អ្នកជំនាៈ ដីនៅក្នុងក្រុង និងនៅតាមផ្លូវក្រវ៉ាត់ក្រុងនៅតែមានតម្រូវការខ្ពស់

0

ដោយវុត្ថា

ភ្នំពេញៈ ដីនៅក្នុងក្រុង និងនៅតាមផ្លូវក្រវ៉ាត់ក្រុង នៅតែមានតម្រូវការខ្ពស់សម្រាប់អ្នកអភិវឌ្ឍន៍លើវិស័យអចលនវត្ថុ ដែលភាគច្រើនជាតម្រូវការរបស់ អ្នកអភិវឌ្ឍន៍នៅក្នុងស្រុក និងជនបរទេសដែលកំពុងស្នាក់នៅនៅក្នុងប្រទេសកម្ពុជា។

លោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុន Amatak Property Service បានប្រាប់គេហទំព័រPropertyarea.asia នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ មានអតិថិជនដែលជាអ្នកអភិវឌ្ឍន៍ជាជនខ្មែរ និងបរទេ សបានស្វែងរកទិញដីជាបន្តបន្ទាប់នៅក្នុងក្រុង និងនៅតាមផ្លូវក្រវ៉ាត់ក្រុងក្នុងទំហំធំៗ។

លោកស្រីបន្តថា “អ្នកអភិវឌ្ឍន៍ភាគច្រើនរកទិញដី នៅក្នុងទីក្រុងសម្រាប់អភិវឌ្ឍន៍ជាខុនដូ បន្ទាប់ពីគម្រោងចាស់របស់គាត់”។លោកស្រីបន្តថា “គាត់(អ្នកវិនិយោគ)នៅតែសាងសង់បន្ត បើទោះបីក្នុងស្ថានភាពរៀងយឺតបន្តិច ដោយពួកគាត់នៅតែមើលឃើញទីផ្សារនៅតែល្អ។ ម្យ៉ាងទៀត គាត់ទិញដីក្នុងកាលៈទេសៈ គឺទទួលបានតតម្លៃសមរម្យ”។

លោកស្រីតាំង ហួរបានបន្ថែម អ្នកអភិវឌ្ឍន៍ខ្លះទៀតរកទិញដីនៅតាមផ្លូវក្រវ៉ាត់ក្រុងក្នុងទំហំធំៗ សម្រាប់ធ្វើការវិនិយោគបន្ត ខណៈដែលស្ថានភាពនៅក្នុងប្រទេសកាន់​តែមានភាពល្អប្រសើរបណ្តើរ។

លោកស្រីបន្ថែមថា “ខ្ញុំមើលឃើញថា ស្ថានភាពទីផ្សារដីធ្លីនៅក្នុងប្រទេសនៅតែមានសញ្ញាល្អ ដោយកន្លងមកនេះ មានភ្ញៀវក្នុងស្រុក និងភ្ញៀវបរទេសដែលស្នាក់នៅក្នុងប្ររទេសបានទាក់ទងខ្ញុំរកទីដីជាច្រើនកន្លែង”។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Advance Property លោក ឡុង គីមសួគ៌ បានឱ្យដឹងដែរថា ទីផ្សារដីធ្លីនៅកម្ពុជា គឺនៅតែមានតម្រូវការ ហើយក៏មានអ្នកវិនិយោគ និងអភិវឌ្ឍន៍នៅក្នុងវិស័យមួយនេះច្រើនណាស់ដែរ ដោយសារតែគេសម្លឹងឃើញពីឱកាសចំណេញច្រើន។

លោកបន្តថា “តម្រូវការដីធ្លីនៅតែមាន សម្រាប់អ្នកអភិវឌ្ឍន៍ទាំនៅក្នុងក្រុង និងជាយក្រុង ហើយសម្រាប់អ្នកដែលមានធនធានគ្រប់គ្រាន់ អាចធ្វើការវិនិយោគ ដោយមិនមានក្ដីបារម្ភពីការកប់ទុកសាច់ប្រាក់ដោយទេ ប៉ុន្តែសម្រាប់អ្នកដែលមានធនធានមធ្យម ឬមានចំណែកនៃចំណុលធនាគារ ដើម្បីបង្កើនទុនវិនិយោគគឺជាកត្តាមួយ ដែលមានអត្រាប្រឈមខ្ពស់”។

នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា ធ្លាប់បានប្រាប់គេហទំព័រ propertyarea.asia កន្លងមកថា នៅក្នុងឆ្នាំ២០២០ សម្រាប់វិស័យអចលនទ្រព្យ នៅក្នុងផ្នែកមួយចំនួនជួបសភាពទ្រឹង ឬអាចឱនភាព ដែលវាអាស្រ័យទៅតាមតំបន់ផ្សេងគ្នា។

លោកស្រីបន្តទៀតថា “ឆ្នាំ២០២០ មានផ្នែកមួយចំនួននៅតែរក្សាភាពល្អប្រសើរ ដូចជា វិស័យលំនៅដ្ឋាន វិស័យសំណង់ (បន្សល់ពីឆ្នាំចាស់) និងតម្រូវការទីតាំងជួលសម្រាប់ការិយាល័យដែលនឹងមានតម្រូវការខ្ពស់។ ដោយឡែកសម្រាប់ វិស័យដីធ្លីនៅតំបន់មួយចំនួនជួបសភាពទ្រឹង ឬធ្លាក់ចុះតម្លៃ ដែលអាស្រ័យទៅតាមតំបន់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here