តំបន់រាម នឹងក្លាយជាទីក្រុងដ៏ឆើយឆាយ ជាមួយគម្រោងអភិវឌ្ឍន៍ធំៗចំនួន២ ក្នុងតម្លៃជាង ១៧ពាន់លានដុល្លារ

0

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ តំបន់ឆ្នេរសមុទ្ររាម នៃខេត្តព្រះសីហនុ ប្រែក្លាយរូបរាងទៅជាទីក្រុងថ្មីដែលមានភាពទាក់ទាញ ទាន់សម័យ ក្នុងនាមជាទីក្រុងទេសចរណ៍ដ៏អស្ចារ្យនៅក្នុងតំបន់អាស៊ីជាមួយនឹងគម្រោងអភិវឌ្ឍន៍ធំៗចំនួន២ផ្សេងគ្នា ដែលមានទុនវិនិយោគសរុបជាង១៧ពាន់លានដុល្លារ ។

គម្រោងអភិវឌ្ឍន៍ធំៗចំនួន២ ដែលនឹងប្រែក្លាយតំបន់ឆ្នេររាមឱ្យទៅទីក្រុងថ្មីប្រកបដោយភាពទាក់ទាញទាំងការវិនិយោគ និងវិស័យទេសចរណ៍ប្រចាំតំបន់អាស៊ីខាងលើនេះ រួមមានគម្រោងអភិវឌ្ឍន៍ក្រុងរាម CRYSTAL VILLE REAM BEACH ដែលមានទុនវិនិយោគចំនួន១០០០លានដុល្លារ និងគម្រោងអភិវឌ្ឍទីក្រុងរាម និងតំបន់ទេសចរណ៍គំរូពិសិដ្ឋ ដែលមានឈ្មោះថា “តំបន់ទេសចរណ៍ពិសិដ្ឋនាគរាជ” ក្រោមទុនវិនិយោគប្រមាណ១៦ពាន់លានដុល្លារ។

គម្រោងទី១ ៖ CRYSTAL VILLE REAM BEACH ជាគម្រោងអភិវឌ្ឍន៍ក្រុងថ្មី ដោយមានការបែងចែកជាដំណាក់កាលនៃការអភិវឌ្ឍន៍ រួមមានដំណាក់កាលសាងសង់ប្រភេទវីឡាលំហែរកាយចំនួន៣ប្រភេទ សំណង់ខុនដូ សណ្ឋាគារលំដាប់ផ្កាយ៥ អាចទឹក CRYSTAL ដ៏ធំប្រចាំតំបន់អាស៊ី ដែលមានតម្លៃទុនវិនិយោគចំនួន១០០០លានដុល្លារ ក្រោមកិច្ចសហការរវាងក្រុមហ៊ុនមកពីប្រទេសសិង្ហបុរី និងក្រុមហ៊ុន FURI Corporation ។ បច្ចុប្បន្ននេះ គម្រោងនេះបានចាប់ផ្ដើមដំណើរការសាងសង់ក្នុងដំណាក់កាលដំបូង ដោយអភិវឌ្ឍន៍លំនៅដ្ឋានប្រភេទវីឡាលំហែរកាយ។

គម្រោងអភិវឌ្ឍន៍ទីក្រុងរាម CRYSTAL VILLE REAM BEACH ក្នុងដំណាក់ដំបូងនេះ ស្ថិតនៅតំបន់ដែលពោរពេញ ទៅដោយសម្រស់ធម្មជាតោយ៉ាងត្រកាល ដោយនៅពីក្រោយគម្រោងមានជួរភ្នំដ៏ខ្ពស់ និងវែងអន្លាយ នៅពីគម្រោងជាប់ជាមួយនឹងបឹងកោងកាង នៅចំពីមុខគម្រោងជាឆ្នេរសមុទ្រដ៏ស្រស់ស្អាត ភ្ជាប់ជាមួយនឹងមហាវិថីឆ្នេររាម ដែលមានទំហំ៥០ម៉ែត្រ តភ្ជាប់ទៅកាន់ឆ្នេរអូរត្រេះ។

គម្រោងទី២ ៖ គម្រោងអភិវឌ្ឍទីក្រុងរាម និងតំបន់ទេសចរណ៍គំរូពិសិដ្ឋ ដែលមានឈ្មោះថា “តំបន់ទេសចរណ៍ពិសិដ្ឋនាគរាជ” ក្រោមទុនវិនិយោគប្រមាណ១៦ពាន់លានដុល្លារ នៅលើផ្ទៃដី ៨៣៤ហិកតា ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន CANOPY SANDS DEVELOPMENT Co,.Ltd។

គម្រោងមួយនេះ ចែកជាបីជំហាន ជំហានទី១ បញ្ចប់នៅឆ្នាំ២០២៥ ជំហានទី២ បញ្ចប់ឆ្នាំ២០៣៥ និងជំហានទី៣ បញ្ចប់នៅឆ្នាំ២០៤៥ ក្នុងនោះ រួមមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និង សំណង់ផ្សេងៗដូចជាសណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន រមណីយដ្ឋាន អគារស្នាក់នៅសាលប្រជុំ សាលសន្និសិទ អគារស្នាក់នៅរួម មជ្ឈមណ្ឌលពាណិជ្ជកម្ម ហិរញ្ញវត្ថុ មជ្ឈមណ្ឌលកីឡា ក្នុងនោះក៏មានកីឡាវាយកូនគោល និងការរៀបចំឆ្នេរខ្សាច់ស្អាតចំនួន២កន្លែង ដើម្បីប្រើប្រាស់ជាសាធារណៈ ដែលអនុញ្ញាតឱ្យសាធារណៈជនទូទៅចេញចូលប្រើប្រាស់ផងដែរ។

ជាមួយនឹងគម្រោងអភិវឌ្ឍន៍ធំៗចំនួន២ ដែលមានទុនវិនិយោគសរុបរហូតដល់ប្រមាណជាហ១៧ពាន់លានដុល្លារខាងលើនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើសុំឱ្យក្រុមហ៊ុន សិក្សាបានលឿនឆាប់ចប់កាន់តែល្អ ដើម្បីលើកជាប៉ាណូទីតាំងបង្ហាញសាធារណជន និងស្នើឱ្យក្រុមហ៊ុនរៀបចំសិក្ខាសាលាដាក់បង្ហាញប្លង់មេរបស់ខ្លួនដល់គណៈវិស្វករ ដើម្បីប្រមូលធាតុចូល ក៏ដូចជាមតិយោបល់កែលម្អបន្ថែម ធ្វើគម្រោងប្លង់មេនេះកាន់តែល្អឥតខ្ចោះ ក្នុងការអភិវឌ្ឍទីក្រុងទំនើបស៊ីវិល័យ សម្រាប់ប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងមកលេងកម្សាន្តនៅខេត្ដព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here