ដោយ វុត្ថា
ភ្នំពេញៈ លោកនាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងអ្នកឧកញ៉ា ពុង ឃាងសែបានននៅថ្ងៃទី៣ កក្កដាកន្លងមកនេះ បានចុះហត្ថលេខា លើផែនការមេសាងសង់ចុងក្រោយ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។
អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ មានទីតាំងស្ថិតនៅក្នុង ស្រុកកណ្តាលស្ទឹង ស្រុកស្អាងខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។
គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថាបនាលើដីទំហំប្រមាណ២ ៦០០ ហិកតា មានបណ្តោយប្រមាណ៦គីឡូម៉ែត្រ និងទទឹងប្រមាណ៤គីឡូម៉ែត្រ ។ ដំណើការ នៃការសាងសង់ព្រលានយានដ្ឋានអន្តរជាតិភ្នំពេញថ្មី អាចនឹងរួចរាល់នៅឆ្នាំ២០២៣ខាងមុខនេះ។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ក្រោយពេលសាងសង់រួចមានសមត្ថភាពអាកាសយានដ្ឋានបន្ទាប់ពីសាងសង់រួច នៅដំណាក់កាលទី១ ឆ្នាំ២០២៣ ទទួលអ្នកដំនើរ១៣លាននាក់។ ដំណាក់កាលទី២ ឆ្នាំ២០៣០អាចទទួលអ្នកដំណើរ៣០លាននាក់និងដំណាក់កាលទី៣ នាឆ្នាំ២០៥០ ព្រលានយន្តហោះនេះអាចទទួលអ្នកដំណើរបានរហូតដល់៥០លាននាក់។
ព្រលានយន្តហោះថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ១៥០០លានដុល្លារ ដែលជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចអនុញ្ញាត្តឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតា អភិវឌ្ឍន៍ជាព្រលានយន្តហោះថ្មីនេះឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី៕