ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាថ្មីម្ដងទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បណ្តាម្ចាស់អាគារទាំងឡាយដែលជួលឱ្យគ្រឹះស្ថានសិក្សាឯកជននានា ជួយបញ្ចុះតម្លៃ ដើម្បីចូលរួមទ្រទ្រង់ក្នុងវិស័យអប់រំនៅកម្ពុជាក្នុងស្ថានភាពដែលកំពុងប្រឈមនឹងវិបត្តិនៃជំងឺឆ្លងសាកល។
មានប្រសាសន៍នៅក្នុងពិធីប្រកាសជាផ្លូវការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺ Covid-19 ប្រមាណ៦០ម៉ឺនគ្រួសារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះថា រដ្ឋាភិបាលមិនចង់ឱ្យមានគ្រឹះស្ថានសិក្សាឯកជនណាមួយដួលរលំនៅក្នុងស្ថានភាពប្រឈមនៃវិបត្តិជំងឺឆ្លង ដោយសារតែខ្វះទុន ឬលទ្ធភាពសម្រាប់ជួលអាគារនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា “កុំឱ្យមានគ្រឹះស្ថានសិក្សាឯកជនណាមួយដួលរលំ ចឹងទីមួយ ខ្ញុំអំពាវនាវឱ្យម្ចាស់អាគារដែលជួលអាគារឱ្យគ្រឹះស្ថានសិក្សាឯកជនបន្ធូរបន្ថយថ្លៃជួលដោយមានភាពទន់ភ្លន់ ហើយទី២ សុំឱ្យមានការរៀបចំឥណទានឡើងវិញដើម្បីឱ្យទំហំដែលធ្លាប់តែខ្ចីបានត្រឹមទំហំ៥០ម៉ឺនដុល្លារ ឡើងទៅដល់ ៧០ ឬ៨០ម៉ឺនដុល្លារ ឬច្រើនជាងនេះ ដើម្បីមានលទ្ធភាពយកទៅរៀបចំប្រព័ន្ធ Online សម្រាប់ការសិក្សា ព្រោះសាលាមួយចំនួនអត់អាចបង្រៀនតាមប្រព័ន្ធ Online បាននោះទេដោយសារខ្វះទុនក្នុងការរៀបចំ”។
សម្ដេចបានបន្តថា “យើងកំពុងតែប្រុងប្រៀបតទៅទៀត ជាមួយនឹងថវិកាផ្ទាល់ផង និងការធ្វើការងារជាមួយដៃគូរបស់យើងផង ទៅលើការត្រៀមបម្រុងសម្រាប់ស្ដារឡើងវិញបន្ទាប់ពី Covid-19 ”។
កាលពីពេលកន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានធ្វើការអំពាវនាវរួចមកហើយ ដល់ម្ចាស់អាគារជួលនានាក្នុងការជួយសម្របសម្រួលបញ្ចុះតម្លៃដើម្បីជាការចូលរួមជាមួយរដ្ឋាភិបាល ក្នុងការពង្រឹងសេដ្ឋកិច្ចក្នុងស្រុក ដែលក្នុងនោះក្រៅពីអាគារជួលសម្រាប់វិស័យអប់រំ ក៏មានវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងទេសចរណ៍ផងដែរ៕