ដោយ ហ្សូលី
ភ្នំពេញ៖ ការទិញអចលនទ្រព្យនៅក្រៅស្រុក អាចនឹងកើតមានសម្រាប់អ្នកមានជីវភាពធូរធារ និងមានតម្រូវការដូចជា សម្រាប់ស្នាក់នៅ និងវិនិយោគនាពេលអនាគតជាដើម។ ដើម្បិចៀសវាងហានិភ័យនានាដែលអាចប្រឈម មុនសម្រេចចិត្តបោះទុនទិញអចលនទ្រព្យក្រៅប្រទេសគួរតែពិចារណាលើចំនុចទាំង ៥យ៉ាងជាមុនសិន។
យោងតាមគេហទំព័ររបស់ប្រទេសថៃ Chaingrai Times បានឱ្យដឹងថា ការទិញអចលនទ្រព្យនៅក្រៅស្រុកមានភាពខុសៗគ្នា ឬស្រដៀងគ្នា ស្របទៅតាមបែបបទនិងច្បាប់នៃប្រទេសនិមួយៗ។
ចំណុចទី ១- សិក្សាពីហេតុផលបណ្តាក់ឱ្យបានច្បាស់លាស់
ជាកិច្ចចាប់ផ្តើម អ្នកវិនិយោគត្រូវដឹងអំពីហេតុផលនៃការវិនិយោគសិន គប្បីស្វែងរករឹសគល់ឱ្យបានច្បាស់លាស់ មុនពេលបោះថវិកា ដោយសួរខ្លួនឯងថា តើអ្នកទិញសម្រាប់ការស្នាក់នៅជាអចិន្ត្រៃយ៍ ឬទុកជាផ្ទះលម្ហែកាយ ឬសម្រាប់ជួលបន្ត? ក្រោយពីដឹងចម្លើយរួច អ្នកវិនិយោគអាចសម្រេចចិត្តនិងសិក្សាបន្ថែមពីកត្តាថវិកា ទីតាំង រចនាបថ និងទំហំជាដើម។
ចំណុចទី២-ស្វែងយល់ពីច្បាប់នៃប្រទេសនិមួយៗ
នៅពេលដែលចំណាយថវិកាក្នុងការទិញអចលនទ្រព្យនៅក្រៅប្រទេស គន្លឹះសំខាន់គឺ ចាំបាច់ត្រូវស្វែងយល់ពីវិន័យនិងច្បាប់របស់ប្រទេសនោះសិន ថាតើការផ្ទេរកម្មសិទ្ធមានដំណើរការ ឬរបៀបរបបបែបណាខ្លះ? តើប្រទេសនោះមានច្បាប់អនុញ្ញាតឱ្យជនបរទេសក្លាយជាកម្មសិទ្ធនៃអចលនទ្រព្យក្នុងប្រទេសដែរឬទេ? ជាក់ស្តែងដូចជានៅប្រទេសថៃ ជនបរទេសមិនអាចក្លាយជាម្ចាស់កម្មសិទ្ធនៃអចលនទ្រព្យណាមួយបានឡើយ។ ប៉ុន្តែសម្រាប់ខុនដូវិញ ជនបរទេសមានសិទ្ធទិញបានងាយស្រួលក្នុងលក្ខខណ្ឌដែលអគារនោះមានជនជាតិថៃជាម្ចាស់កម្មសិទ្ធលើស ៥០ភាគរយសិន។
ចំណុចទី ៣-សម្លឹងមើលអនាគត
មិនថាតែការទិញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ឬទូទាំងពិភពលោក ត្រូវសម្លឹងមើលឱ្យបានឆ្ងាយ ថាតើនាពេលអនាគតតំបន់ណាដែលអាចមានការអភិវឌ្ឍ? អ្នកវិនិយោគត្រូវចេះជ្រើសរើសទីតាំងនៅតំបន់ណាដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធល្អ។ យ៉ាងណាមិញ ក៏មិនត្រូវមើលរំលងតំបន់ថ្មីៗដែរ ព្រោះវាអាចជាទីតាំងដែលមានគម្រោងអភិវឌ្ឍធំៗបោះទីទៅក្នុងពេលខាងមុខ។
ចំណុចទី៤- ពិចារណាគ្រប់ជ្រុងជ្រោយ
កត្តាចំនួន២ ដែលមានសារៈសំខាន់ច្រើនបំផុតនោះគឺតម្លៃស្នាក់នៅ និង ថ្លៃថែទាំអចលនទ្រព្យ។ ដើម្បីចៀសវាងការខកបំនង ត្រូវពិភាក្សាឱ្យបានច្បាស់លាស់ជាមួយអ្នកជំនាញអចលនទ្រព្យនៅក្នុងតំបន់ ឬអ្នកដែលមានបទពិសោធន៍ទិញអចលនទ្រព្យក្រៅប្រទេស ព្រោះពួកគេអាចផ្តល់ជាព័ត៌មាន បទពិសោធន៍នៃភាពជាម្ចាស់បានផងដែរ។
ចំណុចទី ៥-ពិនិត្យបរិបទសង្គម
មិនថាអ្នកកំពុងទិញដើម្បីវិនិយោគឬរស់នៅអ្នកត្រូវតែគិតពី“ របៀបរស់នៅ” របស់មនុស្សម្នាក់ឬគ្រួសារដែលរស់នៅក្នុងអចលនវត្ថុនោះ។ ឧទាហរណ៍ ប្រសិនបើអ្នកនឹងទិញផ្ទះមាន ៤ បន្ទប់គេងដ៏ធំ ហើយចង់ទាក់ទាញក្រុមគ្រួសារជនបរទេសជាអ្នកជួល អ្នកត្រូវសម្លឹងមើលនៅម្តុំសាលារៀន សួនឧទ្យាន មន្ទីរពេទ្យ មធ្យោបាយដឹកជញ្ជូននិងជម្រើសកម្សាន្តនៅក្នុងតំបន់។
ផ្គង់ផ្គង់អំពីគ្រឿងបរិក្ខារក្នុងផ្ទះនិងសង្កេតថាតើតំបន់នោះមានកន្លែងហាត់ប្រាណ អាងហែលទឹក បន្ទប់ហ្គេម បណ្ណាល័យ និងសួនច្បារ ដែរឬអត់៕