ដោយៈ រ៉ាណេត
ភ្នំពេញៈ រាជរដ្ឋាភិបាលជប៉ុន បានបង្ហាញពីការប្តេជ្ញាចិត្ត នឹងបន្តកិច្ចសហការក្នុងការកៀងគរបណ្តាវិនិយោគិនជប៉ុន មកកាន់កម្ពុជាបន្ថែមទៀត រួមជាមួយនឹងការបន្តផ្តល់ជំនួយផងដែរ។
ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោកMIKAMI Masahiro បានមានប្រសាសន៍ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកជា ចាន់តូទេសាភិបាល ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០កន្លងមកថា រាជរដ្ឋាភិបាលជប៉ុន បានបង្ហាញពីកិច្ចគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការនិងវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយនៅតែបន្តជួយផ្តល់ជំនួយ រួមជាមួយនឹងការកៀងគរវិនិយោគិនជប៉ុនមកកាន់កម្ពុជាបន្ថែមទៀត ដែលក្នុងនោះក៏មានវិស័យធនាគារផងដែរ។
-->
ជាមួយនឹងការបង្ហាញពីភាពរីករាយ ក្នុងនាមជាដៃគូសហការអភិវឌ្ឍន៍ខាងលើនេះ លោកក៏បានអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងការរីករាលដាលការឆ្លងជំងឺ Covid-19 នៅកម្ពុជាប្រកបដោយប្រសិទ្ធភាព ហើយក៏បានបង្ហាញពីការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលជប៉ុន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ ការបន្តផ្តល់ជំនួយ ក៏ដូចជាការបង្កើនការវិនិយោគរបស់ជប៉ុន ជាពិសេសវិស័យធនាគារ ដែលជាការរួមចំណែកជាភាគទុនិក នៅក្នុងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា។
ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន ដែលតែងតែផ្តល់នូវភាពស្និទ្ធស្នាល ក្នុងនាមជាប្រទេសដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានជម្រាបជូនពីប្រវត្តិរូបិយវត្ថុកម្ពុជា និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន-កម្ពុជា ដែលមានតាំងពីយូរលង់ណាស់មកហើយ និងបានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សនៅកម្ពុជា។
ដោយឡែក បន្ថែមលើការអភិវឌ្ឍធនធានមនុស្ស នៅធនាគារជាតិនៃកម្ពុជា តាមរយៈអាហារូបករណ៍ជារៀងរាល់ឆ្នាំ ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក៏បានជួយសិក្សាពីការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា តាំងពីឆ្នាំ២០១៣ មកផងដែរ។
គិតត្រឹមឆ្នាំ២០១៩ វិនិយោគជប៉ុននៅកម្ពុជាមានសរុប១៤៣គម្រោង ដែលទុនវិនិយោគ កើនដល់២,៧៨៥លានដុល្លារ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ។ គម្រោងវិនិយោគទាំងនេះ បានផ្ដល់ឱកាសដល់កម្ពុជា ធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា និងចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥៕