ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ តំបន់ព្រែកឯង ក្នុងខណ្ឌច្បារអំពៅ នៅពេលបច្ចុប្បន្ននេះ បាន និងកំពុងផ្លាស់ប្ដូរមុខមាត់ថ្មីជាមួយនឹងគម្រោងអភិវឌ្ឍន៍ជាច្រើន ជាពិសេស វិស័យលំនៅដ្ឋានបែបទំនើបតម្លៃសមរម្យ ដែលមានមិនក្រោម៥គម្រោងនោះទេ។
រុញច្រានបន្តពីតំបន់ដែលមានការអភិវឌ្ឍខ្លាំងលើវិស័យលំនៅដ្ឋានបឹងស្នោរ ពេលនេះ មានគម្រោងអភិវឌ្ឍន៍ជាច្រើន បាន និងកំពុងបង្ហាញវត្តមាននៅតំបន់ព្រែកឯង ហើយក្នុងនោះក៏មានគម្រោងអភិវឌ្ឍន៍សំណង់អាគារខុនដូ និងអាផាតមិនមួយចំនួនទៀតផងដែរ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នេះថា បច្ចុប្បន្នមិនថាចំពោះតំបន់មួយណានោះទេ ឱ្យតែនៅជាប់ជាយក្រុងគឺសុទ្ធ តែមានសក្ដានុពល និងមានតម្រូវការខ្ពស់ក្នុងការប្រើប្រាស់ដីទាំងអស់។ លោកបានបន្តទៀតថា ចាប់ពីបឹងស្នោររហូតដល់កំណាត់ផ្លូវលេខ១១៤ ឬផ្លូវរោងចក្រស្រាបៀរថៃហ្គ័រ បែកចេញពីផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ព្រែកឯង គឺកំពុងមានសក្ដានុពល និងភាពទាក់ទាញខ្លាំង។
លោកបន្តថា “ចាប់ពីចំណុចផ្លូវបំបែកចេញពីផ្លូវជាតិលេខ១ រហូតដល់ចំណុចរោងចក្រផលិតស្រាបៀរថៃហ្គ័រ ភាគច្រើនត្រូវបានក្លាយជាតំបន់លំនៅដ្ឋានកម្រិតខ្ពស់ ឬផ្ទះលំហែរកាយរបស់អភិជនរួចទៅហើយ។ ដោយឡែកចាប់ពីចំណុចរោងចក្រផលិតស្រាបៀរថៃហ្គ័រ រហូតដល់ចំណុចរង្វង់មូលស្ពានទន្លេបាសាក់ គឺនៅមានដីទំនេរច្រើន ប៉ុន្តែមិនមានទំហំធំៗដែលអាចធ្វើជាបុរីនោះទេ ហើយក៏មានតម្លៃថ្លៃផងដែរ។ ដីដែលនៅជាប់នឹងផ្លូវធំនេះ មានសក្ដានុពល និងអាចអភិវឌ្ឍន៍ជាបណ្តុំលំនៅដ្ឋាន” ។
លោកបានបញ្ជាក់ថា “វិស័យដីធ្លីនៅតំបន់ព្រែកឯងមានតម្រូវការខ្ពស់សម្រាប់ការអភិវឌ្ឍវិស័យលំនៅដ្ឋាន ប៉ុន្តែមិនអាចមានទ្រង់ទ្រាយធំទូលាយនោះទេ ដោយសារតែតម្លៃដីឡើងថ្លៃខ្ពស់ ហើយមិនសូវមានដីទំនេរធំនោះទេ ហើយតម្លៃដីនៅតំបន់នេះនៅតែបន្តឡើងទៀត ដែលផ្តល់ឱកាសសម្រាប់អ្នកវិនិយោគនៅក្នុងតំណាក់កាលនេះ។
តំបន់នេះបច្ចុប្បន្ន ត្រូវបានអ្នកជំនាញអះអាងថា តម្លៃដីបានឡើងខ្ពស់រួចទៅហើយ ដែលយ៉ាងហោចណាស់ដីដែលនៅជាប់ផ្លូវ១១៤ មានតម្លៃក្នុងរង្វង់ ៣៥០-៤៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលវាក៏អាស្រ័យទៅតាមទ្រង់ទ្រាយ និងទំហំដី។ ដោយឡែកចំពោះដីដែលស្ថិតនៅតំបន់ខាងក្នុងដូចជា តំបន់បោះអង្គាញ់ អាចមានតម្លៃចាប់ពី ១៥០ -២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយនៅថ្ងៃខាងមុខ តម្លៃនឹងបន្តឡើងថ្លៃជាងនេះ។
ជាមួយនឹងតម្រូវការនៃការប្រើប្រាស់ដីធ្លីសម្រាប់អភិវឌ្ឍន៍លំនៅដ្ឋានបែបទាន់សម័យនៅក្នុងតំបន់ព្រែកឯងដែលមានមិនតិចជាង៥គម្រោងធំៗ ក្នុងនោះក៏មានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន រំដួលវីឡាព្រែកឯង ដែលកំពុងមានភាពលេចធ្លោក្រោមការទទួលបានចំណាប់អារម្មណ៍ពីសំណាក់មហាជន។ គម្រោងមួយនេះស្ថិតនៅក្នុងទីតាំងដែលពោរពេញទៅដោយសក្ដានុពល អំណោយផលលើកក្តាភូមិសាស្ត្រ មានផ្លូវធំៗចំនួន៣នៅព័ទ្ធជុំវិញរួមជាមួយគម្រោងអភិវឌ្ឍន៍ផ្លូវ៣០ម៉ែត្ររបស់រដ្ឋាភិបាល ផ្ដល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍។ នៅក្នុងគម្រោង រំដួលវីឡាព្រែកឯង បានសាងសង់លំនៅដ្ឋានបែបទាន់សម័យជា៣ប្រភេទ រួមមានប្រភេទ Link House ប្រភេទ Shop House ប្រភេទ Villa កូនកាត់ និងវីឡាភ្លោះ យ៉ាងស្រស់ស្អាត ទំនើប និងស៊ីវិល័យបំផុតស្ថិតនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បុគ្គលិកផ្នែកលក់ជាន់ខ្ពស់នៃគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបទំនើប រំដួលវីឡាព្រែកឯង បានប្រាប់ឱ្យដឹងថា ទីតាំងដែលក្រុមហ៊ុនកំពុងធ្វើការអភិវឌ្ឍបច្ចុប្បន្ន គឺមានលក្ខណៈល្អប្រសើរ ងាយស្រួលទាំងការរស់នៅ ក៏ដូចជាការប្រកបអាជីវកម្មផ្សេងៗផងដែរ។ នៅជុំវិញគម្រោង ក្រៅពីមានហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលស្របតាមប្លង់គោលរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺមានគម្រោងអភិវឌ្ឍន៍ផ្សេងទៀតជាច្រើន ដែលក្នុងនោះរួមមានគម្រោងសំណង់បុរីលំនៅដ្ឋានចំនួន៥ គម្រោងសាងសង់ខុនដូ អាផាតមិន និងតំបន់កម្សាន្តកែច្នៃ។
បុគ្គលិកដដែលបានបន្តទៀតថា លក្ខណៈពិសេសរបស់គម្រោង ក្រៅពីស្ថិតនៅក្នុងតំបន់ទីប្រជុំក្នុងភូមិចាស់ដែលមានប្រជាជនរស់នៅស្រាប់ គឺមានផ្លូវធំជាច្រើនខ្សែរ ងាយស្រួលចរាចរណ៍ចេញចូលក្រុង ទាំងរាជធានីភ្នំពេញ ទាំងក្រុងតាខ្មៅតាមរយៈជាតិលេខ១១៤ រួមជាមួយនឹងផ្លូវជាតិលេខ១ផងដែរ។ ដោយឡែកសម្រាប់សំណង់លំនៅដ្ឋានសុទ្ធតែត្រូវបានយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាពជាសំខាន់បន្ថែមពីលើការរចនាម៉ូដបែបទាន់សម័យ និងវិចិត្រភាពបំផុត។ សម្រាប់ព័ត៌មានលម្អិតពីគម្រោង រំដួលវីឡា ព្រែកឯង សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ 092 347 779 / 015 322 247 / 068 788 066៕