គម្រោងស្ថាបនាផ្លូវជាតិលេខ៣ ក្រុងកំពត-វាលរេញ តម្លៃជាង ១២ លានដុល្លារ សម្រេចបាន ៧៩,៦០ភាគរយ

0

ដោយ ៖ វុត្ថា

ខេត្តកំពត ៖ គម្រោងស្ថាបនា ថែទាំ និងពង្រឹងគុណភាពកំណាត់ផ្លូវជាតិលេខ៣ ពីទីរួមខេត្តកំពត-វាលរេញ ដែលមានប្រវែងសរុបចំនួន ៥៤,៣គីឡូម៉ែត្រ មានតម្លៃជាង១២ លានដុល្លារអាមេរិក សម្រេចបាន ៧៩,៦០ ភាគរយ និងគ្រោងបញ្ចប់ក្នុងពេលខាងមុខនេះ

តាមលទ្ធផលនៃការចុះត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងថែទាំ និងពង្រឹងគុណភាពផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ឋិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ ដែលដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២០នេះ ទទួលបានលទ្ធផល ៧៩,៦០ភាគរយហើយ។

លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា “គម្រោងថែទាំ និងពង្រឹងគុណភាពកំណាត់ផ្លូវជាតិលេខ៣ (ទីរួមខេត្តកំពត-វាលរេញ) មានប្រវែង ៥៤,៣០ គីឡូម៉ែត្រ ចែកជា២កំណាត់ គឺពីគីឡូម៉ែត្រ១៤៧+១០០ ដល់គីឡូម៉ែត្រ ១៨១+០០០ ប្រវែង៣៤គីឡូម៉ែត្រ ត្រូវបានជួស ជុល និងក្រាលកៅស៊ូAC ហើយ គីឡូម៉ែត្រ១៨១+០០០ ដល់គីឡូម៉ែត្រ ២០១+៤០០ ប្រវែង២០គីឡូម៉ែត្រ ត្រូវធ្វើការជួសជុល ពង្រឹងឡើងវិញដោយធ្វើការលើកកម្ពស់តួផ្លូវចំនួន៤៥សង់ទីម៉ែត្រ ដើម្បីពង្រឹងតួផ្លូវ និងការពារជំនន់ទឹកភ្លៀងហូរកាត់នៅរដូវវស្សា”។
លោកបន្តថា “គម្រោងនេះអនុវត្តដោយក្រុមហ៊ុន Sichuan Road and Bridge (Group) Corporation Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Korea Consultants International Co., Ltd”។

កំណាត់ផ្លូវនេះត្រូវបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ ថែទាំ និងពង្រឹងគុណភាពនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយប្រើប្រាស់រយៈពេល៥៤ខែ គ្រោងចំណាយថវិកាប្រមាណ ១២ ០៦១ ៦៨៨,០៥ ដុល្លារសហរដ្ឋអាមេរិក ក្រោមគម្រោងឥណទានIDA Credit លេខ.៥៧៨៩-Kh បច្ចុប្បន្នគម្រោងផ្លូវនេះសម្រេចបាន ៧៩,៦០ភាគរយ ក្នុងនោះរួមមានការសាងសង់ប្រព័ន្ធប្រឡាយរំដោះទឹក ការងារដាក់ប្រព័ន្ធលូ បំពាក់ស្លាកសញ្ញាសុវត្តិភាព និងគំនូសសញ្ញាចរាចរណ៍ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here