រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​កំពុង​រៀប​តំបន់​មួយ​ទៅជា Smart Area នៅលើ​ផ្ទៃដី២ម៉ឺន​ម៉ែត្រការ៉េ

0

ដោយ ​វុត្ថា

ភ្នំពេញៈ អភិបាលខេត្ត​ត្បូងឃ្មុំ​បានឱ្យដឹងថា រដ្ឋបាលខេត្ត​បាន​នឹង​កំពុង​រៀបចំ​តំបន់​មួយ​នៅ​បរិវេណ​រដ្ឋបាលខេត្ត​ថ្មី ទៅជា​តំបន់ Smart Area នៅលើ​ផ្ទៃដី២ហិកតា ខណៈ​ទីក្រុង​មួយចំនួន នៅតាម​បណ្តា​ខេត្ត-រាជធានីធំៗរបស់​ប្រទេស​កម្ពុជា ត្រូវបាន​រៀបចំ​ទៅជា Smart City។

លោក ជាម ច័ន្ទ​សោភ័ណ  អភិបាល នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី “វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្ត​ត្បូងឃ្មុំ”នា​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា នៅក្នុង​ទីក្រុង​ភ្នំពេញ និង​ទីក្រុងធំៗ ត្រូវបាន​គេ​អនុម័ត​និង​ប្រែក្លាយ​ទៅជា Smart City តែ​សម្រាប់​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​រៀបចំ​ជា Smart Area ។

លោក​បន្តថា  “យើង​ប្រើ​ត្រឹមតែ Smart Areaបាន​ហើយ នៅលើ​ទំហំ​ដី​ប្រមាណ២ម៉ឺន​ម៉ែត្រការ៉េ ដែល​ស្មើនឹង២ហិកតា​ជាង” ។ លោក​បន្តថា “ជាមួយគ្នានេះ យើង​រៀបចំ​ដើមឈើ និង​ដើម​ផ្កាផ្សេងៗដើម្បី​ប្រែក្លាយជា​តំបន់​បៃតង ហើយក៏​ជា​កន្លែង​ដែល​ស្រូប ខ្យល់អាកាស​បរិសុទ្ធិ​នៅ​ជុំវិញ​បុរី​រដ្ឋបាលខេត្ត​ទាំងមូល” ។

លោក​បន្តថា “នាពេល​បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត​កំពុង​បំពាក់​អំពូល​ភ្លើង សាធារណៈ​នៅ​បរិវេណ​បុរី​អគារ​រដ្ឋបាលខេត្ត នៅតាម​បណ្តារ​ផ្លូវ​ចូលទៅ​កាន់​ទី​បុរី​អគា​រដ្ឋបាលខេត្ត ជាមួយគ្នានេះ​ក៏មាន​ការរៀបចំ​សួន​បឹង​សិប្ប​និមិត្ត ដើម្បីឱ្យ​ក្លាយជា Smart Area ដោយមាន​ការដាក់ Free Wifi ដើម្បីឱ្យ​ពលរដ្ឋ​ដែល​ទៅលេង​ទីនោះ អាច​ប្រើប្រាស់​បាន​ដោយ​សេរី។

លោក​អភិបាលខេត្ត​បន្ថែមថា “នៅពេលដែល​យើង​រៀបចំ​នូវ Smart Area នេះ​បាន​រួចរាល់​ហើយ នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ និង ខេត្ត​ជាប់​ជិតខាង​រួមជាមួយ​នឹង​មកពី​បណ្តា​ខេត្តផ្សេងៗ ដូចជា ពី​ភ្នំពេញ​ទៅលេង​កម្សាន្ត និង​ទស្សនា​ផងដែរ” ។

រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ឆ្នាំ២០១៧ បានដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ និង​អគារផ្សេងៗមួយចំនួនទៀត​ដូចជា អគា​រដ្ឋបាល​ប្រមូលផ្តុំ ព្រមទាំង​អគារ​ស្នាក់នៅ​របស់​មន្ត្រី​រាជការ។ អគា​រដ្ឋបាល​នេះ មា​បណ្តាញ​ផ្លូវ​ឆ្លងកាត់​សុ​រប​ប្រវែង ២៦គីឡូម៉ែត្រ អាង​ស្តុក​ទឹក​ប្រើប្រាស់ ដែល​អាច​ស្តុក​ទឹកបាន​ប្រមាណ៣លាន​ម៉ែត្រគូប និង​ស្ថានីយ​ផលិត​ទឹកស្អាត ដែលមាន​សមត្ថ​ភា​ផលិត​ទឹកស្អាត២០៨ ម៉ែត្រគូប​ក្នុង​មួយ​ម៉ោង​ផងដែរ។

សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ធ្លាប់បាន​មានប្រសាសន៍ថា សមិទ្ធផល​របស់​ប្រទេសជាតិ រួមទាំង​សាលាខេត្ត​ត្បូងឃ្មុំ​នេះ​ផងដែរ បានកើត​ចេញពី​ប្រទេសជាតិ​មាន​សុខសន្តិភាព បន្ទាប់ពី​ភ្លើងសង្គ្រាម​បាន​បិទ​បញ្ចប់ តាមរយៈ​ការចរចា​ស្វែងរក​សន្តិភាព​ជាមួយ​អ្នកនយោបាយ​គ្រប់ភាគី ជាពិសេស​ការដាក់ចេញ​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​នាំយក​ទាហាន​ខ្មែរក្រហម​ពី​ក្នុងព្រៃ ធ្វើ​ឲ្យ​កម្ពុ​ជាមាន​ស្ថេរភាព និង​បិទ​បញ្ចប់​ភ្លើងសង្គ្រាម​ទាំងស្រុង។

សម្តេច​តេ​ជោ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​អញ្ជើញ មក​ទស្សនា​ទី​រួម​ខេត្ត​ថ្មី​នេះ ព្រមទាំង​អំពាវនាវ ឲ្យ​មានការ​សាងសង់​ផ្ទះ​លក់​ដោយ​បង់​រំលស់ ក្នុងតម្លៃ​ទាប​ជូន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ និង​អំពាវនាវ​ឲ្យ​មានការ​សាងសង់​សណ្ឋាគារ នៅ​ទី​រួម​ខេត្ត​នេះ​ផងដែរ ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ត្បិត​ខេត្ត​នេះ​តំបន់​ប្រវត្តិ​សាសន៍ គឺ​អតីត​រាជធានី​ក្នុង​រជ្ជកាល​ព្រះស្តេច​កន។

ខេត្ត​ត្បូងឃ្មុំ ជា​ខេត្ត​ថ្មី​មួយ​របស់​កម្ពុជា ដែល​បាន​បំបែក​ចេញពី​ខេត្តកំពង់ចាម មាន​ផ្ទៃដី​សរុប៥,២៥០.៥១គីឡូម៉ែត្រ​ក្រឡា មាន​ព្រំប្រទល់​ខាងលិច​ជាប់​នឹង ខេត្តកំពង់ចាម ខាងត្បូង​ជាប់​នឹង​ខេត្តព្រៃវែង ខាងជើង ជាប់​នឹង​ខេត្តក្រចេះ ខាងកើត​ជាប់​ប្រទេស​វៀតណាម ចែកចេញជា៦ស្រុក ១ក្រុង ៦២ឃុំ ២សង្កាត់ ៨៧៣ភូមិ។

ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ ។ បន្ទាប់ពី​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ រាជរដ្ឋាភិបាល​បានសម្រេច​កំណត់​ប្លង់គោល កសាង​ទីក្រុង​នៃ​ទី​រួម​ខេត្ត​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​ពីរពាន់​ហិកតា ក្នុងនោះ​មាន​ដី​របស់​រដ្ឋ ស្ថិតក្នុង​ចំការ​ព្រៃ​ម៉ៃសាក់​ចំនួន៣២២ហិកតា ហើយ​ហេ ដ្ឋា​រចនាសម្ព័ន្ធ និង​គម្រោង​អាទិភាព​ទីក្រុង​នៃ​ទី​រួម​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​បើក​ដ្ឋា​ន​សាងសង់​កាលពី​ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here