គម្រោងវិនិយោគជាច្រើនកំពុងបង្ហាញវត្តមាននៅតំបន់ឧដុង្គ ជាយក្រុងភ្នំពេញ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ មិនខុសពីបណ្តាតំបន់មួយចំនួនទៀតដែលស្ថិតនៅជាយក្រុងកំពុងមានការទិញ-លក់ ជាមួយនឹងសកម្មភាពអភិវឌ្ឍន៍របស់វិស័យឯកជន សម្រាប់តំបន់ជុំវិញភ្នំឧដុង្គ ក៏កំពុងមានគម្រោងជាច្រើនចូលទៅបង្ហាញវត្តមានផងដែរ ដែលក្នុងនោះរួមមានវិស័យឧស្សាហកម្ម រោងចក្រ សហគ្រាស ឃ្លាំង និងវិស័យលំនៅដ្ឋានជាដើម។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា តំបន់បានលើកឡើងខាងលើនេះ ពិតជាកំពុងតែមានតម្រូវការប្រាកមែន ព្រោះស្ទើរតែគ្រប់តំបន់ជាយក្រុងរាជធានីភ្នំពេញទាំងអស់គឺសុទ្ធតែមានតម្រូវការប្រើប្រាស់ដីទាំងអស់ ជាពិសេសត្រឹមចម្ងាយចាប់ពីប្រមាណ ជាង៣០គីឡូម៉ែត្រពីក្រុង។

លោកបានបន្តទៀតថា “តំបន់ខាងលើនេះគឺមានភាពល្អប្រសើរច្រើន ក្រៅពីនៅជិតក្រុង និងមានផ្លូវហាយវេ (ផ្លូវជាតិលេខ៥) និងផ្លូវជាតិលេខ៥១ ដែលរដ្ឋាភិបាលកំពុងតែធ្វើការកែលម្អជាបណ្តើរ ដើម្បីផ្តល់ភាពងាយស្រួលដល់ការដឹកជញ្ជូន ហើយតំបន់នេះនៅមានវិសាលភាពធំទូលាយ ងាយស្រួលអភិវឌ្ឍន៍ ហើយតម្លៃក៏នៅធូរថ្លៃ”។
លោកបានបន្តទៀតថា “កត្តាភូមិសាស្ត្រនៅទីនេះល្អប្រសើរទាំងការរស់នៅ ក៏ដូចជាផ្តល់ភាពងាយស្រួលដល់វិស័យដឹកជញ្ជូន ជាក់ស្ដែងក្រៅពីមានផ្លូវជាតិលេខ៥ ដែលជាផ្លូវហាយវេ ថែមទាំងមានភាពងាយស្រួលក្នុងការឆ្លងទៅកាន់ផ្លូវជាតិលេខ៦ តាមស្ពានព្រែកក្ដាម និងឆ្ពោះទៅផ្លូវជាតិ៤ តាមផ្លូវ៥១ ដែលកំពុងតែមានសន្ទុះការអភិវឌ្ឍខ្លាំង និងមានតម្រូវការប្រើប្រាស់ដីខ្ពស់នាពេលបច្ចុប្បន្ននេះ។

នាយកគ្រប់គ្រងទីផ្សារក្រុមហ៊ុន វិមាន អចលនទ្រព្យ លោក សំ ថាវី បានមានប្រសាសន៍ឱ្យដឹងផងដែរថា ពីមុនដីនៅតំបន់នេះ ហាក់មិនសូវមានគេចាប់អារម្មណ៍នោះទេ ដោយហេតុផលថា ភាគច្រើនជាប្រភេទដីលិចទឹក ប៉ុន្តែពេលនេះមិនដូចមុននោះទេ។ លោកបញ្ជាក់ថា “មូលហេតុដែលធ្វើឱ្យមានការចាក់បញ្ចូលនៃចំនួនអ្នកវិនិយោគ ចូលទៅតំបន់នេះ ដោយសារតែតម្លៃដីនៅក្នុងតំបន់រាជធានីភ្នំពេញមានសភាពថ្លៃ ពិបាកក្នុងការទទួលបានចំណេញពីការអភិវឌ្ឍ ដូច្នេះចង់មិនចង់តំបន់ជាយក្រុងត្រូវតែជាជម្រើសរបស់ពួកគេ។

លោកលើកឡើងថា បច្ចុប្បន្នមានក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុកជាច្រើន បាន និងកំពុងបង្ហាញពីសកម្មភាពយ៉ាងមមាញឹកទៅលើគម្រោងរបស់ខ្លួន ជាពិសេសនៅតំបន់ជិតជើងភ្នំឧដុង្គតែម្ដង ដែលនៅក្នុងនោះរួមមានការអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យសម្រាប់ស្នាក់នៅ និងបង្កើតអាជីវកម្ម ការសាងសង់លំនៅដ្ឋានសម្រាប់ជួលដល់កម្មករ-កម្មការិនីរោងចក្រ ក៏ដូចជាគម្រោងអភិវឌ្ឍន៍ពុះដីឡូតិ៍ផងដែរ។
លោកបានបញ្ជាក់ថា “នៅពេលមានគម្រោងអភិវឌ្ឍន៍កាន់តែច្រើន ជាពិសេសវិស័យឧស្សាហកម្ម វានឹងជម្រុញឱ្យការអភិវឌ្ឍលើវិស័យលំនៅដ្ឋានកើតមានឡើង ដែលជាកត្តាធ្វើឱ្យតម្រូវការនៃការប្រើប្រាស់ដីកើតមាន ហើយតម្លៃដីធ្លីក៏កើនឡើងខ្ពស់ផងដែរ។ ខ្ញុំគិតថា ពេលនេះ វានៅតែជាឱកាសសម្រាប់អ្នកវិនិយោគក្នុងវិស័យដីធ្លី និងលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យមនៅឡើយ ដោយសារតែតម្លៃដីនៅមានកម្រិតនៅឡើយ”។

លោក សំ ថារី បានបញ្ជាក់ថា “ទាំងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ជាពិសេសគម្រោងដីឡូតិ៍ គឺមានសកម្មភាពទិញលក់យ៉ាងច្រើន។ ជាក់ស្ដែង គម្រោងរបស់ក្រុមហ៊ុន វិមាន អចលនទ្រព្យ ដែលខ្ញុំកំពុងកាន់សព្វថ្ងៃនេះ គឺមានអតិថិជនជាច្រើនគាំទ្រ ដោយសារតែទីតាំងរបស់គម្រោងស្ថិតកន្លែងមានសក្ដានុពល ដែលហ៊ុព័ទ្ធទៅដោយលំនៅឋានរបស់ប្រជាជន មានរោងចក្រ សហគ្រាស រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត ដែលនឹងត្រូវសាងសង់ក្នុងពេលដ៏ខ្លីខាងមុខនេះ”។

លោកបន្តទៀតថា “ចំពោះអតិថិជនដែលគាំទ្រគម្រោង មានអ្នកខ្លះទិញសម្រាប់សាងសង់លំនៅដ្ឋានស្នាក់ជាកម្មសិទ្ធិ ហើយអ្នកខ្លះគាត់ទិញសម្រាប់ទុកវិនិយោគបន្តយកចំណេញនៅថ្ងៃខាងមុខ ដោយសារពួកគាត់បានដឹងពីគម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់ និងជុំវិញតំបន់ឧដុង្គ។ ពេលនេះតម្លៃដី គឺទាបជាងទីផ្សារនៅឡើយ ដែលជាឱកាសសម្រាប់អតិថិជនដែលបំណង់ចង់ទិញទុកវិនិយោគយកចំណេញ ហើយបើរង់ចាំបន្តិចទៀត តម្លៃអាចនឹងបន្តឡើងថ្លៃ ជាពិសេសក្រោយពេលសំណង់លំនៅឋាន រោងចក្រ សហគ្រាសនានា បង្ហាញខ្លួន”។

សម្រាប់ព័ត៌មានលម្អិតពីគម្រោង វិមាន អចលនទ្រព្យ លោកអ្នកអាចទាក់ទងតាមរយៈទូរស័ព្ទ ៖ ០៣១ ២២ ២២ ០៧១

LEAVE A REPLY

Please enter your comment!
Please enter your name here