ដោយៈ រ៉ាណេត
ភ្នំពេញៈ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានបង្ហាញសុទិដ្ឋិនិយមថា នៅត្រឹមឆ្នាំ២០២១ខាងមុខនេះ តម្រូវការទីផ្សារអចលនទ្រព្យកម្ពុជា នឹងនៅតែបន្តតម្រូវការខ្ពស់ និងរីកចម្រើនបន្ថែមពីលើការអភិវឌ្ឍវិស័យចំនួន២ ដែលរាជរដ្ឋាភិបាលកំពុងផ្តោត និងយកចិត្តទុកដាក់យ៉ាងសំខាន់។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Coldwell Banker Cambodia លោក Ken Lo បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ទីផ្សារអចលនទ្រព្យក្នុងស្រុកនៅពេលបច្ចុប្បន្ន នៅតែបន្តមានសកម្មភាពទិញ-លក់ ក្រោមតម្រូវការជាក់ស្ដែងរបស់អតិថិជន ជាពិសេសផ្នែកដីធ្លី និងលំនៅដ្ឋាន។
លោកKen Lo បានមានប្រសាសន៍បន្តទៀតថា “ក្នុងបរិបថនេះ ដោយសារតែបញ្ហានៃវិបត្តិជំងឺឆ្លង បានបង្កឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាសាកល ក្នុងនោះកម្ពុជាក៏ទទួលរងនូវភាពអវិជ្ជមានលើវិស័យមួយចំនួនផងដែរ ជាពិសេសវិស័យទេសចរណ៍ ប៉ុន្តែការទទួលរងនូវភាពអវិជ្ជមានទាំងនេះ មិនបានរាំងស្ទះដល់សេដ្ឋកិច្ចកម្ពុជាខ្លាំងក្លាពេកនោះទេ”។
លោកបន្តថា វិបត្តិនៃជំងឺCovid-19 វាគ្រាន់តែជាអន្តរកាលមួយតែប៉ុណ្ណោះ ដែលបន្តិចទៀតពិភពលោកទាំងមូល តាមរយៈប្រទេសមហាអំណាច និងរីកចម្រើនអាចមានលទ្ធភាពគ្រប់គ្រាន់អាចគ្រប់គ្រងបាន នោះសេដ្ឋកិច្ចសាកល នឹងចាប់ផ្តើមមានដំណើរការឡើងវិញ។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា នឹងទទួលបានភាពវិជ្ជមានជាច្រើន ដែលក្នុងនោះក្រៅពីវិស័យចំនួន២ រួមមានវិស័យឧស្សាហកម្ម និងវិស័យកសិឧស្សាហកម្ម ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់នោះ វិស័យអចលនទ្រព្យ និងសំណង់ ក៏មានភាពល្អប្រសើរផងដែរ ជាមួយនឹងទទួលបាននូវទំនុកចិត្តកាន់តែខ្ពស់ ពីសំណាក់វិនិយោគិនបរទេស។
លោក Ken Lo បានបញ្ជាក់ថា “នៅឆ្នាំ២០២១ខាងមុខនេះ ក្រៅពីភាពរីកចម្រើននៃវិស័យកសិកម្ម និងឧស្សាហកម្ម វិស័យអចលនទ្រព្យក៏មានភាពល្អប្រសើរផងដែរ ជាពិសេសក្រោយពេលដែលកម្ពុជា ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងបណ្តាប្រទេសដៃគូក្នុងតំបន់ដទៃទៀត ដែលកាន់តែជម្រុញឱ្យមានលំហូរវិនិយោគិន អន្តរជាតិចូលមកទីផ្សារកម្ពុជាកាន់តែច្រើន”។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ថា “យើយទទួលស្គាល់ថា វិបត្តិ Covid-19 ពិតជាបានបង្កផលប៉ះពាល់មួយចំនួនដល់កម្ពុជា ប៉ុន្តែក្រោយឥទ្ធិពលនៃវិបត្តិមួយនេះបានធ្វើឱ្យកម្ពុជាទទួលបាននូវចំណុចវិជ្ជមានមួយចំនួនធំផងដែរ ដែលក្នុងនោះក្រៅពីបង្រៀនឱ្យប្រជាជនចេះផ្លាស់ប្ដូររបៀបរបបនៃការរស់នៅ ក្នុងពេលជួបវិបត្តិក្រោមការអនុវត្ត តាមវិធានការរបស់រដ្ឋាភិបាល កម្ពុជាបានធ្វើពិពិធកម្មក្នុងវិស័យចំនួន២ផ្សេង គឺវិស័យឧស្សាហកម្ម និងកសិកម្ម ជាមួយនឹងការទទួលបានលទ្ធផលល្អ”។
លោកឧកញ៉បន្តថា “ភាពវិជ្ជមានដែលកម្ពុជាទទួលបាន នៅក្នុងអំឡុងពេលកំពុងជួបវិបត្តិនេះ គឺវិស័យកសិកម្ម ដោយសម្រាប់តែការនាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិបានកើនឡើងទ្វេដង ពីជាង៤០ម៉ឺនតោន ទៅដល់ជាង៨០ម៉ឺនតោន ឬលើសពីនេះ ហើយក៏មានក្រុមហ៊ុនអន្តរជាតិមួយចំនួន បានចូលមកសហការជាមួយកម្ពុជា ក្នុងការផលិតកសិផលចាប់ពីការដាំដុះ កែច្នៃ និងវេចខ្ចប់នាំចេញទីផ្សារអន្តរជាតិ”។
លោកឧកញ៉ានួន រិទ្ឋីបានបន្តថា ដូចទៅនឹងប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វិបត្តិ Covid-19 មិនមែនជាឧបសគ្គក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានោះទេ ប៉ុន្តែកម្ពុជាបានទាញយកប្រយោជន៍ពីCovid-19 ត្រឡប់មកវិញ។ ក្រោមពាក្យស្លោក កម្ពុជាអាចធ្វើបាន ការរួបរួមគ្នាក្រោមម្លប់សន្តិភាព បានធ្វើឱ្យកម្ពុជាមានពិពិធកម្មក្នុងវិស័យកសិកម្ម ការទាក់ទាញទុនវិនិយោគពីបរទេស ដែលសម្រេចចិត្តរើទីតាំងពីប្រទេសចិន និងបណ្តាប្រទេសដទៃមួយចំនួនទៀតមកកាន់កម្ពុជា ដែលវាក៏ជះឥទ្ធិពលល្អដល់វិស័យអចលនទ្រព្យ សំណង់ផងដែរ ព្រោះនៅពេលមានការពង្រីកផលិតភាព ក្នុងវិស័យកសិកម្ម បង្កើនការអភិវឌ្ឍវិស័យឧស្សាហកម្ម តម្រូវការនៃការប្រើប្រាស់ដី និងសំណង់ក៏ចាប់ផ្ដើមមានផងដែរ៕