ដោយ ៖ ប៊ី
ភ្នំពេញ ៖ ផលិតផលសរុបក្នុងស្រុក តាមការប៉ាន់ស្មាន នឹងមានទំហំប្រាក់ជាង ១១០ ពាន់ប៊ីលានរៀល ស្មើនឹងប្រមាណ ២៧,៥ពាន់លានដុល្លារ នៅឆ្នាំ២០២០ ដែលអាចងើបឡើងខ្ពស់ជាងឆ្នាំ២០១៩ បន្តិចបន្តួច។ នេះបើយោងតាមរបាយការណ៍នៃស្ថានភាពក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ឆ្នាំ២០២០ ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។

-->
នៅក្នុងឆ្នាំ២០២០ នេះពាក់ព័ន្ធក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច តាមការប៉ាន់ស្មាន នៃសូចនាករផលិតផលសរុបក្នុងស្រុក (ផសស) ថ្លៃបច្ចុប្បន្ន នឹងមានទំហំប្រមាណ ២៧,៥ពាន់លានដុល្លារ អាចខ្ពស់ជាងឆ្នាំ២០១៩ បន្តិចបន្តួច។
នៅក្នុងឆ្នាំ២០២១ ត្រូវបានព្យាករណ៍ថា នឹងអាចងើបឡើងដល់ប្រមាណ ២៩,២៥ពាន់លាន ដែលក្នុងនោះ ផសស សម្រាប់ប្រជាជនម្នាក់ អាចស្ថិតក្នុងរង្វង់ ១,៦៨៣ ដុល្លារ, ចំពោះនៅឆ្នាំ២០២១ ត្រូវបានព្យាករថា នឹងងើបដល់ ១,៧៧១ ដុល្លារ នឹងអាចមានកំណើន ផសស ពិត ក្នុងរង្វង់អវិជ្ជមាន ១,៩% ខណៈនៅឆ្នាំ២០២១ នឹងហក់ឡើងដល់ ៣,៥%។

ចំណែកអត្រាអតិផរណា ផសស (កំណើនប្រចាំឆ្នាំ) ក្នុងឆ្នាំ២០២០ នេះ នឹងអាចស្ថិតក្នុងរង្វង់ ២,៦% ខណៈនៅឆ្នាំ២០២១ ត្រូវបានព្យាករណ៍ថា នឹងស្ថិតក្នុង ៣,១%, ចំពោះអត្រាកំណើនជាមធ្យមប្រចាំឆ្នាំវិញ, នៅក្នុងឆ្នាំ២០២០ នេះ អាចស្ថិតក្នុងរង្វង់ ២,៨% នឹងនៅឆ្នាំ ២០២១ អត្រាកំណើននេះនឹងអាចឡើងដល់ ៣,១% ។ ដោយពាក់ព័ន្ធនឹងការនាំចេញ-ចូល, ក្នុងនោះបើគិតជាភាគរយ ផលិតផលសរុបនៃនាំចេញ គឺស្ថិតក្នុងរង្វង់កំណើនជិត ៥០% ដោយឡែកនៅក្នុងឆ្នាំ ២០២១ ត្រូវបានព្យាករណ៍ថា នឹងងើបឡើងជាង ៥០% ។
ចំណែកការនាំចូលវិញ បើគិតជាភាគរយនៃផលិតផលសរុបនៃការនាំចូល អាចមានកំណើនជាង ៧៨% ខណៈនៅឆ្នាំ២០២១ ត្រូវបានព្យាករណ៍ថា នឹងអាចថមថយមកនៅក្រោម ៧៨%, ក្នុងនោះចំពោះសមតុល្យ ពាណិជ្ជកម្ម គិតជាភាគរយនៃ ផសស មានប្រមាណ –២៨,៤% ។ ចំណែកទុនបម្រុងអន្តរជាតិវិញ មានជាង ១៦ ពាន់លានដុល្លារ ដែលអាចនឹងធ្វើការនាំចូលបាន ៨,៥% ខែ៕