ដោយ ៖ វុត្ថា
ភ្នំពេញ ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសូរិយោដីរាជធានីភ្នំពេញ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២០ នេះ បាន ផ្ដល់សេវាសាធារណៈលើសេវាសូរិយាដី និងសំណង់ជូនប្រជាពលរដ្ឋបានចំនួន ២៥ ៧០០ ឯកសារ ខណៈនៅក្នុងឆ្នាំ២០១៩ បានចំនួន ៦៦ ៨៦៧ ឯកសារ។
លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសូរិយោដី រាជធានីភ្នំពេញ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២០ មន្ទីរក៏បានចេញលិខិតទប់ស្កាត់សំណង់គ្មានលិខិតអនុញ្ញាត បានចំនួន២៩ការដ្ឋាន ចេញលិខិតបើកការដ្ឋាន ចំនួន៤០ការដ្ឋាន និងលិខិតបិទការដ្ឋានចំនួន៥ការដ្ឋាន។
-->
លោកបន្តថា ដោយឡែក ការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ការប្រមូលទិន្នន័យក្បាលដី ឆ្នាំ២០១៩ បានចំនួន ៣៥ ៧៥៨ ក្បាលដី (ក្នុងនោះ ចុះហត្ថលេខាលើប័ណ្ណកម្មសិទ្ធិ ឆ្នាំ២០១៩ បាន ១៣ ៣៨១ក្បាលដី និងចែកប័ណ្ណសកម្មសិទ្ធិឆ្នាំ២០១៩ បាន ៩ ៨០៣ក្បាលដី)។ ការងារចុះបញ្ជីដាច់ដោយដុំ បានចុះបញ្ជីចំនួន ៥៣៨ ប័ណ្ណ ហើយ៥ខែដើមឆ្នាំ ២០២០ បានចុះចំនួន១៦២ ប័ណ្ណ។
លោកបន្ថែមថា សម្រាប់ការងារប្រទានកម្ម មន្ទីររៀបចំដែនដី បានចុះបញ្ជីដីប្រទានកម្មលើដីឯកជនរបស់រដ្ឋ តាមគោលការណ៍របស់រាជរដ្ឋាភិបាល ២៩ទីតាំង លើដីជាង៨២ហិចតា បានផ្ដល់កម្មសិទិ្ធជូនប្រជាពលរដ្ឋប្រមាណ១៨.០០០គ្រួសារ។
លោកបន្ថែថា មន្ទីរបានចុះបញ្ជីបំបែកដីឡូត៍ជូនប្រជាពលរដ្ឋសហគមន៍មានជ័យ ចំនួន៥៦២ឡូត៍ តាមរយៈការចាប់ឆ្នោត ហើយបច្ចុប្បន្នប្រជាពលរដ្ឋដែលកំពុងសាងសង់ ១៥២ឡូត៍។ ជាមួយគ្នានេះ លោក សារិន វណ្ណា ក៏បានបញ្ជាក់អំពីការងារដោះស្រាយវិវាទដីធ្លីផងដែរថា ឆ្នាំ២០១៩ បានដោះស្រាយបញ្ចប់ ២ករណី, វិវាទច្រានចោល ១ករណី វិវាទដកពាក្យបណ្ដឹង ៣ករណី វិវាទបញ្ជូនឡើងទៅលើ ៧ករណី វិវាទកំពុងដោះស្រាយ ៣១ករណី៕