ដោយវុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលបានចេញវិញ្ញាបនបត្រ ប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់បានចំនួន២៥២ក្រុមហ៊ុន គិតត្រឹមឆមាសទី១ ឆ្នាំ២០២០នេះ បើធៀបនឹងរយៈពេលដូចគ្នា មានចំនួន១៨៩ក្រុមហ៊ុន កើនឡើង៦៣ក្រុមហ៊ុនស្មើនឹង៣៣,៣៣ភាគរយ។

ដោយវុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលបានចេញវិញ្ញាបនបត្រ ប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់បានចំនួន២៥២ក្រុមហ៊ុន គិតត្រឹមឆមាសទី១ ឆ្នាំ២០២០នេះ បើធៀបនឹងរយៈពេលដូចគ្នា មានចំនួន១៨៩ក្រុមហ៊ុន កើនឡើង៦៣ក្រុមហ៊ុនស្មើនឹង៣៣,៣៣ភាគរយ។

យោងតាមរបាយការណ៍រក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២០នេះបានឱ្យដឹងថា ក្រសួងបានចុះបញ្ជីក្រុមហ៊ុនក្នុងស្រុកចំនួន១៥៤ ដែលមានក្រុមហ៊ុនសាងសង់ចំនួន១៤១ក្រុមហ៊ុន និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ចំនួន១៣ក្រុមហ៊ុន។
ជាមួយគ្នានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចុះបញ្ជីក្រុមហ៊ុនបរទេសបានចំនួន៩៨ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនសាងសង់ចំនួន៩៥ និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ចំនួន៣ក្រុមហ៊ុន ។
គិតចាប់តាំងពីឆ្នាំ២០០០ ដល់ខែមិថុនា ឆ្នាំ ២០២០នេះ ក្រសួងបានចុះបញ្ជីក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់បានចំនួន២៨៣០ក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុនដែលមានសុពលភាពបច្ចុប្បន្ន មានតែចំនួន១២៤១ក្រុមហ៊ុនប៉ុណ្ណោះ ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានឱ្យដឹងដែរថា ក្នុងឆមាសទី ១ ឆ្នាំ ២០២០នេះ រូបវន្ដដែលបានមកចុះបញ្ជីមានចំនួន៧៧រូប ក្នុងនោះស្ថាបត្យករមានចំនួន៣៨រូប វិស្វករមានចំនួន៣៩រូប ធៀបនឹងរយៈពេលដូចគ្នាមានចំនួន២៩រូប មានការកើនឡើង៤៨រូប ។
ចាប់តាំងពីឆ្នាំ២០០៩ ដល់ខែមិថុនា ឆ្នាំ២០២០ រូបវន្តបុគ្គលសិក្សាគម្រោងប្លង់មានចំនួន៣៣៤ រូបក្នុងនោះមានស្ថាបត្យករចំនួន១៩៤រូប ក្នុងនោះមានស្ថាបត្យករបរទេសចំនួន ៤ រូប និងវិស្វករចំនួ ១៤១ រូប ក្នុងនោះ វិស្វករបរទេសចំនួន២រូប ប៉ុន្តែរូបវន្តបុគ្គលដែលមានសុពលភាពបច្ចុប្បន្នមានចំនួន២៥៣ រូប៕