ដោយ វុត្ថា
ភ្នំពេញៈ អភិបាលខេត្តត្បូងឃ្មុំបានឱ្យដឹងថា រដ្ឋបាលខេត្តបាននឹងកំពុងរៀបចំតំបន់មួយនៅបរិវេណរដ្ឋបាលខេត្តថ្មី ទៅជាតំបន់ Smart Area នៅលើផ្ទៃដី២ហិកតា ខណៈទីក្រុងមួយចំនួន នៅតាមបណ្តាខេត្ត-រាជធានីធំៗរបស់ប្រទេសកម្ពុជា ត្រូវបានរៀបចំទៅជា Smart City។
លោក ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ”នាថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា នៅក្នុងទីក្រុងភ្នំពេញ និងទីក្រុងធំៗ ត្រូវបានគេអនុម័តនិងប្រែក្លាយទៅជា Smart City តែសម្រាប់ខេត្តត្បូងឃ្មុំ ត្រូវបានរៀបចំជា Smart Area ។
លោកបន្តថា “យើងប្រើត្រឹមតែ Smart Areaបានហើយ នៅលើទំហំដីប្រមាណ២ម៉ឺនម៉ែត្រការ៉េ ដែលស្មើនឹង២ហិកតាជាង” ។ លោកបន្តថា “ជាមួយគ្នានេះ យើងរៀបចំដើមឈើ និងដើមផ្កាផ្សេងៗដើម្បីប្រែក្លាយជាតំបន់បៃតង ហើយក៏ជាកន្លែងដែលស្រូប ខ្យល់អាកាសបរិសុទ្ធិនៅជុំវិញបុរីរដ្ឋបាលខេត្តទាំងមូល” ។
លោកបន្តថា “នាពេលបច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពុងបំពាក់អំពូលភ្លើង សាធារណៈនៅបរិវេណបុរីអគាររដ្ឋបាលខេត្ត នៅតាមបណ្តារផ្លូវចូលទៅកាន់ទីបុរីអគារដ្ឋបាលខេត្ត ជាមួយគ្នានេះក៏មានការរៀបចំសួនបឹងសិប្បនិមិត្ត ដើម្បីឱ្យក្លាយជា Smart Area ដោយមានការដាក់ Free Wifi ដើម្បីឱ្យពលរដ្ឋដែលទៅលេងទីនោះ អាចប្រើប្រាស់បានដោយសេរី។
លោកអភិបាលខេត្តបន្ថែមថា “នៅពេលដែលយើងរៀបចំនូវ Smart Area នេះបានរួចរាល់ហើយ នឹងទាក់ទាញភ្ញៀវទេសចរទាំងនៅក្នុងខេត្តត្បូងឃ្មុំ និង ខេត្តជាប់ជិតខាងរួមជាមួយនឹងមកពីបណ្តាខេត្តផ្សេងៗ ដូចជា ពីភ្នំពេញទៅលេងកម្សាន្ត និងទស្សនាផងដែរ” ។
រាជរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ២០១៧ បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលខេត្តត្បូងឃ្មុំ និងអគារផ្សេងៗមួយចំនួនទៀតដូចជា អគារដ្ឋបាលប្រមូលផ្តុំ ព្រមទាំងអគារស្នាក់នៅរបស់មន្ត្រីរាជការ។ អគារដ្ឋបាលនេះ មាបណ្តាញផ្លូវឆ្លងកាត់សុរបប្រវែង ២៦គីឡូម៉ែត្រ អាងស្តុកទឹកប្រើប្រាស់ ដែលអាចស្តុកទឹកបានប្រមាណ៣លានម៉ែត្រគូប និងស្ថានីយផលិតទឹកស្អាត ដែលមានសមត្ថភាផលិតទឹកស្អាត២០៨ ម៉ែត្រគូបក្នុងមួយម៉ោងផងដែរ។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា សមិទ្ធផលរបស់ប្រទេសជាតិ រួមទាំងសាលាខេត្តត្បូងឃ្មុំនេះផងដែរ បានកើតចេញពីប្រទេសជាតិមានសុខសន្តិភាព បន្ទាប់ពីភ្លើងសង្គ្រាមបានបិទបញ្ចប់ តាមរយៈការចរចាស្វែងរកសន្តិភាពជាមួយអ្នកនយោបាយគ្រប់ភាគី ជាពិសេសការដាក់ចេញយុទ្ធសាស្ត្រឈ្នះឈ្នះនាំយកទាហានខ្មែរក្រហមពីក្នុងព្រៃ ធ្វើឲ្យកម្ពុជាមានស្ថេរភាព និងបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុង។
សម្តេចតេជោបានអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញ មកទស្សនាទីរួមខេត្តថ្មីនេះ ព្រមទាំងអំពាវនាវ ឲ្យមានការសាងសង់ផ្ទះលក់ដោយបង់រំលស់ ក្នុងតម្លៃទាបជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ និងអំពាវនាវឲ្យមានការសាងសង់សណ្ឋាគារ នៅទីរួមខេត្តនេះផងដែរ ដើម្បីបម្រើដល់វិស័យទេសចរណ៍ ត្បិតខេត្តនេះតំបន់ប្រវត្តិសាសន៍ គឺអតីតរាជធានីក្នុងរជ្ជកាលព្រះស្តេចកន។
ខេត្តត្បូងឃ្មុំ ជាខេត្តថ្មីមួយរបស់កម្ពុជា ដែលបានបំបែកចេញពីខេត្តកំពង់ចាម មានផ្ទៃដីសរុប៥,២៥០.៥១គីឡូម៉ែត្រក្រឡា មានព្រំប្រទល់ខាងលិចជាប់នឹង ខេត្តកំពង់ចាម ខាងត្បូងជាប់នឹងខេត្តព្រៃវែង ខាងជើង ជាប់នឹងខេត្តក្រចេះ ខាងកើតជាប់ប្រទេសវៀតណាម ចែកចេញជា៦ស្រុក ១ក្រុង ៦២ឃុំ ២សង្កាត់ ៨៧៣ភូមិ។
ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ ។ បន្ទាប់ពីខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រាជរដ្ឋាភិបាលបានសម្រេចកំណត់ប្លង់គោល កសាងទីក្រុងនៃទីរួមខេត្តលើផ្ទៃដីទំហំប្រមាណពីរពាន់ហិកតា ក្នុងនោះមានដីរបស់រដ្ឋ ស្ថិតក្នុងចំការព្រៃម៉ៃសាក់ចំនួន៣២២ហិកតា ហើយហេ ដ្ឋារចនាសម្ព័ន្ធ និងគម្រោងអាទិភាពទីក្រុងនៃទីរួមខេត្តត្បូងឃ្មុំ ត្រូវបានបើកដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕