ដោយៈ រ៉ាណេត
ភ្នំពេញៈ មិនថាទោះជាស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ច ពិភពលោកកំពុងតែប្រឈមនៅពេលបច្ចុប្បន្ននេះនោះទេ តម្រូវការទីផ្សារក្នុងវិស័យលំនៅដ្ឋាននៅតែបន្តមាន និងមិនមានការធ្លាក់ចុះនោះទេ។
នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ថា បច្ចុប្បន្ននេះ អ្នកលក់នៅតែបន្តលក់ ហើយអ្នកទិញក៏នៅតែបន្តការស្វែងរកទិញលំនៅដ្ឋានសម្រាប់ស្នាក់នៅដដែល មិនខុសគ្នាកាលពីឆ្នាំកន្លងទៅនោះទេ ហើយភាគច្រើនគឺនៅតាមតំបន់ជាយក្រុង។
លោកស្រីបានមានប្រសាសន៍ “មូលហេតុដែលលំនៅដ្ឋាន នៅតែមានតម្រូវការដោយសារលំនៅដ្ឋានមួយចំនួនមានការលក់ប្រញាប់ ដូច្នេះហើយអាចមានឱកាសមានតម្លៃសមរម្យច្រើន ឬអាចក្រោមជាងទីផ្សារ” ។ លោកស្រីបន្តថា “វិស័យលំនៅដ្ឋានដែលមានតម្រូវការខ្ពស់ និងមានប្រជាប្រិយភាពជាងគេ គឺប្រភេទលំនៅដ្ឋានសម្រាប់ប្រកបអាជីវកម្ម ដែលក្រៅពីអាចរស់នៅប្រកបដោយសុវត្ថិភាព ថែមទាំងអាចបង្កើតអាជីវកម្មមានយ៉ាងប្រសើរ” ។
លោកស្រីតាំង ហួរបានបន្តថា លំនៅដ្ឋានប្រភេទនេះ មានតម្រូវការច្រើនជាងគេ ដោយសារតែអ្នកទិញ ត្រូវការសម្រាប់យកមកប្រកបអាជីវកម្មផ្សេងៗ ឬក៏ចង់ទិញទុកយកផលចំណេញ នៅពេលក្រោយមានភាពងាយស្រួលលក់។ ម្យ៉ាងវិញទៀត ដោយសារតែអតិថិជន មានបំណងចង់ជាវទុកសម្រាប់ឱ្យកូនក្រែងលោ ត្រូវឡើងពីខេត្តមកសិក្សានៅទីក្រុង ឬក៏គូស្នេហ៍មួយចំនួនដែលទើបរៀបការ ដូច្នេះតម្រូវការមានផ្ទះរស់នៅគឺនៅតែមាន។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Easy Property លោក ម៉ម សិរីបញ្ញា ធ្លាប់បានលើកឡើងពីមូលហេតុនៃតម្រូវការនៃទីផ្សារលំនៅដ្ឋានថា ភាគច្រើនគម្រោងលំនៅដ្ឋានច្រើនតែសាងសង់នៅក្បែរតំបន់ទីប្រជុំជន និងជាទីតាំងល្អ ក្នុងការរកស៊ី និងរស់នៅ។ ចំណុចខ្លាំងទាំងនេះហើយ ដែលអាចធ្វើឱ្យគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន នៅតែទទួលបានជោគជ័យខ្ពស់នៅលើទីផ្សារ ដែលអ្នកអភិវឌ្ឍន៍តែងតែពិចារណាមុនគេ។
លោកបន្តថា “នៅពេលដែលអ្នកទិញ អាចទទួលបានអត្ថប្រយោជន៍បន្ថែមពីលំ ដ្ឋានដែលក្រៅពីការរស់នៅ គឺមានភាពងាយស្រួលបង្កើតជំនួញ ហេតុផលទាំងអស់នេះហើយ ដែលបណ្តាលឱ្យវិស័យលំនៅដ្ឋាន ហាក់បីដូចជាមានតម្រូវការច្រើនជាងគេ” ៕