ដោយ វុត្ថា
ព្រះសីហនុៈ វិនិយោគិនចិន និងជនជាតិចិន ដែលធ្លាប់បំពេញការងារលើជំនាញរៀងៗខ្លួន នៅក្នុងខេត្តព្រះសីហនុ បានវិលត្រឡប់មកកាន់ខេត្តព្រះសីហនុជាបណ្តើរៗវិញហើយ ដោយមានជើងហោះហើរត្រង់ពីប្រទេសចិនចំនួន៤ជើង ដែលធ្វើឡើងរៀងរាល់ថ្ងៃពុធ និងថ្ងៃសៅរិ៍ក្នុងមួយសប្តាហ៍។

-->
លោកនងឌី ណារ៉ា ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ នៃទីចាត់ការពិធីការ និងកិច្ចសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងនៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០កន្លងមកបានឲ្យដឹងថា ដើមឆមាសទី២នេះអ្នកវិនិយោគទុនចិន រួមទាំងអ្នកប្រកបការងារជាជនជាតិចិន បានវិលត្រលប់ចូលមកខេត្តព្រះសីហនុជាបណ្តើរៗហើយ គឺហោះត្រង់ពីប្រទេសចិន មកខេត្តព្រះសីហនុ មួយសប្តាហ៍៣ ទៅ៤លើក ដែលតាមការប៉ាន់ស្មានផ្ទុកអ្នដំណើរប្រមាណ៣០០ ទៅ៤០០នាក់ និងមានការត្រួតពិនិត្យសុខភាពយ៉ាងម៉ត់ចត់ពីមន្ត្រីសុខាភិបាលខេត្ត។
លោកមានជំនឿថា “សណ្ឋាគារ ភោជនីដ្ឋាន អ្នកលក់បន្លែ ត្រី សាច់ មធ្យោបាយដឹកជញ្ជូនបានចំណូលឡើងវិញ និយាយរួមគ្រប់យ៉ាងមានចលនារស់រវើក ធ្វើអោយសេដ្ឋកិច្ចប្រជាពលរដ្ឋបានប្រសើរឡើង” ។
ចំពោះវិធានការនៃការឆ្លងជំងឺ Covid-19 វិញ លោកនងឌី ណារ៉ាបានថ្លែងថា គោរពតាមបទដ្ឋានបច្ចេកទេសក្រសួងសុខាភិបាល រាល់ជនជាតិចិនឬជនបរទេសទាំងឡាយណា ដែលធ្វើដំណើរពីក្រៅប្រទេស មកកាន់ប្រទេសកម្ពុជា ក៏ដូចជាខេត្តព្រះសីហនុ តម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃនៅក្នុងទីតាំង ដែលកំណត់ដោយរដ្ឋបាលខេត្ត។
លោកបន្តថា “ជាជំហ៊ានដំបូង យើងយកសំណាករបស់ពួកគាត់ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ យ៉ាងហោចណាស់ត្រូវប្រើពេល៨ម៉ោង ទៅ២ថ្ងៃ ទើបលទ្ធផលចេញជាជំហ៊ានដំបូង” ។ លោកបន្តថា “នៅពេលយើងពិនិត្យទៅឃើញ មានវិជ្ជមានមួយរូបណាមួយ អ្នករួមដំណើរទាំងអស់ ត្រូវដាក់នៅក្នុងទីតាំងមួយដែលគេកំណត់ ហើយត្រូវព្យាបាលអ្នកដែលមានវិជ្ជមានហ្នឹងទាល់តែជា ហើយអ្នកផ្សេងទៀត ត្រូវពិនិត្យសុខភាពជាប្រចាំ រហូតដល់អ្នកជំនាញសុខាភិបាលថា មានស្ថានភាពប្រសើរទើបឱ្យពួកគេចេញ” ។

លោកបន្ថែមថា “ ប៉ុន្តែនៅពេលដែលពិនិត្យទទួលបានលទ្ធផល មិនមានវិជ្ជមានទេ យើងនឹងអនុញ្ញាតឱ្យគាត់ចេញ តែមិនអោយប្រាស្រ័យទាក់ទង ជាមួយអ្នកផ្សេងក្នុងរយៈពេល១៤ ថ្ងៃគិតចាប់ពីថ្ងៃដែលគាត់ពិនិត្យជាលើកទី១ ហើយគាត់ត្រូវមកពិនិត្យសុខភាពតាមការកំណត់របស់ពេទ្យជាបន្តទៀត ហើយបន្ទាប់ពីពិនិត្យអត់ឃើញមានវិជ្ជមានក្នុងរយៈពេល១៤ថ្ងៃ គាត់អាចដើរហើរ ប្រាស្រ័យទាក់ទង និងធ្វើការដូចមនុស្សទូទៅបានផងដែរ” ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ថា វត្តមានជនជាតិចិន ដែលវិលត្រឡប់មកកាន់ខេត្តព្រះសីហនុនៅពេលនេះ វាបង្ហាញពីជាសញ្ញាល្អមួយ ទាំងក្នុងវិស័យទេសចរណ៍ ក៏ដូចជាវិស័យពាណិជ្ជកម្ម និងការការវិនិយោគ។

លោកបានបញ្ជាក់ទៀតថា “ថ្វីត្បិតតែជាសញ្ញាល្អ ប៉ុន្តែសម្រាប់ភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ ទោះជាមានកំណើនវត្តមានជនជាតិចិន នៅក្នុងខេត្តព្រះសីហនុនៅពេលនេះ ហាក់មិនទាន់ជំរុញឱ្យទីផ្សារអចលនទ្រព្យ នៅក្នុងខេត្តមានភាពសកម្មដូចមុនភ្លាមៗនោះទេ ដែលវាត្រូវការពេលវេលាបន្តិចទៀត” ។
លោកវ៉ា វីរៈបានបន្តថា អ្វីដែលជាកម្លាំងសំខាន់ ក្នុងការជំរុញឱ្យខេត្តព្រះសីហនុមានភាពរស់រវើកឡើងវិញ គឺតាមរយៈសកម្មភាពទេសចរណ៍ក្នុងស្រុក ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធទូទាំងខេត្ត ជាពិសេសបង្កើនផលិតផលទេសចរណ៍ធម្មជាតិនៅតំបន់ឆ្នេរ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា “សំណង់នៅទូទាំងខេត្តព្រះសីហនុ គឺបាន និងកំពុងធ្វើការអភិវឌ្ឍ ប៉ុន្តែត្រូវទទួលរងនូវផលប៉ះពាល់ តាំងពីអំឡុងបុណ្យចូលឆ្នាំចិន ហើយរួមផ្សំជាមួយការបិតហ្គេមអនឡាយ ជាពិសេសវិបត្តិនៃជំងឺ Covid-19 ដែលធ្វើឱ្យវិស័យមួយនេះកាន់តែប៉ះពាល់ធ្ងន់ធ្ងរ។

លោកបន្តថា “ស្ថិតនៅក្នុងស្ថានភាពបែបនេះ គ្រប់គម្រោងសំណង់ទាំងអស់គឺគេគ្រាន់តែផ្អាកជាបណ្តោះអាសន្ន នៅក្នុងដំណាក់កាលមួយតែប៉ុណ្ណោះ ដោយសារតែការគោរព ទៅតាមការណែនាំរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការីករាលដាលនៃជំងឺឆ្លង ហើយម្យ៉ាងទៀត ក៏មានភាពលំបាកក្នុងការរកកម្លាំងកម្មករជំនាញផងដែរ” ។
ជាមួយគ្នានេះលោកក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ប្រសិនបើលទ្ធភាពក្នុងការទប់ស្កាត់ និងឈានទៅរកការលុបបំបាត់ នៃការរីករាលដាលនៃជំងឺឆ្លង Covid-19 នៅក្នុងបណ្តាប្រទេសនានាក្នុងតំបន់ ជាពិសេសប្រទេសចិន វិស័យអចលនទ្រព្យ ក៏ដូចជាវិស័យមួយចំនួនទៀតនៅកម្ពុជា នឹងកាន់តែល្អប្រសើរជាងនេះ៕