តំបន់ចំនួន ៣ ក្នុងរាជធានីភ្នំពេញ កំពុងមានសន្ទុះអភិវឌ្ឍលើវិស័យខុនដូជាហូរហែ

0

ដោយ ហ្សូលី

ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងស្ថិតក្នុងសភាពការណ៍វិជ្ជមានគួរឱ្យកត់សម្គាល់ ដោយមានការវិនិយោគជាបន្តបន្ទាប់ទៅលើការអភិវឌ្ឍលើវិស័យអចលនទ្រព្យ ជាក់ស្តែងដូចជា វិស័យខុនដូ ដែលកំពុងលាតសន្ធឹងខ្លួនយ៉ាងសង្ហារនៅលើតំបន់ចំនួន ៤ ក្នុងទីក្រុងភ្នំពេញ។

បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន VTrust Appraisal បានបង្ហាញអំពីការសិក្សាថ្មីមួយថា តម្រូវការខុនដូនៅកម្ពុជានឹងកើនដល់ ២៩៥,០០០យូនីត នៅឆ្នាំ២០៣០ខាងមុខ ដែលជាការកើនឡើង៥ដងពីចំនួន ៦១,៨០០ ធៀបនឹងឆ្នាំ ២០១៨។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Knight Frank ការអភិវឌ្ឍខុនដូបច្ចុប្បន្នបន្ទាប់ពីខណ្ឌចំការមនដែលមានចំនួន ៣៨ ភាគរយ នៃទីផ្សារសរុបនោះ គឺមានខណ្ឌសែនសុខ ១៥% ខណ្ឌបឹងកេងកង ១០% ជ្រោយចង្វារ ១០%។

ខណ្ឌសែនសុខ
ខណ្ឌមួយនេះកំពុងរីកមុខមាត់នៃការអភិវឌ្ឍអចលនទ្រព្យផ្សេងៗពិសេសលើវិស័យខុនដូ ដោយសារតែស្ថិតនៅក្នុងតំបន់កៀកនឹងទីក្រុង និងមានផ្លូវខ្វាត់ខ្វែងច្រើនគួរសម។
តាមប្រសាសន៍របស់អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE ប្រចាំប្រទេសកម្ពុជា លោកស្រី អាន សុធីតា ឱ្យដឹងថា ខណ្ឌសែនសុខកំពុងស្ថិតនៅក្នុងគោលដៅវិនិយោគនិងអភិវឌ្ឍលើវិស័យខុនដូកម្រិតមធ្យម និងកម្រិតសមរម្យផងដែរ។
លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុន ERA Cambodia ធ្លាប់បានមានប្រសាសន៍កាលពីកន្លងទៅថា ខុនដូនៅក្នុងខណ្ឌសែនសុខ មានតម្លៃសមរម្យ ដែលផ្តល់ឱកាសដល់អ្នកចង់វិនិយោគដែលទិញរួចអាចចំណេញបាននៅក្នុងថ្ងៃអនាគតបាន។

ខណ្ឌបឹងកេងកង
បើតាមឱ្យដឹងពីការពន្យល់របស់លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ថា តំបន់បឹងកេងកង គឺជាតំបន់ពាណិជ្ជកម្មកម្រិតខ្ពស់ CBD រួចស្រេចទៅហើយ។ ម្យ៉ាងក្រឡេកទៅមើលសក្តានុពលតំបន់វិញទៀតសោត មិនត្រឹមតែមានវត្តមានសំណង់អគារស្នាក់នៅ ខុនដូ និងអគារពាណិជ្ជកម្មធំៗ តែមួយមុខនោះទេ ប៉ុន្តែក៏មានបណ្តារអាហារដ្ឋាន ភោជនីយដ្ឋានលំដាប់អន្តរជាតិ ហាងកាហ្វេ ម៉ាត ផ្សារទំនើបបែបសហគមន៍ សាលារៀនអន្តរជាតិ និងគ្លីនិកឯកជនជាដើម ដែលជាកត្តាកាន់តែជម្រុញឱ្យខុនដូនៅតំបន់បឹងកេងកង មានប្រជាប្រិយភាពខ្ពស់។ លោកឧកញ៉ាបន្ថែមថា មិនមានអ្វីចម្លែកទេ ព្រោះតម្លៃដីធ្លីនៅតំបន់បឹងកេងកងបានឡើងយូរយារណាស់មកហើយ និងមានតម្លៃខ្ពស់រហូតដល់ ១០,០០០ដុល្លារឯណោះ អាស្រ័យទៅតាមប្រភេទដីនិងតម្រូវការជាក់ស្តែងរបស់អតិថិជន។

ខណ្ឌជ្រោយចង្វារ
លោកស្រី អាន សុធីតា បានបញ្ជាក់ពីមូលហេតុយ៉ាងច្បាស់អំពីការរិកលូតលាស់នៃការអភិវឌ្ឍវិស័យខុនដូនៅខណ្ឌជ្រោយចង្វារ ដោយហេតុថា តម្លៃដីនៅតំបន់ជ្រោយចង្វារនៅមានកម្រិត ដែលអនុញ្ញាតឱ្យវិនិយោគិនអាចវិនិយោគនិងផ្តល់តម្លៃល្អជូនដល់អតិថិជន ជាពិសេសងាយស្រួលក្នុងការចេញចូលទីក្រុងផងដែរ។
ទន្ទឹមនេះ អ្នកជំនាញលើវិស័យខុនដូ លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុន ERA Cambodia បានថ្លែងថា ទីផ្សារនៅក្នុងខណ្ឌជ្រោយចង្វារ កំពុងតែមានចរន្តទិញ-លក់ជាហូរហែ ទោះបីជាស្ថិតក្នុងវិបត្តិ Covid-19 ក៏ដោយ ក៏ខុនដូនៅខណ្ឌមួយនេះបន្តមានចរាចរណ៍ជាធម្មតា។ នេះជាសក្តានុពលនៃខុនដូក្នុងខណ្ឌជ្រោយចង្វារ ដោយសារមានភាពបត់បែនច្រើនទាំងតម្លៃ និងងាយស្រួលក្នុងការចរចាជាមួយម្ចាស់គម្រោង៕

LEAVE A REPLY

Please enter your comment!
Please enter your name here