អ្នកអភិវឌ្ឍន៍ៈការទិញលំនៅឋាននាពេលបច្ចុប្បន្នស្ថិតនៅក្នុងលក្ខខណ្ឌពិសេស

0

ដោយវុត្ថា

ភ្នំពេញៈ ស្របពេលដែលកម្ពុជាកំពុងតែជួបវិបត្តិ នៃការរីករាលដាលជាសកល នៃជំងឺCovid-19 នាពេលបច្ចុប្បន្ននេះ ក្រុមអ្នកអភិវឌ្ឍន៍លើវិស័យលំនៅឋាន បានឱ្យអះអាងថា ការទិញលក់លំនៅឋាននៅតែមានតម្រូវការ ខណៈដែលម្ចាស់គម្រោងបានផ្តល់លក្ខ​ខណ្ឌពិសេសជូនដល់អតិថិជន។

លោកម៉ាន់ ចាន់ឌី  អគ្គនាយកក្រុមហ៊ុន Premium Group បានប្រាប់គេហទំព័រPropertyarea.asia នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០នេះឱ្យដឹងថា បើទោះបីកម្ពុជាស្ថិតនៅក្នុងវិបត្តិជំងឺ Covid-19 យ៉ាងណាក្តី តែការតម្រូវការលំនៅឋាននៅតែមានជារៀងរាល់ថ្ងៃ ជាពិសេសគឺអ្នកដែលស្វែងរកទិញ ទទួលបាននូវលក្ខខណ្ឌពិសេសពីម្ចាស់គម្រោង។

លោកបន្តថ្លែងថា “តម្រូវការទិញលក់លំនៅឋាននៅតែមាន ហើយស្ថិតនៅក្នុងលក្ខណពិសេស ដូចជាទិញដោយគ្មានប្រាក់កក់ និងមានការថែមនូវសម្ភារៈប្រើប្រាស់ផ្សេងៗនៅក្នុងផ្ទះបាយ ដូចជាទូទឹកកកជាដើម” ។ លោកបន្ថែមថា “ទំាងលក្ខខណ្ឌនៃការបង់រំលស់ផ្ទះក៏ស្ថិតនៅក្នុងស្ថានភាពល្អប្រសើរផងដែរ”។

តែយ៉ាងណាក៏ដោយ  លោកច័ន្ឌឌីបានអះអាងថា ការទិញលក់លំនៅឋាននេះ ស្ថិតនៅក្នុងស្ថានភាពយឺតយ៉ាជាងពេលមុន ដែលមិនទាន់មានការផ្ទុះឡើយនៅជំងឺ Covid-19 កាលពីកន្លងមកនេះ។  លោកបន្តថា ទន្ទឹមនឹងការទិញលក់នៅតែមាន ក៏គម្រោងអភិវឌ្ឍន៍លំនៅឋាននានា នៅតែបន្តមានផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ។

ចំណែក លោក អ៊ីន ណាងអគ្គនាយកក្រុមហ៊ុន Show Up Real Estate   បានឱ្យដឹងដែរថា ជាការពិតតម្រូវការលំនៅឋានសម្រាប់រស់នៅនៅតែមាន ហើយមានលក្ខខណ្ឌពិសេស ខណៈការទិញលក់លំនៅឋានសម្រាប់ធ្វើការវិនិយោគបន្តមិនទាន់មាននោះទេ។

លោកថ្លែងថា “នាពេលបច្ចុប្បន្ននេះម្ចាស់គម្រោងមួយចំនួន បាននឹងកំពុងបន្ធូរបន្ថ​យនូវលក្ខខណ្ឌពិសេសដល់អតិថិជនរបស់ខ្លួន តាមរយៈការបោះរំលស់១០០ភាគរយ និងផ្តល់នូវសម្ភារៈប្រាស់ប្រាស់ផ្សេងៗ  ហើយបើមិនបន្ធូរបន្ថយទេ យើងមានការលំបាក”។

​លោកបន្ថែមថា  “នៅពេលដែលអ្នកអភិវឌ្ឍន៍បន្ធូបន្ថយ នូវលក្ខខណ្ឌពិសេនេះអតិ​ថិ​ជនដែលជាអ្នកស្វែងរកលំនៅឋានសម្រាប់រស់នៅ ហើយមានលទ្ធភាពគួរតែទិញទុកអោយហើយ  ជាពិសេសតម្លៃក៏មានលក្ខខណៈសមរម្យ  បើទៅមុខទៀត តម្លៃនឹងមានការកើនឡើង”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា វិបត្តិនៃជំងឺ Covid-19 មិនមែនជាឧបសគ្គ ក្នុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសកម្ពុជានោះទេ ជាពិសេសគម្រោងលំនៅឋានដែលមានតម្លៃសមរម្យ ខណៈដែលប្រជាពលរដ្ឋកម្ពុជានៅតែមានលទ្ធភាពទិញសម្រាប់រស់នៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here