ការវិនិយោគអចលនទ្រព្យក្រោមតម្លៃ១លានដុល្លារ នៅតែមានតម្រូវការលើទីផ្សារបច្ចុប្បន្ន

0

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ផ្ទុយពីការវិនិយោគ និងអភិវឌ្ឍន៍លើគម្រោងធំៗដែលមានតម្លៃរាប់សិបលានដុល្លារនៅលើទីផ្សារកម្ពុជាមួយចំនួនធំកំពុងជួបឱនភាពនោះ សម្រាប់អចលនទ្រព្យដែលមានតម្លៃក្រោម១លានដុល្លារនៅតែបន្តមានតម្រូវការខ្ពស់ដដែល។ នេះបើតាមការអះអាងរបស់អ្នកជំនាញ និងវិយោគនៅក្នុងវិស័យមួយនេះ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍តាមទូរស័ព្ទកាលនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះថា តម្រូវការទីផ្សារ និងសកម្មភាពវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានៅតែមាន ប៉ុន្តែស្ថិតនៅក្នុងអត្រាតម្លៃក្រោម១លានដុល្លារតែប៉ុណ្ណោះ។

លោកស្រីបានបញ្ជាក់ថា “គម្រោងវិនិយោគធំៗដែលមានទំហំទឹកប្រាក់ច្រើនលានដុល្លារ ដូចជាគម្រោងអភិវឌ្ឍន៍អាគារខុនដូ សណ្ឋាគារ អាគារពាណិជ្ជកម្ម ភាគច្រើនគឺជាការវិនិយោគមកពីក្រៅប្រទេសស្ទើរទាំងស្រុង ដែលនៅក្នុងអំឡុងពេលនេះមានមួយចំនួនធំកំពុងជាប់គាំង ដោយសារតែម្ចាស់គម្រោងមិនបានបង្វែរទុកវិនិយោគសម្រាប់អភិវឌ្ឍន៍ដែលបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសាកល ប៉ុន្តែក៏មានគម្រោងខ្លះដែលមានសល់លំហូរសាច់ក៏នៅតែបន្តសកម្មភាពសាងសង់”។

លោកស្រីបានមានប្រសាសន៍បញ្ជាក់ថា “ទីផ្សារអចលនទ្រព្យនៅក្នុងស្រុក គឺមិនសូវប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដែលក្នុងនោះអ្នកវិនិយោគគាត់នៅតែបន្តមុខជំនួញរបស់ពួកគាត់ដូចជាទិញសំណង់លំនៅដ្ឋានកម្រិតខ្ពស់នៅក្នុងបុរី វីឡា ខុនដូ ក៏ដូចជាដីធ្លីជាដើម ប៉ុន្តែស្ថិតនៅក្រោមតម្លៃ១លានដុល្លារចុះក្រោមតែប៉ុណ្ណោះ។ បន្ទាប់ពីអចលនទ្រព្យដែលមានតម្លៃក្រោម១លានដុល្លារ សម្រាប់ទីផ្សារដែលនៅបន្តភាពល្អប្រសើរ គឺវិស័យ Office Space ហើយបន្ទាប់មកទៀតគឺវិស័យជួលទីតាំងលក់នៅតាមផ្សារទំនើប ដែលផ្ទុយពីវិស័យសណ្ឋាគារ ដែលកំពុងរងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺឆ្លងជាសាកល”។

ពាក់ព័ន្ធទៅនឹងទីផ្សារខុនដូ ដែលកំពុងតែបន្តរក្សាបានស្ថានភាពល្អក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិប្រចាំកម្ពុជា ERA លោក ខន គង្គា បានមានប្រសាសន៍ថា “ រយៈពេល៣ខែដើមឆ្នាំ ចាប់ពីខែមករា រហូតដល់ដើមខែមេសា ការទិញ-លក់ អចលនទ្រព្យនៅកម្ពុជា ក៏ដូចជាគម្រោងសាងសង់សំណង់ធំៗ ត្រូវបានជាប់គាំង ប៉ុន្តែចាប់ពីពាក់កណ្តាលខែមេសា ជាពិសេសនៅដើមខែឧសភា ក្នុងត្រីមាសទី២ នៃឆ្នាំ២០២០ ការទិញ-លក់ នៅក្នុងទីផ្សារអចលនទ្រព្យ ចាប់ផ្តើមមានកម្រើកឡើងវិញ ក្រោយពេលលទ្ធផលនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺនៅកម្ពុជា ទទួលបានលទ្ធផលល្អប្រសើរ”។

លោកបន្តថា “សម្រាប់ទីផ្សារខុនដូ នៅមួយរយៈចុងក្រោយនេះ គឺមានសកម្មភាពឡើងវិញគួរឱ្យកត់សម្គាល់ ជាពិសេស ប្រភេទខុនដូតម្លៃមធ្យម ដែលមានតម្លៃចាប់ពី ២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េចុះក្រោម គឺមានតម្រូវការខ្ពស់។ អ្នកទិញខុនដូប្រភេទនេះមាន២ ទី១ អ្នកដែលបម្រើការងារ និងមានមុខជំនួញនៅក្នុងក្រុង ដែលមានតម្រូវការជាក់ស្ដែងសម្រាប់រស់នៅ ហើយទី២ គឺអ្នកជំនួញអចលនទ្រព្យ ទិញទុកវិនិយោគបន្តយកចំណេញ ដែលអតិថិជនទាំង២ប្រភេទនេះ ភាគច្រើនជាអ្នកក្នុងស្រុក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here