ដោយ ហ្សូលី
ភ្នំេពញ៖ ការអភិវឌ្ឍលើសំណង់អគារខុនដូ បានចាប់ផ្តើមមានសន្ទុះនិងរីកមុខមាត់ឡើងវិញ បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចដោយសារជំងឺរាតត្បាតហាក់ថមថយជាងមុន។ ប្រជាប្រិយភាពនៃការរស់នៅក្នុងខុនដូ បានទាក់ចិត្តអ្នកទិញអចលនវត្ថុគ្រប់ស្រទាប់វ័យ ឱ្យពេញចិត្តជាមួយរចនាបថនិងការរស់នៅក្នុងខុនដូ។ ដោយឡែក តំបន់ចំនួន ២ទីតាំងគឺ បឹងកេងកង និង មហាវិថីសម្តេច តេជោ ឬហៅថាផ្លូវ ៦០ម៉ែត្រ មានភាពប្រកួតប្រជែងគ្នាយ៉ាងសកម្មក្នុងការដណ្តើមដំណែងសក្តានុពលតំបន់នៃវិស័យខុនដូ ដូច្នេះតើរវាងតំបន់ទាំង ២នេះ មួយណាដែលមានសក្តានុពលជាង?
លោក ខន គង្គារ អ្នកជំនាញអចលនទ្រព្យ និងជាអគ្គនាយកក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍ប្រាប់តាមទូរសព្ទកាលពីរសៀលថ្ងៃទី ១៦ មិថុនា ឆ្នាំ ២០២០នេះថា បច្ចុប្បន្នខុនដូនៅក្នុងតំបន់បឹងកេងកងគឺជាទីតាំងដែលល្អ ប៉ុន្តែអនាគត អាចនិយាយបានថានៅផ្លូវ ៦០ម៉ែត្រអាចនឹងល្អជាង នៅក្នុងរយៈពេលប្រមាណ ៣ទៅ ៥ឆ្នាំទៅមុខ។
-->
អ្នកជំនាញរូបនេះបានបញ្ជាក់ប្រាប់ពីមូលហេតុថា តំបន់បឹងកេងកង មានផលវិបាកបន្តិចបន្តួចត្រង់ផ្លូវឆ្លងកាតនិងសម្រាប់ធ្វើចរាចរណ៍ (Access Road) ដែលបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ខ្លាំង និងចង្អៀត។ នេះជាកត្តាមួយដែលជម្រុញឱ្យអ្នកជំនួញនិងអ្នកអភិវឌ្ឍផ្លាស់ប្តូរទៅកាន់តំបន់ ៦០ម៉ែត្រវិញ។
ស្របគ្នានេះ លោក ខន គង្គារ រៀបរាប់ថា កត្តាបន្ទាប់ដែលអនុញ្ញាតឱ្យខុនដូនៅតំបន់បឹងកេងកងហាក់ធ្លាក់ចុះសក្តានុពលនោះ ដោយសារតម្លៃដីថ្លៃ ប្រមាណចាប់ពី ៦០០០ដុល្លារ ៧០០០ដុល្លារ ៨០០០ដុល្លារ ឬលើសហ្នឹងទៅហើយក្នុងមួយម៉ែត្រការ៉េ។ ចំណែកឯតម្លៃដីនៅម្តុំ ៦០ម៉ែត្រវិញ ត្រឹមតែ ១៨០០ ដុល្លារ ២៥០០ដុល្លារ ឡើងទៅប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ។ ម្ចាស់គម្រោងអាចធ្វើខុនដូនៅតំបន់២នេះបានដូចគ្នា ប៉ុន្តែពួកគាត់អាចផ្តល់ជូនតម្លៃពិសេសជូនអតិថិជនបានល្អជាង សម្រាប់តំបន់ ៦០ម៉ែត្រ។
ដោយឡែក បើតាមឱ្យដឹងពីការពន្យល់របស់លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ថា តំបន់បឹងកេងកង គឺជាតំបន់ពាណិជ្ជកម្មកម្រិតខ្ពស់ CBD រួចស្រេចទៅហើយ។ ម្យ៉ាងក្រឡេកទៅមើលសក្តានុពលតំបន់វិញទៀតសោត មិនត្រឹមតែមានវត្តមានសំណង់អគារស្នាក់នៅ ខុនដូ និងអគារពាណិជ្ជកម្មធំៗ តែមួយមុខនោះទេ ប៉ុន្តែក៏មានបណ្តារអាហារដ្ឋាន ភោជនីយដ្ឋានលំដាប់អន្តរជាតិ ហាងកាហ្វេ ម៉ាត ផ្សារទំនើបបែបសហគមន៍ សាលារៀនអន្តរជាតិ និងគ្លីនិកឯកជនជាដើម ដែលជាកត្តាកាន់តែជម្រុញឱ្យខុនដូនៅតំបន់បឹងកេងកង មានប្រជាប្រិយភាពខ្ពស់។
លោកឧកញ៉ាបន្ថែមថា មិនមានអ្វីចម្លែកទេ ព្រោះតម្លៃដីធ្លីនៅតំបន់បឹងកេងកងបានឡើងយូរយារណាស់មកហើយ និងមានតម្លៃខ្ពស់រហូតដល់ ១០,០០០ដុល្លារឯណោះ អាស្រ័យទៅតាមប្រភេទដីនិងតម្រូវការជាក់ស្តែងរបស់អតិថិជន។
នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិប្រចាំប្រទេសកម្ពុជា CBRE លោកស្រី អាន សុធីតា ធ្លាប់បានប្រសាសន៍ថា សម្រាប់ការវិនិយោគលើវិស័យខុនដូទាំងកម្រិតខ្ពស់និងមធ្យមនៅតែមានឱកាសដដែល ខណៈដែលអ្នកអភិវឌ្ឍន៍បានបែបចែកទីផ្សារគោលដៅបានយ៉ាងច្បាស់ ជាពិសេសការយកចិត្តទុកដាក់លើទីតាំង៕