រោងចក្រ​កែច្នៃ​ដូងប្រេង​របស់លោក​ឧក​ញ៉ា ម៉ុង ឫទ្ធី មានលទ្ធភាព​អាច​ផលិត​បាន ៤៥តោន​ក្នុង១ម៉ោង​កំពុង​ជួប​ការខាតបង់

0

ដោយ ៖ វុត្ថា  

ព្រះសីហនុ ៖ រោងចក្រ​កែច្នៃ​ដូងប្រេង​ដ៏​ទំនើប​របស់លោក​ឧកញ៉ា​បណ្ឌិត ម៉ុង ឫទ្ធី សេដ្ឋី​កសិកម្ម​ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អាចមាន​លទ្ធភាព​ក្នុងការ​ផលិត​បាន​រហូត​ដល់ ៤៥តោន​ក្នុង​រយៈពេល​ត្រឹមតែ១ម៉ោង កំពុងតែ​ទទួលរង​នូវ​ការខាតបង់​យ៉ាងច្រើន​ដោយសារ​កំណើន​ផ្លែ​ដូង​កើនឡើង​ហួស​ផែនការ។

លោក​ឧកញ៉ា​បណ្ឌិត ម៉ុង ឫទ្ធី បាន​សរសេរ​នៅលើ​បណ្តាញ​ផ្សព្វផ្សាយ​ផ្លូវការ​របស់លោក​កាលពី​យប់​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ថា នៅវេលា​ម៉ោង១រសៀល​ថ្ងៃ​សុក្រ​ទី៣ ខែកក្កដា ឆ្នាំ២០២០ចុះមក​ពិនិត្យមើល​រោងចក្រ​កែច្នៃ​ផ្លែ​ដូងប្រេង​ដែលមាន​កម្លាំង​ផលិត៤៥តោន​ក្នុង​មួយ​ម៉ោង ចំការ​ដូងប្រេង​នេះ​មាន​ទីតាំង​ស្ថិតនៅ​នៅក្នុង​ខេត្ត​ព្រះសីហនុ។

លោក​ឧកញ៉ា​បាន​បញ្ជាក់ថា “ជាមួយនឹង​ដំណើរការ​រោងចក្រ​នេះ ក្រុមហ៊ុន​បានចាប់ផ្តើម​បណ្តុះ​កូន​ដាំ​ដំបូង​កាលពី​ឆ្នាំ១៩៩៦ ជា​បន្តបន្ទាប់​ដាំ​ប្រមាណ​ជា២ម៉ឺន​ហិកតា កាលពី​ឆ្នាំ២០០០ យើង​ង​បាន​សាងសង់​រោងចក្រ​កែច្នៃ​ទី១ ដែលមាន​កម្លាំង​ផលិត៣០តោន​ក្នុង​មួយ​ម៉ោង នៅក្នុង​ឆ្នាំ២០១៥ យើង​បាន​សាងសង់​រោងចក្រ​កែច្នៃ​ថ្មី​មួយទៀត​ដែលមាន​កម្លាំង​ផលិត៤៥តោន​ក្នុង​មួយ​ម៉ោង” ។

លោក​បន្តថា “នៅពេល​មាន​វិបត្តិ​កូ​រូ​ណា​នេះ​ក្រុមហ៊ុន​មិនបាន​បញ្ឈប់​បុគ្គលិក​កម្មករ​ទេ ថែមទាំង​បាន​បង្កើន​ការថែទាំ ដាក់​ជី​ប្រមូល​ផល​ជាធម្មតា។ បើតាម​ការព្យាករណ៍​ឆ្នាំ២០២០នេះ យើង​អាច​ទទួលផល​បានតែ ២៧០ ០០០ តោន ទេ តែបើ​តាម​ពិនិត្យមើល​កំណើន​ផល​ផ្លែ​ដូង​អាច​កើនឡើង​រហូតដល់ ៣០០ ០០០ តោន តែ​ជា​អកុសល រោងចក្រ​កែច្នៃ​ទាំង២នេះ​មិនអាច​ទទួល​យកទៅ​កែច្នៃ​បាន​គ្រប់​ចំនួន​នោះទេ ធ្វើអោយ​ផល​ផ្លែ​ដូងប្រេង​នៅសល់​លើ​ទីលាន ប្រមាណ​ជាជាង ៥០០០តោន បណ្តាលអោយ​រលួយ​ស្អុយ​ចោល ខាតបង់​ថវិការ​យ៉ាងធ្ងន់ធ្ងរ” ។

ជាមួយនឹង​សំណេរ​បញ្ជាក់​ពី​ភាព​ខាតបង់​ថវិកា​យ៉ាងធ្ងន់ធ្ងរ​ខាងលើនេះ លោក​ឧកញ៉ា​បានលើកឡើង​ផងដែរ​ថា បើតាម​ការ​អោយដឹង​ក្រៅផ្លូវការ​មក​ថា ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ប្រទេស​ថៃ មានការ​ថយចុះ​ផល​ផ្លែ​ដូង​គួ​អោយ​កត់សំគាល់ ចំណែកឯ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​វិញ​បែ​ទៅជា​មាន​កំណើន​ផល​ផ្លែ​ដូងប្រេង​ទៅវិញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here