីដេអូរួចស្រាប់។ កត្តានេះអាចបណ្តារចិត្តអតិថិជនមានសក្តានុពលទិញនិងចាប់អារម្មណ៍ទៅលើក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនោះ។

គន្លឹះចំបងបន្ថែម ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនិងភ្នាក់ងារលក់អចលនទ្រព្យត្រូវស្វែងយល់ថា តើអតិថិជនចង់បានអ្វី? តម្រូវការមានដូចម្តេចខ្លះ? ថ្វីត្បិតតែវិស័យអចលនទ្រព្យនៅតែមានចរន្តក្តី ប៉ុន្តែអតិថិជននៅតែស្វែងរកនិងទាមទារការផ្តល់ជូនពិសេសពីក្រុមហ៊ុនអភិវឌ្ឍដដែល។ អ្នកជំនាញអចលនទ្រព្យ លោកស្រី តាំង ហ៊ួរ មានប្រសាសន៍ថា ម្ចាស់គម្រោងអចលនទ្រព្យនានា គួរណាតែមានការបញ្ចុះតម្លៃ ឬផ្តល់ជាតម្លៃពិសេសឱ្យអតិថិជន និងត្រូវសម្រួលដល់ការបង់ប្រាក់ ធ្វើយ៉ាងណាឱ្យមានភាពងាយស្រួល មានន័យថា ម្ចាស់អចលនវត្ថុអនុញ្ញាតឱ្យអតិថិជនបង់តិច តែរយៈពេលយូរនោះច្បាស់ជាមានទីផ្សារវិញជាមិនខាន។
ដូច្នេះភ្នាក់ងារលក់អចលនទ្រព្យគប្បីចេះស៊ើបសួរពីគម្រោងទីតាំងមានសក្តានុពល តម្លៃថោកសមរម្យ ឬលក្ខខណ្ឌបង់ប្រាក់គ្មានភាពស្មុគស្មាញដល់អតិថិជននោះទើបអាចនាំឱ្យទីផ្សារនៃការលក់អចលនទ្រព្យមានភាពកាន់តែរលូនស្រួល។ ដូចប្រសាសន៍របស់លោកអគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Show Up Real Estate ថា ក្នុងនាមជាអ្នកលក់អចលនទ្រព្យត្រូវចេះសិក្សាបន្ថែម ដើម្បីអភិវឌ្ឍន៍អាជីព។ ពិសេសត្រូវមានភាពអត់ធ្មត់ ពូកែទំនាក់ទំនង និងស៊ើបសួរលក់តែគម្រោងល្អៗច្បាស់លាស់ មានការទទួលស្គាល់ ៕
