ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបថ្មីនិងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៣ ខាងមុខ

1

ដោយវុត្ថា

សៀមរាបៈ លោក នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានដឹកនាំមន្ត្រីបច្ចេក​ទេស ចុះពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី (AIAI) ដែលនឹងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅឆ្នាំ២០២៣ខាងមុខ។

នាយឧត្តមសេនីយ៍បណ្ឌិតម៉ៅ ហាវណ្ណាល់ នៅក្នុងពិធីចុះពិនិត្យអំពីវឌ្ឍនភាពការ​ងារសាងសង់នៅថ្ងៃនេះឱ្យដឹងថា ពេលបច្ចុប្បន្ននេះក្រុមហ៊ុន បានកំពុងចាប់ផ្តើមដំណើរការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ចាប់តាំងពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០ មកម្លេះ និងគ្រោងបញ្ចប់ការសាងសង់ឱ្យរួចរាល់ ជាស្ថាពរនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ដោយប្រើពេលវេលាទាំងអស់រយៈពេល៣៦ខែ។

លោកបន្តថា “ដំណើរការសាងសង់នេះ ក្រុមហ៊ុនបានសហការយ៉ាងជិតស្និតជាមួយក្រុមការងារបច្ចេកទេស របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៏បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន”។

ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីនេះ ស្ថិតនៅក្នុងស្រុកសូទ្រ​និគម ខេត្តសៀមរាប គ្រោងនឹងចំណាយទុនវិនិយោគប្រមាណ៩០០លានដុល្លារ ដែល សាងសង់លើផ្ទៃដីប្រមាណ៧០០ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០០០ហិកតាទៀត។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ជាគម្រោងដ៏សំខាន់ ដែលបានគាំទ្រដោយរដ្ឋាភិបាលទាំងពីរ កម្ពុជា ចិនក្នុងគោលនយោបាយ(ខ្សែក្រវ៉ាត់មួយ និង ផ្លូវមួយ ) ហើយនៅថ្ងៃទី១៣ តុលា ឆ្នាំ២០១៦ Yuntouគ្រុប និងទីស្តីការគណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះហត្ថលេខាព្រមព្រៀង លើកិច្ចសន្យាវិនិយោគតាមបែបBOT ស្តីពី គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកប្រធានាធិបតី ស៊ីជីង ពីង នៃសាធារណរដ្ឋប្រជាមានិតចិន៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here