ដោយៈ រ៉ាណេត
ភ្នំពេញៈ បន្ទាប់ពីគម្រោងអភិវឌ្ឍន៍ធំៗ ដែលវិនិយោគដោយរាជរដ្ឋាភិបាលកម្ពុជាចំនួន៣ នៅភាគខាងត្បូងរាជធានីភ្នំពេញត្រូវបានបង្ហាញ បានជំរុញឱ្យវិស័យដីធ្លីនៅតំបន់នេះកាន់តែមានសក្ដានុពលខ្ពស់ ប៉ុន្តែសម្រាប់តម្រូវការទីផ្សារ ហាក់មិនទាន់មានសកម្មភាពទិញ-លក់ខ្លាំងក្លានោះទេនៅក្នុងដំនាក់កាលនេះ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នេះថា វត្តមាននៃគម្រោងអភិវឌ្ឍន៍ ដែលវិនិយោគដោយរាជរដ្ឋាភិបាលកម្ពុជាទាំង៣ រួមមានគម្រោងសាងសង់ផ្លូវក្រវ៉ាត់ទីក្រុងទី៣ គម្រោងស្ថាបនាផ្លូវជាតិលេខ២ ជាពិសេសគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញថ្មី បានបង្កើនប្រជាប្រិយភាពវិស័យដីធ្លីនៅភាគខាងត្បូងក្រុងយ៉ាងខ្លាំង។
លោកបន្តទៀតថា “ភាពរីកចម្រើន និងតម្រូវការទីផ្សារដីធ្លីនៅភាគខាងត្បូងរាជធានីភ្នំពេញខាងលើនេះ គឺមានភាពខុសគ្នា ហើយកម្រិតនៃការឡើងថ្លៃក៏ខុសគ្នាដែរ ដែលវាអាស្រ័យទៅតាមគម្រោងអភិវឌ្ឍន៍នីមួយៗ”។លោកបន្តថា “នៅក្នុងអំឡុងពេលនេះ បើទោះស្ថានភាពនៃវិស័យដីធ្លី នៅតំបន់ខាងលើមានភាពល្អប្រសើរក្ដី សម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍របស់វិស័យឯកជននៅមានកម្រិតនោះឡើយ ដោយហេតុថាជាប់ពាក់ព័ន្ធទៅនឹងវិបត្តិសេដ្ឋកិច្ចដែលកំពុងកើតមាន”។
ស្ថាបនិកក្រុមហ៊ុន King Residence លោក ខុម មុនីរតន៍ បានមានប្រសាសន៍ថា “តម្លៃដីនៅតំបន់អភិវឌ្ឍន៍លើនេះ បានឡើងថ្លៃតាំងពីពាក់កណ្តាលឆ្នាំ២០១៩ គ្រាដែលគម្រោងសាងសង់ព្រលានយន្តហោះទើបតែប្រកាស ហើយលទ្ធផលនៃការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ក៏នៅមិនទាន់សម្រេចបានច្រើនឡើយ”។ លោកបញ្ជាក់ទៀតថា “យើងទទួលស្គាល់ថាបច្ចុប្បន្ននេះ វិស័យដីធ្លីនៅភាគខាងត្បូងរាជធានីភ្នំពេញ នៅតែបន្តរក្សាបានស្ថានភាពល្អ បន្តែសម្រាប់តម្លៃគឺនៅមិនទាន់មានការកើនឡើងខ្ពស់ ជាងតម្លៃចាស់នោះទេ ហើយបើឡើង គឺឡើងតិចតួចប៉ុណ្ណោះ”។
លោកខុម មុនីរតន៍ បានបញ្ជាក់ថា នៅក្នុងដំណាក់កាលនេះ មិនថាចំពោះតែអ្នកវិនិយោគក្នុងវិស័យដីធ្លី ក៏ដូចជាអ្នកអភិវឌ្ឍន៍នោះទេ ភាគច្រើនពួកគេមិនសូវបញ្ចេញកញ្ចប់សាច់ប្រាក់ច្រើននោះទេ លើកលែងតែពួកគេសំឡឹងឃើញច្បាស់ថា មានឱកាសចំណេញខ្ពស់ ឬតម្លៃដីធ្លីទាបជាងទីផ្សារខ្លាំង ទើបពួកគេសម្រេចចិត្ត ប៉ុន្តែទោះជាយ៉ាងណា ការបញ្ចេញកញ្ចប់ថវិកា សម្រាប់វិនិយោគទាំងនេះក៏នៅតែមានកម្រិតដដែល។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Coldwell Banker លោក Ken Lo បានមានប្រសាសន៍ថា “គម្រោងអភិវឌ្ឍន៍ធំៗ ដែលវិនិយោគដោយរាជរដ្ឋាភិបាលខាងលើនេះ បានជំរុញនិងទាក់ទាញឱ្យមានការវិនិយោគបន្ថែម ពីវិស័យឯកជនជាច្រើន ជាពិសេសទៅលើវិស័យអចលនទ្រព្យ ដែលជាការចូលរួមអភិវឌ្ឍន៍នៅភាគខាងត្បូងក្រុងមួយនេះកាន់តែខ្លាំង។
លោកបានបន្តថា “បច្ចុប្បន្ននេះ មានអ្នកវិនិយោគនៅក្នុងវិស័យដីធ្លីជាច្រើន បាន និងកំពុងផ្តោតគោលដៅទៅតំបន់ខាងលើនេះ ដែលបានជំរុញឱ្យសកម្មភាពនៃទិញ លក់ មានចលនា ហើយតម្លៃក៏មានការកើនឡើងផងដែរ”។ លោកបន្តថា “ជាក់ស្ដែងតម្លៃដីដែលស្ថិតនៅស្របផ្លូវជាតិលេខ២ មានការកើនឡើងខ្លាំងរហូតដល់តំបន់ខ្លះ មានតម្លៃចាប់ពី៣០០-៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដែលកាលពី២ឆ្នាំំមុន ទីតាំងដដែលនេះមានតម្លៃត្រឹមជាង១០០-២០០ដុល្លារក្នុងមួយម៉ែត្រតែប៉ុណ្ណោះ”។
លោកបន្តទៀតថា សម្រាប់តម្លៃដីនៅជាប់តំបន់ផ្លូវក្រវ៉ាត់ទីក្រុង ដែលស្ថិតនៅប៉ែកខាងត្បូងក្រុងក៏មានការកើនឡើងផងដែរ ដែលកាលពីឆ្នាំកន្លងទៅមានតម្លៃក្រោម១០០ដុល្លារ ឬ ត្រឹម១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែក្រោយពេលគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣លេចចេញជារូបរាង តម្លៃបានកើនឡើងរហូតដល់ជិត២០០ដុល្លារ ហើយវានឹងបន្តឡើងទៀត នៅឆ្នាំបន្ទាប់ក្រោយគម្រោងត្រូវបានបញ្ចប់។ ដោយឡែកសម្រាប់តំបន់ដែលស្ថិតក្បែរព្រលានយន្ដហោះអន្តរជាតិ-ភ្នំពេញថ្មី ក៏កំពុងបន្តការកើនឡើងនូវតម្លៃផងដែរ ខណៈដែលមានវិស័យឯកជនក្នុងស្រុក និងក្រៅស្រុកកំពុងតែសម្លឹងកមណត់គោលដៅក្នុងការវិនិយោគ និងអភិវឌ្ឍន៍៕